អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្ត ជាសិល្បករ ជាវិស្វករ ជាអ្នកវិទ្យាសាស្រ្ត ក្នុងពេលតែមួយ...

()
924
ដោយ : Clinic Community

ខ្ញុំបាទឈ្មោះ លឹម ប៉ោហ្វុង ជានិស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

មូលហេតុនៃការជ្រើសរើសផ្នែកទន្តសាស្រ្ត
ខ្ញុំចាប់អារម្មណ៍នឹងវិស័យទន្តសាស្រ្តនេះតាំងពីនៅក្មេងមកម្ល៉េះ ព្រោះខ្ញុំគិតថា ក្នុងនាមទន្តពេទ្យមួយរូប គឺខ្ញុំអាចមានសមត្ថភាពក្នុងការជួយឲ្យមានភាពប្រសើរឡើងនៃសុខភាព និងជីវិតនៃប្រជាជន។ មូលហេតុមួយទៀតដែលជំរុញឲ្យខ្ញុំជ្រើសរើសមុខវិជ្ជានេះ ដោយសារតែឳពុករបស់ខ្ញុំក៏ជាទន្តពេទ្យមួយរូបផងដែរ ហើយខ្ញុំក៏តែងតែចាត់ទុកគាត់ជាបុគ្គលគំរូមួយរូប។ ចំណែកឳពុកម្តាយរបស់ខ្ញុំក៏តែងតែរំលឹកប្រាប់ជារឿយៗផងដែរថា ត្រូវតែព្យាបាល និងយកចិត្តទុកដាក់ថែទាំសុខភាពរបស់អ្នកជំងឺណាក៏ដោយឲ្យដូចជាសមាជិកគ្រួសាររបស់ខ្លួនជាមួយនឹងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយអ្វីដែលនឹងទទួលបានវិញ គឺកិត្តិនាមដ៏ល្អ ភាពរីករាយ ឬស្កប់ស្កល់នូវការបំពេញតម្រូវការ និងស្នាមញញឹមរបស់អ្នកជំងឺ។

ចំណាប់អារម្មណ៍ចំពោះវិស័យទន្តសាស្រ្ត
សម្រាប់រូបខ្ញុំផ្ទាល់ គឺមិនដែលគិតថាស្តាយក្រោយចំពោះការជ្រើសរើសមុខវិជ្ជាមួយនេះឡើយ ហើយក៏មិនដែលគិតថាដល់ជម្រើសផ្សេងក្រៅពីនេះឡើយ។ ក្រោយពីបានចូលសិក្សាហើយ ក៏រឹតតែចាប់អារម្មណ៍ចំពោះវាកាន់តែខ្លាំងឡើង គឺវាលើសពីវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ «វិស័យទន្តសាស្រ្ត ជាការរួមបញ្ចូលគ្នានៃសិល្បៈ  វិស្វកម្ម និងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត»។ ជាទន្តពេទ្យមួយរូប គឺអាចជួយដល់អ្នកជំងឺដែលត្រូវការព្យាបាល ជាក់ស្តែង យើងអាចធ្វើការផ្លាស់ប្តូរស្នាមញញឹម និងមុខងានៃការទំពារ ដែលស្មើនឹងជួយឲ្យពួកគាត់មានភាពប្រសើរឡើងទាំងគុណភាពជីវិត និងទំនុកចិត្ត។

វិស័យមួយនេះប្រៀបបានជាសិល្បៈដោយសារតែវាត្រូវការនូវជំនាញធ្វើដោយដៃ ចំណេះដឹង និងការយកចិត្តទុកដាក់លើភាពលម្អិត ដើម្បីធ្វើការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាឧទាហរណ៍ ការប៉ះបិទធ្មេញជាដើម។ 

លក្ខណៈពិសេស
លក្ខណៈពិសេសនៃវិស័យទន្តសាស្រ្ត គឺឱកាសនៃការព្យាបាលអ្នកជំងឺ ស្វែងយល់ពីបញ្ហា និងការត្អូញត្អែរនៃសុខភាពមាត់ធ្មេញរបស់ពួកគាត់ ហើយធ្វើការបំពេញតម្រូវការតាមរយៈជំនាញរបស់យើង។ អ្វីដែលសំខាន់ គឺនៅក្នុងអំឡុងពេលនៃការព្យាបាល យើងមានឱកាសបានស្វែងយល់ពីគ្នាកាន់តែច្រើន ហើយក៏ជាទូទៅរាប់អានគ្នាប្រៀបបាននឹងក្រុមគ្រួសារដែរ។ 

ចំណុចដែលល្អប្រសើរមួយទៀត គឺឱកាសក្នុងការចូលរួមសិក្ខាសាលា និងកម្មវិធីនៅក្រៅប្រទេស ដែលអាចឲ្យយើងសិក្សារៀនសូត្រពីមុខវិជ្ជា និងជំនាញមួយនេះបន្ថែម ក៏ដូចជាពង្រីកនូវបណ្តាញទំនាក់ទំនងជាមួយនឹងសិស្សនិស្សិតអន្តរជាតិ តាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិត និងកម្មវិធីផ្សេងៗដែលត្រូវបានរៀបចំឡើងដោយសមាគមនិស្សិតផងដែរ។

បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។

ភាពលំបាកក្នុងការសិក្សា
ឧបសគ្គជាចម្បងគេសម្រាប់ខ្ញុំ គឺការផ្លាស់ប្តូរប្រព័ន្ធសិក្សាពីប្រទេសក្រៅមកប្រទេសកម្ពុជា(ខ្ញុំបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិនៅប្រទេសកាណាដា) ហើយកម្រិតភាសាខ្មែរនៅពេលនោះ គឺពិតជាទាបខ្លាំងណាស់។ ជាក់ស្តែង កម្មវិធីសិក្សានៅឆ្នាំទី១ គឺជាភាសាខ្មែរ និងបារាំង ដែលពិតជាលំបាកសម្រាប់ខ្ញុំ ប៉ុន្តែដើម្បីជំនះវាបាន ខ្ញុំបានព្យាយាមទន្ទេញ និងយល់នូវមេរៀន ព្រមទាំអនុវត្តដោយការសរសេរច្រើនដងនៅលើក្រដាសរហូតដល់ទាល់តែចាំ។ ក៏សូមអរគុណដល់លោកតាដែលបានបង្រៀននូវភាសាបារាំងដល់ខ្ញុំ ហើយក៏ជាសំណាងដែលភាសានេះមានលក្ខណៈស្រដៀងនឹងភាសាអង់គ្លេស ទើបកម្រិតនៃភាពលំបាកមិនសូវជាខ្ពស់។ ទម្រាំតែបានស៊ាំនឹងកម្មវិធីសិក្សា គឺដល់ឆ្នាំទី៣ដែរ ហើយជាលទ្ធផលនៃការខិតខំប្រឹងប្រែង ខ្ញុំក៏បានជាប់ជានិស្សិតឆ្នើមពីឆ្នាំទី៣ដល់ឆ្នាំទី៥ផងដែរ។

ការសិក្សាផ្នែកទន្តសាស្រ្ត មិនខុសពីមុខវិជ្ជាផ្សេងនោះទេ គឺសុទ្ធតែមានការលំបាកដូចគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ និស្សិតមិនគួរបិទនូវផ្លូវចំណេះដឹងរបស់ខ្លួនត្រឹមតែការសិក្សានៅសាកលវិទ្យាល័យឡើយ គឺត្រូវតែបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនទៅមុខជានិច្ចតាមរយៈការធ្វើការស្រាវជ្រាវ ដើម្បីពង្រីកនូវការយល់ដឹងរបស់ខ្លួន។ នៅពេលឡើងដល់ឆ្នាំបន្តបន្ទាប់ ចំណេះដឹង និងការហ្វឹកហាត់ផ្សេងៗនឹងត្រូវបានប្រើប្រាស់ និងអនុវត្តផ្ទាល់នៅលើអ្នកជំងឺ។ វាប្រៀបបាននឹងវដ្តមួយដែលនឹងបន្តសម្លឹងមើល(អង្កេត) រៀនសូត្រ អនុវត្ត និងពិនិត្យមើលលទ្ធផលនៃការងារ ហើយសិក្សាពីកំហុស ហើយបន្តអនុវត្តជំនាញបន្ថែមទៀត ដែលនេះជាមូលហេតុដែលត្រូវបានគេហៅថា«Dental practitioner» ជាអ្នកដែលរៀន និងអនុវត្តជាបន្តបន្ទាប់។

គន្លឹះនៃការសិក្សា
សម្រាប់គន្លឹះសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំ គឺរៀងរាល់ពេលដែលមានចម្ងល់អ្វីទាក់ទិននឹងមេរៀន ខ្ញុំនឹងព្យាយាមធ្វើការស្វែងរកនូវការពន្យល់បកស្រាយនៅលើប្រព័ន្ធអ៊ីនធឺណែត។ ខ្ញុំតែងតែដាក់កំហិតឲ្យខ្លួនឯង អានយ៉ាងតិចឲ្យបាន១ម៉ោងក្នុងមួយយប់ មិនថាជាសៀវភៅវិទ្យាសាស្រ្ត សៀវភៅមេរៀន ឬសៀវភៅផ្សេងៗទាក់ទិននឹងការគ្រប់គ្រងអាជីវកម្ម ឬភាពជាអ្នកដឹកនាំឡើយ។ យ៉ាងណាមិញ ការសិក្សាជាក្រុមក៏ជាថាមពលមួយជំរុញលទ្ធផលនៃការសិក្សាផ្នែកនេះឲ្យល្អប្រសើរដែរ តាមរយៈការរៀនបន្ថែមពីគ្នាទៅវិញទៅមក។

អ្វីដែលនិស្សិតទន្តសាស្រ្តគួរធ្វើ
-ខំប្រឹងសិក្សា និងមានផ្នត់គំនិត និងអាកប្បកិរិយាបែបវិជ្ជមាន
-កំណត់នូវផែនការ និងថ្ងៃកំណត់សម្រាប់ការស្វ័យសិក្សា ៖ ការកំណត់នូវពេលកំណត់ នឹងជាផ្នែកមួយនៃការជំរុញទឹកចិត្តសិក្សា ព្រោះយើងនឹងគិតថា មិនមានពេលច្រើននៅសល់នោះទេ ហើយជាលទ្ធផលនឹងមិនពន្យារ ឬយកលេសធ្វើការងារផ្សេងនោះដែរ
-មិនគួរប្រញាប់រកប្រាក់ចំណូលពេកនោះទេ ៖ ជាក់ស្តែងណាស់ និស្សិតខ្លះហាក់ដូចជាប្រញាប់បើកដំណើរការគ្លីនិកនៅឆ្នាំទី៤ ឬទី៥ ហើយមិនសូវយកចិត្តទុកដាក់នឹងការសិក្សា។ ក្នុងរយៈពេលនោះ យើងនៅមានកង្វះខាតបទពិសោធន៍ និងការហ្វឹកហាត់នៅឡើយ ហេតុនេះហើយវាជាការល្អ ប្រសិនបើយើងមិនទាន់ចាប់ផ្តើមអនុវត្តលើអ្នកជំងឺ។ ជំនួសឲ្យការបើកគ្លីនិក ប្រហែលជាអាចធ្វើការជំនួយការ ឬចុះកម្មសិក្សានៅគ្លីនិកណាដែលអ្នកស្គាល់ ដើម្បីបានស្វែងយល់ និងទទួលបានបទពិសោធន៍បន្ថែម។ ម្យ៉ាងទៀត ការឆាប់បើកគ្លីនិកអាចនឹងជះផលអវិជ្ជាមានលើលទ្ធផលសិក្សារបស់អ្នកទៀតផង។
-មានផ្នត់គំនិតបែបវិជ្ជមាន ៖ ការគិតបែបនេះ នឹងជួយឲ្យអ្នកបង្កើតទំនាក់ទំនងល្អជាមួយនឹងមិត្តរួមថ្នាក់ ព្រោះវាពិតជាការសំខាន់ដែលត្រូវរៀនពីគ្នា។ ការងារក្នុងវិស័យទន្តសាស្រ្តពិតជាត្រូវការស្មារតីជាក្រុម និងការសហការគ្នា។
-ពង្រឹងជំនាញទន់បន្ថែមពីលើជំនាញរឹងដែលបានសិក្សាពីសាស្រ្តាចារ្យ និងកម្មវិធីផ្សេងៗ
-មិនត្រូវមានភាពក្រអើតក្រទម ៖ ជាពិសេសចំពោះមិត្តរួមថ្នាក់ និងមិត្តរួមវិជ្ជាជីវៈសុខាភិបាល ដូចជាក្នុងវិស័យវេជ្ជសាស្រ្ត ឱសថសាស្រ្តជាដើម ព្រោះថាយើងទាំងអស់គ្នាសុទ្ធតែជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាអ្នកបម្រើសេវាសុខភាពជូនដល់ប្រជាជនយើង។ ថ្វីត្បិតថា យើងមានតួនាទី និងភារកិច្ចខុសគ្នាក៏ដោយ ក៏យើងត្រូវមានការគោរពគ្នាទៅវិញទៅមកដើម្បីជាការរួមចំណែកអភិវឌ្ឍសុខាភិបាលនៅក្នុងប្រទេសយើង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧