និស្សិតMasterនៅMahidol ផ្តាំថា«និស្សិតពេទ្យមិនអាចខ្វះគោលដៅ ភាពអត់ធ្មត់ និងការតាំងចិត្ត ឡើយ»

()
6033
ដោយ : Clinic Community

ខ្ញុំបាទឈ្មោះ សំ សុវត្ថឌី បច្ចុប្បន្នជានិស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់-ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ ដែលបានចូលរៀនផ្នែកទន្តសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅភ្នំពេញ នៅឆ្នាំ ២០០៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅខេត្តសៀមរាប។ 

ការជ្រើសរើសយកមុខវិជ្ជាទន្តសាស្ត្រ ក៏ព្រោះតែវាជាចំណង់ចំនូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាសំណាងល្អ ដែលខ្ញុំបានទទួលអាហារូបករណ៍សម្រាប់ថ្នាក់ទន្តសាស្រ្ត  ហើយក៏តែងតែមានលោកប៉ា អ្នកម៉ាក់ ដែលគាត់តែងតែជួយជ្រោមជ្រែង និងជំរុញទឹកចិត្តក្នុងការរៀនជំនាញនេះ។ 

បន្ទាប់ពីប្រលងជាប់ដោយជោគជ័យ ខ្ញុំមានអារម្មណ៍ស្រលាញ់ជំនាញនេះកាន់តែខ្លាំង ហើយខ្ញុំក៏មិនដែលមានអារម្មណ៍ថាស្តាយក្រោយក្នុងការជ្រើសរើសមុខវិជ្ជាទន្តពេទ្យនេះដែរ ព្រោះវាជាអ្វីដែលខ្ញុំស្រលាញ់ ពេញចិត្ត និងចង់រៀនដោយស្ម័គ្រចិត្ត។ បើទោះជាអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយម្តងទៀត ខ្ញុំនៅតែជ្រើសរើសនៅជំនាញមួយនេះ ពីព្រោះខ្ញុំនៅតែចង់ចូលរួមអភិវឌ្ឍជំនាញនេះឲ្យកាន់តែជឿនលឿន និងផ្តល់សុវត្ថិភាព និងគុណភាពជូនប្រជាជន ទាំងបច្នុប្បន្នវិស័យទន្តសាស្ត្រនេះនៅមានកម្រិតនៅឡើយ។

ការសិក្សានៅក្នុងវិស័យវេជ្ជសាស្រ្ត មិនថាជំនាញណាមួយទេ គឺសុទ្ធតែមានផលលំបាករៀងខ្លួន  ហើយអ្វីដែលជាឧបសគ្គនោះ គឺយើងត្រូវចំណាយពេលវេលាក្នុងការអាន ការសិក្សាស្រាវជ្រាវ និងការចុះអនុវត្តផ្ទាល់ ប៉ុន្តែយើងអាចជំនះវាបានដោយការចេះរៀបចំពេលវេលា ការបែងចែកនៅមុខវិជ្ជាណាដែលសំខាន់ និងមុខវិជ្ជាបន្ទាប់បន្សំ។

ឃា្លមួយដែលគេតែងតែនិយាយថា «រៀនពេទ្យមិនស្រួលនោះទេ» វាជាអ្វីដែលខ្ញុំបានលឺទាំងពីខ្ញុំមិនទាន់ស្គាល់អ្វីដែលហៅថាវិស័យទន្តសាស្រ្តម្ល៉េះ…ប៉ុន្តែតើមានមុខវិជ្ជាណាដែររៀនទៅងាយស្រួល ហើយមិនជួបឧបសគ្គនោះ? សំខាន់ គឺចិត្តស្រលាញ់ ការតាំងចិត្ត ត្រូវយកក្តីស្រមៃ និងគោលដៅមកដាក់ក្នុងការសិក្សា ដូចនេះគ្មានពាក្យថាលំបាកទៀតទេ។

ខ្ញុំក៏សូមផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា «ក្នុងនាមជានិស្សិតពេទ្យ មិនថាស្ថិតនៅក្នុងជំនាញណាមួយគួរគប្បីមានការតាំងចិត្ត ព្យាយាមស្វែងយល់ និងសិក្សាឲ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីជាទុនក្នុងការអភិវឌ្ឍនូវវិស័យសុខាភិបាលឲ្យកាន់តែរីកចម្រើន ហើយមិនគួរគប្បីចំណាយពេលវេលាផ្តេសផ្តាសទៅធ្វើអ្វីដែលមិនគួរគប្បី ។ ម្យ៉ាងវិញទៀត ត្រូវចងចាំថាការចំណាយពេលវេលាឲ្យបានត្រឹមត្រូវ គឺជាចំណុចសំខាន់ក្នុងការធ្វើឲ្យការសិក្សាវិស័យសុខាភិបាលទទួលបាននូវជោគជ័យ»។

ជាសារខ្លីៗទៅកាន់ប្អូនៗដែលមានបំណងចង់ជ្រើសរើសចូលរៀនក្នុងវិស័យសុខាភិបាល គឺ«ត្រូវមាន៣ យ៉ាង រួមមានការកំណត់នូវគោលដៅឲ្យបានច្បាស់ ភាពអត់ធ្មត់ និងការតាំងចិត្តខ្ពស់ក្នុងការលះបង់នូវពេលវេលា និងថវិកា»។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧