ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម?

(6)
912
ដោយ : Editor

យោងទៅតាមការបកស្រាយរបស់អ្នកឯកទេសថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា “អ្នកជំងឺមិនអាចដឹងបានទេថាថ្លើមរបស់ខ្លួនកំពុងតែចុះខ្សោយ ព្រោះវានឹងវិវឌ្ឍបន្តិចម្ដងៗយ៉ាងស្ងប់ស្ងាត់ ហើយដល់ពេលដែលចេញរោគសញ្ញាគឺធ្ងន់ធ្ងរបាត់ទៅហើយ” បើដូច្នោះ តើយើងគួរធ្វើដូចម្ដេច? បើចង់ជ្រាបច្បាស់សូមតាមដានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។ 

ដូចម្ដេចដែលហៅថាការខ្សោយថ្លើម?
ការខ្សោយថ្លើមមានន័យថា មុខងារថ្លើមមានការថយចុះ ដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើម ហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។ 

កត្តាបង្កនិងកត្តាប្រឈម
ថ្លើមខ្សោយអាចបង្កឡើងដោយកត្តាជាច្រើន ប៉ុន្តែកត្តាដែលជួបប្រទះញឹកញាប់មានដូចជា៖
• ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A)
• វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B,C virus)
• ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម
• ជំងឺខ្លាញ់រុំថ្លើម
• អ្នកផឹកស្រាច្រើន
• និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease  និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease)។  
រោគសញ្ញាទូទៅ
ជាធម្មតាអ្នកដែលមានការខ្សោយថ្លើមដំណាក់កាលដំបូង មិនមានចេញជារោគសញ្ញាជាក់លាក់ណាមួយនោះទេ ដោយអ្នកជំងឺគ្រាន់តែមានអាការៈហេវហត់ អស់កម្លាំង ទទួលទានអាហារពុំសូវបាន ឬឡើងកន្ទួលលើស្បែកតែប៉ុណ្ណោះ ដោយសារអាការៈនេះមិនអាកំណត់បានថា ជាសញ្ញានៃការខ្សោយថ្លើមនោះទេ ព្រោះវាងាយច្រឡំនឹងជំងឺដទៃទៀត។

ដោយឡែក ចំពោះអ្នកជំងឺណាដែលបានវិវឌ្ឍទៅជាជំងឺថ្លើមរ៉ាំរ៉ៃ គាត់អាចកើតមានដូចជា ទាចទឹក ខាន់លឿង វង្វេងវង្វាន់ ឬអាចឈានដល់ការសន្លប់បាត់ស្មារតី ដែលទាំងនេះសុទ្ធសឹងតែជារោគសញ្ញាដែលបញ្ជាក់ថា អ្នកជំងឺមានការខ្សោយថ្លើមធ្ងន់ធ្ងរ ហើយក៏បញ្ជាក់ថាវាមានការយឺតយ៉ាវក្នុងការព្យាបាលដើម្បីឲ្យថ្លើមត្រឡប់មកដូចដើមវិញទៅហើយ។

ការធ្វើរោគវិនិច្ឆ័យ
វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញាគ្លីនិក រួមបញ្ចូលជាមួយនឹងលទ្ធផលមន្ទីរពិសោធន៍ ដែលរួមមានដូចជា ការធ្វើតេស្តរកវីរុសរលាកថ្លើមប្រភេទ A,B,C (HAV, HBV and HCV) និងការធ្វើតេស្តទៅលើមុខងារថ្លើម (Liver Function Test) ហើយបន្ថែមពីលើនេះទៀត រូបភាពវិទ្យុសាស្រ្ដ
ក៏ត្រូវបានចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យផងដែរ។ ប៉ុន្តែ ចំពោះដំណាក់កាលដំបូងនៃអ្នកជំងឺខ្សោយថ្លើម យើងពិបាកនឹងធ្វើរោគវិនិច្ឆ័យណាស់ ព្រោះថាលុះត្រាតែសាច់ថ្លើមវិវឌ្ឍទៅជារឹង ឬក្រិន ទើបវាមានលេចចេញនូវសញ្ញាគ្លីនិកច្បាស់លាស់ សម្រាប់ធ្វើការវិនិច្ឆ័យរោគ ដូច្នេះពេលខ្លះការពិនិត្យសុខភាព និងការធ្វើតេស្តឈាមជាប្រចាំ វាអាចជួយឲ្យយើងរកឃើញការខ្សោយនៃមុខងារថ្លើមទាន់ពេលវេលា។

ការព្យាបាល
ដោយសារតែជំងឺនេះអាចបង្កឡើងដោយកត្តាជាច្រើនផ្សេងៗគ្នា ដូច្នេះហើយការព្យាបាលត្រូវអនុវត្តទៅតាមមូលហេតុដែលបង្កវា ឧទាហរណ៍ ប្រសិនបើវាបណ្ដាលមកពីវីរុសរលាកថ្លើម គឺត្រូវព្យាបាលទៅតាមប្រភេទនៃវីរុសនោះ ក្នុងករណីដែលសាច់ថ្លើមឈានទៅដល់ដំណាក់កាលក្រិនទៅហើយ យើងនឹងធ្វើការព្យាបាលទៅលើផលវិបាកផ្សេងៗដែលកើតឡើងពីការបាត់បង់មុខងារថ្លើម និងការក្រិននៃថ្លើម។

ជាទូទៅ បន្ទាប់ពីទទួលបានការព្យាបាលត្រឹមត្រូវ កោសិកាថ្លើមនឹងវិវឌ្ឍមករកសភាពធម្មតាវិញ ប្រសិនបើវាស្ថិតក្នុងដំណាក់កាលដំបូង តែចំពោះកោសិកាថ្លើមណាដែលត្រូវបានខូចខាតទៅហើយ វាមិនអាចត្រឡប់មកសភាពដើមវិញបានទេ។ ក្នុងករណីដែលថ្លើមក្រិនទៅហើយ វាមិនអាចត្រលប់មកដូចដើមទាំងស្រុងនោះទេ ប៉ុន្តែបើគាត់ទទួលបាននូវការព្យាបាលត្រឹមត្រូវ និងទៀងទាត់ វាអាចជួយឲ្យកោសិកាថ្លើមដែលមិនទាន់ខូច បំពេញមុខងារឲ្យបានល្អ ក៏ដូចជាទប់ស្កាត់មិនឲ្យមានការវិវឌ្ឍបន្តទៅមុខទៀត ដូចជា បើមិនទាន់មានទាចទឹក ឬការរីកប៉ោងសរសៃឈាមបំពង់អាហារ យើងអាចបង្ការកុំឲ្យវាកើតមានបាន។ 

វិធីបង្ការ
ការពារការខ្សោយថ្លើមគឺដូចជាការពារមិនឲ្យរលាកថ្លើមយ៉ាងដូច្នេះដែរ ដូចនេះដើម្បីបង្ការជំងឺរលាកថ្លើមយើងគួរគប្បី៖
• ចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (Hep.B Vaccine) 
• ចៀសវាងការប្រើប្រាស់ម្ជុល ឬវត្ថុមុតស្រួចរួមគ្នា 
• ប្រើប្រាស់ស្រោមអនាម័យ 
• ចៀសវាងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា
• កាត់បន្ថយការសេពគ្រឿងស្រវឹង។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានសំណូមពរដល់ប្រជាជនទាំងអស់គួរធ្វើការពិនិត្យសុខភាពរៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាក្នុងប្រទេសយើងសម្បូរទៅដោយវីរុសរលាកថ្លើមប្រភេទB និង C ដែលមិនមានចេញនូវរោគសញ្ញាឲ្យយើងដឹងឡើយ ដូចនេះបើយើងធ្វើការពិនិត្យសុខភាពបានទៀងទាត់ យើងអាចនឹងទទួលការព្យាបាលទាន់ពេលវេលា មុនពេលដែលវិវឌ្ឍទៅជាការខ្សោយថ្លើមធ្ងន់ធ្ងរ៕

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្តី ឯកទេសថ្លើម ក្រពះ ពោះវៀននៃមន្ទីរសម្រាកព្យាបាលអេគីប

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧