(ភាគ១) ហេតុផលនៃការជ្រើសរើសឯកទេសផ្សេងៗពីនិស្សិតសុខាភិបាល...

()
2929
ដោយ : Clinic Community

(ឯកទេសមហារីក ) ទូច ខាន់ណារ៉ា
គ្រួពេទ្យជាអាជីពមួយដែលទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន តែសម្រាប់ខ្ញុំ ខ្ញុំចង់ចេះចង់ដឹងបន្តិចបន្តួចពីមុខវិទ្យាវេជ្ជសាស្ត្រ ក្នុងបំណងជួយព្យាបាលសាច់ញាតិតែប៉ុណ្ណោះ និងមនុស្សផងទាំងឡាយរួមទាំងមានឱកាសទទួលបានអាហារូបករណ៍របស់ក្រសួង ខ្ញុំក៏សម្រេចបន្តរៀនមុខវិជ្ជានេះ។ ប៉ុន្តែមហិច្ឆតាខណៈពេលកំពុងរៀន ណាមួយខ្ញុំចូលចិត្តរបកគំហើញថ្មីៗ ព្រមទាំងយល់ឃើញពីកង្វះខាតគ្រួពេទ្យខាងផ្នែកមហារីកនេះផង និងចង់ចូលរួមក្នុងការអភិវឌ្ឍខាងវិស័យមហារីក ស្របពេលដែលអត្រាអ្នកជំងឺកាន់តែកើនឡើង….

(ឯកទេសចក្ខុរោគ) ហួន សំអាត 
ដោយសារតែការសម្លឹងមើលឃើញថា ចំនួនគ្រូពេទ្យផ្នែកចក្ខុរោគនៅប្រទេសកម្ពុជាយើងហាក់ដូចជានៅមានតិចតួចនៅឡើយ ជាក់ស្តែង គឺចំនួនប្រជាជនមានច្រើន ស្របពេលដែលចំនួនគ្រូពេទ្យបែរជាមានតិច។ អ្វីដែលរឹតតែពិសេសនោះ គឺលោកមានការយល់ឃើញថាការធ្វើជាគ្រូពេទ្យផ្នែកចក្ខុរោគនេះអាចជួយឲ្យអ្នកជំងឺដែលមើលមិនឃើញ(ឡើងបាយភ្នែក) ហើយអស់សង្ឃឹម អាចមើលឃើញឡើងវិញ…

(ឯកទេសសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក) ឡោ សូយទ្រី
សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចជ្រើសរើសយកមុខជំនាញមួយនេះដើម្បីបន្តការសិក្សាក្នុងកម្រិតក្រោយឧត្តមសិក្សានេះ គឺបណ្តាលមកពីការសម្លឹងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់កំពុងតែមានការប្រឈមខ្លាំងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលត្រូវបានគេគ្រប់គ្នាហៅថា «ឃាតករលេខមួយ» ប្រចាំប្រទេស។ ប៉ុន្តែចំនួនគ្រូពេទ្យជំនាញផ្នែកនេះមិនថានៅទីរួមខេត្តនោះទេ សូម្បីតែនៅរាជធានីភ្នំពេញផ្ទាល់ ក៏ហាក់ដូចជាមិនសូវមានច្រើននៅឡើយទេ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមថាការចូលសិក្សាផ្នែកមួយនេះ នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងគ្រូពេទ្យជំនាញដទៃទៀត។

(ឯកទេសបេះដូង​) វ៉េង រតនា​ 
មូលហេតុក្នុងការជ្រើសរើសយកអាជីពជាគ្រូពេទ្យ និស្សិតវ័យក្មេងមួយរូបនេះបាននិយាយថាការសង្គ្រោះជីវិត និងយកអាសាអ្នកដទៃជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្លួន។ ដូចគ្នានោះដែរ ដោយគិតពីអនាគតគ្រួសារនិងសង្គមផងដែរលោកក៏សម្រេចចិត្តបន្តថ្នាក់ឯកទេសបេះដូងនេះព្រោះតែនៅប្រទេសកម្ពុជាយើងមានគ្រូពេទ្យឯកទេសបេះដូង និងមានកន្លែងសម្រាប់ថែទាំព្យាបាលជំងឺនេះហើយប៉ុន្តែប្រជាជនខ្មែរយើងមិនបានយល់ដឹងពីបញ្ហាជំងឺបេះដូងច្រើននៅឡើយ និងមិនបាន​ដឹងពីសមត្ថភាពគ្រូពេទ្យក្នុងប្រទេសយើងអាចធ្វើបានដូចពេទ្យនៃប្រទេសជិតខាងដែរ …

(ឯកទេសរោគស្រ្តី) វ៉ាន់ សិរីវឌ្ឍនា 
ការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះមិនមែនជារឿងចៃដន្យ ឬជាការចង់បានតាមមិត្តភក្ដិឡើយ។ កត្តាសំខាន់ពីរយ៉ាងដែលជំរុញឲ្យចាប់ យកជំនាញមួយនេះគឺ ទី១ ដោយសារតែការស្រលាញ់របស់ខ្លួន និងទី២ គឺជាការជំរុញពីក្រុមគ្រួសារ។ ដោយឡែក ដោយសារតែសង្កេតឃើញថា ខ្លួនឯងផ្ទាល់តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះរាល់មេរៀនដែលទាក់ទងនឹងជំនាញនេះខ្លាំងដូចជា ការអានមេរៀនទុកមុនជានិច្ច ការតាមដាន ក៏ដូចជាភាពសកម្មនៅរាល់​ពេលម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជា​សាស្រ្ដាចារ្យនៅក្នុងថ្នាក់ និងការសាកសួរនូវរាល់ ចម្ងល់ក្រោយពេលបញ្ចប់ការបង្រៀន ជាពិសេសរាល់ពេលទំនេរ សកម្មភាពដែលមិនសូវខកខានគឺ ការស្វះស្វែងរកសៀវភៅ និងឯកសារ អានបន្ថែមក្នុងបណ្ណាល័យឬតាមរយៈអ៊ីនធឺណែត ដើម្បីបំពេញការយល់ដឹងបន្ថែមទាក់ទងនឹងជំនាញដដែលនេះហើយ ទើបមុខជំនាញនេះ ត្រូវបានជ្រើសរើសជាជំនាញនៅថ្ងៃអនាគត។

(ឯកទេសជំងឺលើស្បែក និងកាមរោគ) ប៊ន បូរិ 
ព្រោះខ្ញុំគិតថាជំងឺលើស្បែកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈស្មុគស្មាញក្នុងការធ្វើរោគវិនិច្ឆ័យ និងក្នុងការព្យាបាល ព្រោះជំងឺខ្លះស្តែងចេញជារោគសញ្ញាសើស្បែកស្រដៀងគ្នា ឯជំងឺសើស្បែកខ្លះ ទៀតកើតឡើងដោយសារជំងឺនៃសរីរាង្គដទៃ ដូច្នេះវាទាមទារ ឲ្យប្រទេសយើងត្រូវការក្រុមគ្រូពេទ្យឯកទេសជំងឺសើស្បែកនេះ ដើម្បីផ្តល់សេវាព្យាបាលក៏ដូចជាការថែទាំ និងការអប់រំដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីចូលរួមកាត់បន្ថយការចំណាយប្រាក់កាស របស់ពួកគាត់ក្នុងការស្វែងរកសេវាព្យាបាលនៅខាងក្រៅប្រទេស។

ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តចង់ក្លាយជាសមាជិកនៃក្រុមគ្រូពេទ្យឯកទេសសើស្បែកនេះ ព្រោះវាជាមុខជំនាញ ដែលខ្ញុំស្រលាញ់ចូលចិត្ត ក៏ដូចជាផ្តល់ឱកាសសម្រាប់ខ្ញុំក្នុងការបម្រើដល់សង្គមរបស់យើងផ្ទាល់តែម្តង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧