ងាយៗ ស្រាយកង្វល់បញ្ហាស្បែកដោយខ្លួនឯង..

()
141
ដោយ : Editor

គ្រប់គ្នាគង់តែចៀសមិនផុតពីការមានបញ្ហាលើស្បែកតាមរូបភាពណាមួយ មិនថាស្រាល ឬក៏ធ្ងន់។  ចំពោះបញ្ហាតូចល្មមខ្លះ មិនគួរជាកង្វល់រាល់ពេលដែលអ្នកជួបម្តងហើយម្តងទៀតនោះទេ ព្រោះការពិត វាជាអ្វីដែលអ្នកក៏អាចជួយខ្លួនឯង និងអ្នកជុំវិញដោយមិនបាច់អ្នកជំនាញបាន។ តែផ្ទុយទៅវិញ អ្នកត្រូវប្រាកដថាវិធីដែលអ្នកប្រើប្រាស់គឺត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនដូច្នេះទេ អ្នកមុខជាត្រូវការអ្នកជំនាញវិញជាមិនខាន។

ការរលាកដោយកម្តៅថ្ងៃ
នៅក្រោមកម្តៅថ្ងៃយូរអាចបង្កឲ្យស្បែកឡើងក្រហម   និងមានភាពក្តៅក្រហាយ ដែលនេះជាអាការៈនៃការរលាកស្បែក។ វាជាការរលាកផ្នែកសើ-ស្បែកដែលវិធីងាយៗខាងក្រោមអាចជួយបាន៖
ការប្រើដុំទឹកកក ឬបន្ទះកន្សែងត្រជាក់ស្អំលើកន្លែងរលាកភា្លមៗ ឬងូតទឹកត្រជាក់ ដើម្បីបន្ថយភាពក្តៅនៅកន្លែងដែលមានការរលាក។ បើសិនអាច អ្នកគួរតែផ្អាកប្រើផលិតផលសម្រាប់សម្អាតខ្លួនមួយរយៈសិន ចៀសវាងការធ្វើឲ្យស្បែកកាន់តែរលាកខ្លាំង
•បន្ទាប់មកប្រើប្រាស់ឡេដែលមានសារជាតិប្រទាលកន្ទុយក្រពើ  ដោយសារវាមានជាតិ លីដូកាអ៊ីនដែលអាចជួយបំបាត់ការឈឺចាប់  ឬប្រើវីតាមីនE ក្រោមទម្រង់ជាប្រេងក៏បាន ដោយសារវាមានសារជាតិប្រឆាំងអុកស៊ីតកម្មដ៏ពូកែសម្រាប់ជួយបន្ថយអាការៈហើម និងឈឺចាប់។
•ប្រសិនបើមិនមានរូបមន្តខាងលើ អ្នកអាចប្រើចំនិតស្តើងៗនៃត្រសក់ ឬដំឡូងបារាំងបិតលើកន្លែងដែលរលាកក៏បាន

ការរលាកផ្សេងៗ
អាចជាការរលាកដោយទឹកក្តៅ  ឬភ្លើងជាដើម ដែលវាមានអាការៈធ្ងន់ធ្ងរជាងការរលាកដោយកម្តៅថ្ងៃ។ បើមានរលាកបែបនេះគួរតែដោះសម្លៀកបំពាក់ និងគ្រឿងអលង្ការនានាចេញដើម្បីងាយព្យាបាល។ ការកាត់បន្ថយអាការៈនេះអាចធ្វើឡើងដោយ៖
•ប្រើទឹករ៉ូប៊ីណេបាញ់លើកន្លែងរលាកឲ្យបានយូរ តែបើមិនមានទេ អ្នកអាចប្រើទឹកដោះគោ ឬទឹកតែក៏បាន
•បន្ទាប់មកលាងសម្អាតកន្លែងដែលរលាកជាមួយទឹកស្អាត និងលាបពពួកជែលដែលអាចផ្តល់ភាពត្រជាក់ និងបំបាត់ការឈឺចាប់នៅត្រង់កន្លែងនោះ ករណីមិនមានរបួសចេញឈាម
•បើកន្លែងរលាកឡើងពង  គួរយកម្ជុលសម្លាប់មេរោគស្អាតដើម្បីចាក់យកទឹកចេញ
•ករណីមានការរលាត់ស្បែក ត្រូវប្រើផលិតផលសម្លាប់មេរោគ និងប្រើបង់រុំការពារមេរោគ។

របួសតូចៗ
ជាការមុតដោយកាំបិត ឬមុតលើស្បែកមានលក្ខណៈស្រាល។ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺ៖
•ដំបូង អ្នកត្រូវលាងដៃឲ្យបានស្អាត រួចលាងមុខរបួសដោយទឹកស្អាត និងសាប៊ូ (អ្នកមិនចាំបាច់ប្រើទឹកសម្លាប់មេរោគទេប្រសិនវាមិនមែនជាមុខរបួសធំ)
•ត្រូវឃាត់ឈាមដោយប្រើកំណាត់ស្អាត   ឬកំប្រេស(គួរប្រើប្រភេទសំណាញ់ដែលមិនស្អិតជាប់របួស)សង្កត់លើមុខរបួស (អាចប្រើកំណាត់២ ឬ៣ស្រទាប់ប្រសិនបើហូរឈាមច្រើន)
•រួចប្រើបង់ការពារការឆ្លងមេរោគ   ជាពិសេសត្រង់កន្លែងដែលងាយកកិតដោយសម្លៀកបំពាក់ ឬត្រូវទឹក
•ប្តូរបង់បិទជារៀងរាល់ថ្ងៃ ឬ២ដងក្នុងមួយថ្ងៃ។
•អ្នកអាចប្រើក្រែមសម្លាប់មេរោគ (ថ្នាំផ្សះ) លាបត្រង់មុខរបួស មុនពេលប្រើរុំកំប្រេស ឬបិតបង់រុំ ដើម្បីការពារការឆ្លងរោគ និងរក្សាសំណើមនៅត្រង់នោះផងដែរ។

សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗ
ពេលមានកន្ទួលរមាស់ផ្សេងៗ ត្រូវចៀសវាងការអេះដែលធ្វើឲ្យរបកស្បែក ឬបង្កជាដំបៅផ្សេងៗ។ អ្វីដែលអ្នកគួរធ្វើគឺបំបាត់ការរមាស់តាមរយៈ៖
•ប្រើស្លឹកជីអង្កាមបុកបិតលើកន្លែងដែលរមាស់
•ប្រើឡេ ក្រែម ឬស្រៃ្ពយន៍បាញ់ដែលមានជាតិម៉ង់តុល(Menthol) ឬក្រូតាមីតុន (Crotamiton) ដើម្បីឲ្យស្បែកត្រជាក់ និងបំបាត់រមាស់
•អាចប្រើឱសថប្រភេទAntihistamine ដើម្បីបំបាត់រមាស់ដែលបណ្តាលមកពីការអាល្លែកហ្ស៊ីផ្សេងៗ។

ដូចដែលបានបញ្ជាក់ពីខាងលើ   ថ្វីត្បិតបញ្ហាទាំងនេះជាការប៉ះពាល់លើស្បែកកម្រិតស្រាល ប៉ុន្តែអ្នកគប្បីចេះពីរបៀបដោះស្រាយដ៏ងាយៗនេះ ព្រោះអ្នកគង់នឹងប្រើប្រាស់វានៅពេលណាមួយ ដើម្បីជាជំនួយសម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់មនុស្សគ្រប់គ្នាផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧