ស្វែងយល់ពីឱសថបញ្ចុះខ្លាញ់ទាំង7

(8)
1082
ដោយ : Editor

នៅពេលអ្នកមានកម្រិតជាតិកូលេស្តេរ៉ុល ខ្ពស់ រឿងដំបូងដែលគ្រូពេទ្យនឹងណែនាំអ្នកឲ្យធ្វើគឺ ការគ្រប់គ្រងរបបអាហារ និងលំហាត់ប្រាណ។ ប្រសិនបើវាមិនមានការថយចុះនូវកម្រិតជាតិកូលេស្តេរ៉ុល អាក្រក់ដល់រាងកាយ (LDL) គ្រប់គ្រាន់ គ្រូពេទ្យនឹងស្នើឲ្យអ្នកញ៉ាំថ្នាំបន្ថែមទៀត។ បច្ចុប្បន្នឱសថបញ្ចុះខ្លាញ់ត្រូវបានបែងចែកជាប្រភេទខុសៗគ្នាជាច្រើនដោយផ្អែកលើសកម្មភាពដោយឡែកៗរបស់វា ដូចខាងក្រោម៖

ឱសថរារាំងការបញ្ចេញអង់ស៊ីម    HMG   CoA reductase ឬ STATINS 
Statin រារាំងការសំយោគកូលេស្តេរ៉ុល ដោយផ្អាកការបញ្ចេញអង់ស៊ីម HMG CoA reductase រំខានដល់ការបំលែងពី HMG CoAទៅជា Mevalonate ដែលជាដំណាក់កាលចាំបាច់ក្នុងការសំយោគកូលេស្តេរ៉ុល ដូច្នេះហើយទើប Mevalonate មិនអាចសំយោគជាកូលេស្តេរ៉ុលបាន។ ជាទូទៅ Statins មានប្រសិទ្ធភាពបន្ថយបរិមាណ LDL ដែលជាកូលេស្តេរ៉ុលមិនល្អ រួមទាំងជួយបន្ថយកម្រិតទ្រីគ្លីសេរីត (Triglycerides) និងបង្កើន HDL ដែលជាកូលេស្តេរ៉ុលល្អក្នុងឈាម។ សារធាតុសកម្មនៃឱសថស្ថិតក្នុងក្រុម Statins រួមមាន Atorvastatin, Fluvastatin, Lovastatin, Pitavastatin, Pravastatin, Rosuvastatin, Simvastatin។ គួរបញ្ជាក់ថា ការប្រើប្រាស់ Statins អាចមានផលរំខានដូចជា បញ្ហាសាច់ដុំ ទល់លាមក ចង្អោរ រាក ឈឺពោះ រមួលក្រពើ និងឈឺសាច់ដុំជាដើម។

FIBRATES
ដេរីវេរបស់អាស៊ីត Fibric (Fibrates) ជាក្រុមថ្នាំដែលបន្ថយកម្រិតទ្រីគ្លីសេរីត (Triglyceride)ដោយកាត់បន្ថយការផលិត VLDL (Triglyceride ដែលទៅស្តុកក្នុងឈាម) និងបង្កើនល្បឿនក្នុង
ការដក Triglyceride ពីក្នុងឈាម។ Fibrates ក៏មានឥទ្ធិពលដល់ការបង្កើនកម្រិតHDL នៅក្នុងឈាម ប៉ុន្តែវាមិនមានសមត្ថភាពក្នុងការកាត់បន្ថយកម្រិត LDL ឡើយ។ សារធាតុសកម្មរបស់
Frbrates មានដូចជា Fenofibrate, Gemfibrozil Clofibrate ហើយអាចផ្តល់ផលរំខានជាទូទៅ ដូចជា ចង្អោរ ឈឺក្រពះ និងរាកក្នុងអំឡុងពេលប្រើប្រាស់។

RESINS
Resins ត្រូវបានដឹងថាជា bile acid sequestrant ឬ bile acid-binding drugs ប្រភេទថ្នាំបន្ថយ LDL នៅក្នុងពោះវៀន ដោយបង្កើនការបញ្ចេញកូលេស្តេរ៉ុល។ ជាការពិត ថ្លើមមានតួនាទីផលិត
ទឹកប្រមាត់ពីកូលេស្តេរ៉ុលសម្រាប់រំលាយអាហារក្នុងពេលប្រើប្រាស់ពពួក Resins វាបានទៅភ្ជាប់
ជាមួយនឹងទឹកប្រមាត់ ធ្វើឲ្យទឹកប្រមាត់មិនអាចរំលាយអាហារបាន។ សកម្មភាពនេះ ភ្ញោចឲ្យថ្លើម
បង្កើតទឹកប្រមាត់បន្ថែមទៀត។ ទឹកប្រមាត់ដែលថ្លើមរបស់អ្នកផលិតច្រើនប៉ុណ្ណា កូលេស្តេរ៉ុល
ក៏ត្រូវបានប្រើច្រើនប៉ុណ្ណោះ។ មានន័យថា កូលេស្តេរ៉ុលតិចណាស់ដែលនៅសល់ចូលក្នុងចរន្ត
ឈាមរបស់អ្នក។ សារធាតុសកម្មនៃ Resins ដែលគេតែងជួបប្រទះនៅលើទីផ្សារមានដូចជា Cholestyramine, Colestipol, Colesevelam Hcl រួមនឹងអាចផ្តល់ផលរំខានមួយចំនួនដូចជា ទល់លាមក ហើមពោះ ចង្អោរ និងមានខ្យល់ក្នុងពោះ។

NIACIN (វីតាមីន-B3)
វីតាមីន B3 ដែលត្រូវបានគេស្គាល់ថាជាអាស៊ីត Nicotinic មាននៅក្នុងចំណីអាហារ ប៉ុន្តែវាមាន
កម្រិតខ្ពស់ត្រូវបានរកឃើញក្នុងវេជ្ជបញ្ជាមួយចំនួន ក្នុងគោលបំណងបន្ថយកម្រិត LDL និង
បង្កើន HDL កូលេស្តេរ៉ុល។ វីតាមីន B3 រារាំង
ការបញ្ចេញអាស៊ីតខ្លាញ់សេរីពីជាលិកាខ្លាញ់ ដែលជាលទ្ធផលវាបន្ថយអត្រានៃការបញ្ចេញ VLDL។
សារធាតុសកម្មរបស់ Niacin លើទីផ្សាររួមមាន Niaspan, Nicoar ដែលការប្រើឱសថប្រភេទ
នេះ អាចមានផលរំខានដូចជា រមាស់លើស្បែក ឈឺក្បាល ឈឺក្រពះ និងក្អួតចង្អោរជាដើម។

ឱសថរារាំងការស្រូបកូលេស្តេរ៉ុល (CHOLESTEROL ABSORPTION INHIBITOR)
ថ្នាំនេះមានសកម្មភាពបញ្ឃប់ការស្រូបរបស់កូលេស្តេរ៉ុល ពីពោះវៀនតូច ទៅចរន្តឈាម។  វាការពារ
ផងដែរ នូវកូលេស្តេរ៉ុលដែលត្រូវបានបញ្ចេញពីបំពង់ទឹកប្រមាត់ទៅក្នុងពោះវៀន និងការស្រូប
ត្រឡប់មកវិញនៅក្នុងចរន្តឈាម។ លទ្ធផលជារួម គឺបន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម។ Ezetimibe ជាសារធាតុសកម្មតែមួយគត់នៅក្នុងក្រុមឱសថរារាំងការស្រូបកូលេស្តេរ៉ុល ដែលការ
ប្រើប្រាស់វាអាចមានផលរំខានមួយចំនួនដូចជា ឈឺពោះ ឈឺខ្នង អស់កម្លាំង និងរាក ។

Omega-3 Fatty Acid Ethyl Esters 
Omega-3 Fatty Acid Ethyl Esters បានដេរីវេ ចេញពីខ្លាញ់ត្រី ជួយបន្ថយកម្រិតជាតិទ្រីគ្លីសេរីត (Triglyceride) ពីក្នុងឈាម ដែលបានណែនាំសម្រាប់អ្នកជំងឺដែលមានការកើនឡើងនូវទ្រីគ្លីសេរីតកម្រិតខ្ពស់ ញ៉ាំជារបបអាហារប្រចាំថ្ងៃ។ អាស៊ីតខ្លាញ់អូមេហ្គា៣ អាចមានផលរំខានច្រើន
ហើយក៏ងាយនឹងមានប្រតិកម្មជាមួយនឹងថ្នាំផ្សេងទៀត ពិសេសអាចធ្វើឲ្យពិបាករំលាយអាហារ។

ឱសថរារាំង PCSK9i (PCSK9 Inhibitors)
PCSK9 Inhibitors គឺជាក្រុមថ្មីនៃប្រភេទឱសថចាក់ដែលត្រូវបានបង្ហាញថាមានលទ្ធភាពបន្ថយLDLបានខ្ពស់បំផុត រហូតដល់៦០% នៅពេលប្រើវាជាមួយនឹងពពួកStatin។ PCSK9i គឺជា
អង់ទីក័រម៉ូណូក្លូណាល់ (monoclonal Antibodies) ដែលស្ថិតក្នុងប្រភេទឱសថជីវសាស្ត្រ។ពួកវាដំណើរការដោយការភ្ជាប់ និងបង្អាក់សកម្មភាពប្រូតេអុីនក្នុងថ្លើមដែលមានឈ្មោះថា“Proprotein convertase subtilisin kexin 9 (PCSK9)”។ បន្ទាប់មកវាធ្វើឲ្យប្រូតេអុីន PCSK9(Proprotein Convertase Sublitisin Kexin 9) ក្នុងថ្លើមអសកម្ម ដែលជាហេតុឲ្យរេស៊ិបទ័រផ្សេងទៀត
នឹងអាចចាប់យក LDL សម្រាប់ធ្វើមេតាបូលីស និងបញ្ចេញពីក្នុងឈាម។ PCSK9iប្រើជាធម្មតាចំពោះ
ក្មេងដែលមានលក្ខខណ្ឌសេនេទិក ហៅថា Heterozygous familial hypercholesterolemiaដែលធ្វើឲ្យពួកគេពិបាកក្នុងការបន្ថយកម្រិតកូលេស្តេរ៉ុល ឬសម្រាប់អ្នកជំងឺដែលមានជំងឺបេះដូងស្រាប់។ សារធាតុសកម្មរបស់ឱសថនេះនៅលើទីផ្សារគឺ Alirocumab, Evolocumab ។សូមបញ្ជាក់ថា ក្រោយការចាក់ឱសថប្រភេទនេះចូលក្នុងរាងកាយ លោកអ្នកអាចជួបនឹងផលរំខាន
នានាជារួម មានរមាស់ ហើម ឈឺនៅត្រង់កន្លែងចាក់ រួមជាមួយនឹងឈឺខ្នង ប្រតិកម្មលើ
ស្បែក និងផ្តាសាយជាដើម។

ប្រភេទឱសថខាងលើសុទ្ធតែអាចជាជម្រើសដ៏ល្អសម្រាប់ការបញ្ចុះជាតិខ្លាញ់ ប៉ុន្តែ  រាល់ការប្រើប្រាស់របស់វា ចាំបាច់ត្រូវមានការប្រឹក្សាជាមួយវេជ្ជ-បណ្ឌិតជំនាញជាមុនសិន…


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧