Vitamin Sea ពិតជាអស្ចារ្យសម្រាប់ខួរក្បាលរបស់អ្នក…

()
350
ដោយ : Editor

សមុទ្រប្រហែលជាកន្លែងដែលអ្នកប្រាថ្នាចង់ទៅណាស់មែនទេ? អ្នកប្រហែលជាគ្រាន់តែដឹងថា ពេលដែលអ្នកទៅលេងសមុទ្រម្ដងៗ អ្នកអាចទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពសមុទ្រដ៏ខៀវស្រងាត់ ដើរលេងលើខ្សាច់ពណ៌សក្បុស ហើយទាំងអស់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយពីបញ្ហាស្ត្រេសទាំងឡាយ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងពីឥទ្ធិពលរបស់សមុទ្រមកលើខួរក្បាលរបស់អ្នកទេ។

ការស្រាវជ្រាវបានរកឃើញថា ការចំណាយពេលវេលាទៅលេងឆ្នេរសមុទ្រ គឺល្អសម្រាប់សុខុមាលភាពរបស់អ្នក។ បើយោងទៅតាមការវិភាគទិន្នន័យជំរឿនរបស់អង់គ្លេសដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Health Place បានរាយការណ៍ថា «អ្នកដែលរស់នៅតាមឆ្នេរសមុទ្រមានសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រសើរជាងអ្នកដែលមិនរស់នៅតាមឆ្នេរសមុទ្រ»។

នៅក្នុងការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Coastal Zone Management អ្នកចូលរួមដែលរស់នៅក្នុងផ្ទះដែលមានទេសភាពសមុទ្របានរាយការណ៍ថា មានអារម្មណ៍ស្ងប់មិនសូវឆាប់ខឹង និងសុខស្រួលជាងអ្នកដែលមិនមាន។

តើឆ្នេរសមុទ្រជួយឲ្យអារម្មណ៍អ្នកកាន់តែប្រសើរយ៉ាងដូចម្តេច?
បើយោងទៅតាមអ្នកចិត្តវិទូ គឺលោក Richard Shuster បានបកស្រាយថា «ពណ៌ខៀវត្រូវបានចូលចិត្តដោយមនុស្សជាច្រើន ហើយពណ៌នេះបានផ្សាភ្ជាប់ជាមួយនឹងអារម្មណ៍នៃភាពស្ងប់ស្ងាត់ និងសន្តិភាព។ ហើយការសម្លឹងមើលទៅសមុទ្រពិតជាអាចផ្លាស់ប្តូរប្រេកង់នៃរលកខួរក្បាល និងធ្វើឲ្យយើងស្ថិតនៅក្នុងស្ថានភាពសមាធិ (ស្ងប់ស្ងាត់)»។ លើសពីនេះទៅទៀត ក៏មានការសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី American Association for the Advancement of Science បានរកឃើញថាពណ៌ខៀវត្រូវបានផ្សាភ្ជាប់នឹងការបង្កើនភាពច្នៃប្រឌិត។ 

លើសពីនេះទៅទៀត សម្លេងទឹកហូរ និងរលកបក់មកម្ដងៗផ្គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រដែលយើងមើលឃើញ បានទៅភ្ញោច Parasympathetic nervous system ដែលទទួលខុសត្រូវក្នុងការបន្ថយសកម្មភាពរបស់យើង និងធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយ និងធូរស្រាលពីទុក្ខកង្វល់ទាំងឡាយ។ 

ក្លិននៃខ្យល់អាកាលបរិសុទ្ធនៃសមុទ្រក៏បានរួមចំណែកក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ដែរ គឺថាវាមាននូវប្រតិកម្មគីមីនៃអ៊ីយ៉ុងអវិជ្ជមាននៅក្នុងខ្យល់ដែលអ្នកកំពុងដកដង្ហើម។ លោក Shuster បាននិយាយថា អាតូមអុកស៊ីសែនទាំងនេះមានអេឡិចត្រុងបន្ថែម ហើយកើតឡើងនៅកន្លែងដូចជាកន្លែងទឹកធ្លាក់ និងឆ្នេរសមុទ្រ។ 

ជាចុងក្រោយនោះគឺទង្វើដ៏សាមញ្ញមួយដោយគ្រាន់តែប៉ះខ្សាច់អាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ លោក Shuster បាននិយាយថា «អារម្មណ៍នៅពេលដែលយើងជាន់នៅលើខ្សាច់ដែលក្ដៅតិចៗធ្វើឲ្យមានអារម្មណ៍ថាធូរស្រាលជាខ្លាំង។»

ក្រោយពីបានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃឆ្នេរសមុទ្រហើយ តើអ្នកនៅចាំអីទៀត? តោះនាំគ្នាទៅលេងសមុទ្រ និងស្រូបយក Vitamin Sea ទាំងអស់គ្នា!!   

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧