ក្រិនថ្លើម...ទាល់តែដំណាក់កាលចុងក្រោយទើបស្តែងចេញរោគសញ្ញា

ថ្លើមគឺ ជាសរីរាង្គពិសេសមួយ ដែលមានតួនាទី៧យ៉ាងសំខាន់ៗ ដូចជា៖

•កម្ចាត់ជាតិពុលដែលមាននៅក្នុងខ្លួន បានពីចំណីអាហារ និងឱសថបុរាណ-សម័យមួយចំនួន
•ធ្វើមេតាបូលីសបំលែង អាហារទៅជាថាមពល
•ការបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយឲ្យខ្លាំង ប្រឆាំងនឹងមេរោគដែលឆ្លងតាមឈាម
•ផលិតសារធាតុបានពីអាហារហើយបំលែងយកមកប្រើប្រាស់ក្នុងឈាម
•បង្គ្រប់តម្រូវការភ្លាមៗក្នុងរយៈពេលខ្លី ពីការស្តុកទុកនូវវីតាមីន ជាតិរ៉ែ និងស្ករ 
•ផលិតប្រូតេអុីនសម្រាប់រាងកាយត្រូវការ
•ផលិតទឹកប្រមាត់ និងសមាសធាតុផ្សេងទៀតដែលចូលរួមរំលាយជាតិខ្លាញ់ អាហារ និងស្រូបវីតាមីនវិញ។

តើជំងឺក្រិនថ្លើមមានអត្ថន័យដូចម្តេច?
ស្វែងយល់ ជាមួយគ្រូពេទ្យជំនាញខាងក្រោម៖

តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺក្រិនថ្លើម ជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ ដែលអាចសម្គាល់បានដោយភាពមិន ប្រក្រតីនៃរចនាសម្ព័ន្ធកោសិកាថ្លើម និងមុខងាររបស់វា។ មានន័យម៉្យាងទៀត គឺជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ក្រោយពីស្ងួត មានស្លាកស្នាម និងមិនអាចត្រឡប់ទៅរកសភាពដើមវិញបាន។ គួរបញ្ជាក់ថា អត្រាស្លាប់ដោយសារជំងឺក្រិនថ្លើម នៅឆ្នាំ២០១៥ គឺប្រហែល១,៣លាននាក់ (២%) នៃអ្នកស្លាប់ទូទាំងពិភពលោក ទិន្នន័យនេះវាប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៦ដែរ។

តើជំងឺក្រិនថ្លើមមានមូលហេតុអ្វីខ្លះ?
ជំងឺក្រិនថ្លើមមានមូលហេតុដូចតទៅ៖

•ការប្រើប្រាស់សារធាតុគីមី ការទទួលទានសុរានិងប្រភេទឱសថបុរាណ-សម័យច្រើន ក្នុងរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់មុខងារនិងកោសិការបស់ថ្លើម។
•អ្នកជំងឺរលាកថ្លើមប្រភេទ B និងC (យោងតាមEASL 2016 បានបង្ហាញពីអត្រានៃអ្នកជំងឺរលាក ថ្លើមប្រភេទ Bមានប្រមាណ៣៥០លាននាក់ និងC
ប្រមាណពី១៣០ទៅ១៥០លាននាក់ ដែលវិវឌ្ឍទៅជាក្រិនថ្លើម)។
•ថ្លើមត្រូវបានពុលដោយសារការកើនឡើងនូវជាតិដែកច្រើន។
•អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយប្រឆាំងនឹងខ្លួនឯង (Autoimmune disease) ដែលវាទៅបំផ្លាញសាច់ថ្លើម។
•អ្នកដែលខ្សោយកម្លាំង បាត់បង់ចំណង់ អាហារ។
•អ្នកធាត់ដែលអាចបង្កឲ្យមានខ្លាញ់រុំថ្លើម ហើយឲ្យក្រិនក្នុងកម្រិតប្រមាណ៣០%។
•កត្តាជំរុញផ្សេងទៀត មានដូចជា  លើសគីឡូអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសជាតិខ្លាញ់ជាដើម។

សញ្ញាណាខ្លះដែលបញ្ជាក់ថាគាត់កំពុងប្រឈមជាមួយជំងឺក្រិនថ្លើម?

ជាទូទៅអ្នកជំងឺក្រិនថ្លើមក្នុងដំណាក់កាលដំបូង ពុំមានស្តែងជាសញ្ញាណាមួយច្បាស់លាស់ទេ នៅពេលមានរោគសញ្ញា គឺជាដំណាក់កាលចុងក្រោយនៃជំងឺក្រិនថ្លើមដែលមានផលវិបាកទៅហើយ។ សញ្ញាទាំងនោះរួមមាន សញ្ញាលើស្បែក ដូចជា លឿង រមាស់ ស្ងួត និងជាំ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ ឬសន្លឹម អាចរហូតដល់សន្លប់ រូបរាងកាយស្គមស្គាំង ទម្រង់មុខចេញឆ្អឹង ដៃជើងស្វិតសាច់ដុំ ពោះធំ ផ្ចិតប៉ោង ទឹកនោមតិច និងហើមជើង។

ជំងឺក្រិនថ្លើមអាចធ្វើរោគវិនិច្ឆ័យដោយរបៀបណា?

ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើម អាចធ្វើឡើងតាម​រយៈការសាកសួរពីប្រវត្តិអ្នកជំងឺ ការពិនិត្យរាងកាយ រោគសញ្ញានានា ការពិនិត្យឈាម និងធ្វើការបញ្ជាក់បន្ថែមដោយ ច្រិបសាច់ថ្លើម​យកទៅពិនិត្យនិងវិភាគ។

 តើជំងឺក្រិនថ្លើមត្រូវព្យាបាលដោយវិធីសាស្ត្របែបណាខ្លះ?

ជាទូទៅអ្នកជំងឺក្រិនថ្លើមត្រូវបានព្យាបាល ក្នុង-គោលបំណងការពារទប់ស្កាត់កុំឲ្យខូចខាតសាច់ថ្លើមបន្ថែមទៀត ព្យាបាលនូវផលវិបាកនានា ដែលនឹងកើតមានឡើង និងបង្ការកុំឲ្យវិវឌ្ឍទៅរកមហារីកលឿន។ ម៉្យាងទៀត អ្នកជំងឺអាចនឹងត្រូវ ព្យាបាលដោយវះកាត់ប្តូរថ្លើមតែម្តង ដែលនេះជាជម្រើសចុងក្រោយ។

អ្វីខ្លះជាផលវិបាកនៃអ្នកជំងឺក្រិនថ្លើម?
ជំងឺក្រិនថ្លើម ករណីមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ ការវិវឌ្ឍនៃជំងឺនេះនឹងឈានទៅដល់ផលវិបាកជាច្រើន រួមមាន៖

•ហើមជើង
•ទាចទឹក (ទឹកដក់ក្នុងស្រោមពោះ)
•ការឆ្លងបាក់តេរីទៅក្នុងស្រោមពោះ (បណ្តាលឲ្យរលាកស្រោមពោះ ការហូរឈាមពីសរសៃឈាមពីការធ្លាយសរសៃឈាមដែលឡើងប៉ោងក្នុងបំពង់អាហារ)
•មានការប៉ះពាល់ដល់ខួរក្បាល (រវើរវាយ សន្លប់) ដោយសារជាតិពុលបានពីមុខងារថ្លើមចុះខ្សោយ (Hepatic Encephalopathy)
•ផលប៉ះពាល់លើតម្រងនោមបណ្តាលមកពីមុខងារថ្លើមខ្សោយ (Hepatorenal Syndrome) 
•ផលប៉ះពាល់លើសួតបណ្តាលមកពីមុខងារថ្លើមខ្សោយ (Hepatopulmonary Syndrome)
•អណ្តើករីកធំ (Hypersplenism)
•និងមហារីកថ្លើម។

តើយើងត្រូវធ្វើបែបណាដើម្បីការពារពីជំងឺ ក្រិនថ្លើម?

ដើម្បីការពារជំងឺក្រិនថ្លើមយើងត្រូវដឹងពីមូលហេតុបង្កដូចខាងលើនិងបង្ការចៀសវាងពីមូលហេតុទាំងនោះ។ ជាឧទាហរណ៍ប្រសិនបើពុំទាន់មានជំងឺរលាកថ្លើមប្រភេទB ត្រូវចាក់វ៉ាក់សាំងការពារ ប្រសិនបើមានជំងឺរលាកថ្លើមB-C ត្រូវព្យាបាលឲ្យបានជាសះស្បើយ​និងតាមដានឲ្យបានទៀងទាត់។ 
ទាក់ទងនឹងការប្រើប្រាស់ឱសថបុរាណសម័យ ត្រូវប្រាកដថាមានការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវ​ និងរយៈពេលកំណត់ច្បាស់លាស់។ ក្រៅពីនេះ លោកអ្នកគួរហាត់ប្រាណឲ្យបានទៀងទាត់ និងកុំឲ្យលើសទម្ងន់។

ថ្វីត្បិតតែ ជំងឺក្រិនថ្លើមជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ដែលការព្យាបាលមិនអាចត្រឡប់មកល្អដូចដើមវិញក៏ដោយ គេនៅតែអាចកាត់បន្ថយការវិវឌ្ឍរបស់វាបានប្រកបដោយប្រសិទ្ធភាព។

ដូច្នេះហើយលោកអ្នកចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវាយតម្លៃរាល់ដំណាក់កាលនៃការវិវឌ្ឍរបស់ជំងឺក្រិនថ្លើម និងទទួលបានការព្យាបាលមួយដែលសមស្របនិងមានប្រសិទ្ធភាព។

បកស្រាយដោយ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង
ឯកទេសក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកុសុមៈ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧