[លែងឆ្ងល់] ហេតុអ្វីឧស្សាហ៍វិលមុខ តែពេលសម្ងំគេងក៏ប្រែជាលែងអី…

()
362
ដោយ : Clinic Community

ធ្លាប់មានអារម្មណ៍ថាបែបហ្នឹងដែរឬទេ? ជាញឹកញាប់ គឺមានអារម្មណ៍ថាវិលមុខ ជាពិសេសពេលដែលអោន ឬឈ្ងោកចុះក្រោម ប៉ុន្តែបែរជាលែងអីទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។

មានអ្នកខ្លះជាពិសេសចាស់ៗ បានចាត់ទុកអាការៈបែបនេះ ថាជារោគសញ្ញានៃជំងឺឫសដូងវិល ទាំងដែលមិនបានដឹងច្បាស់ផងថាតើនេះជាជំងឺអ្វី? 

កុំឲ្យមន្ទិលសង្ស័យទាំងនោះ នៅតែជាចម្ងល់ក្នុងចិត្ត និងមានការយល់ឃើញខុសទៀតនោះ តោះ! តាមដានអានចម្លើយពីលោកវេជ្ជបណ្ឌិត កៅ សែ ជានាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោម…

លោកវេជ្ជបណ្ឌិត កៅ សែ ៖ អាការៈនេះ គឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។ 

ចំពោះពាក្យនិយាយថា មាន«ជំងឺឫសដូងវិល» ជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាបានបង្ហាញថា មានជំងឺឫសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។ 

ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬជំងឺពិតប្រាកដនោះ គួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង ក្នុងករណីដែលអាការៈបានធូស្រាល នៅពេលសម្រាកនោះ។ ទោះយ៉ាងណាក៏ដោយ ការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ គួរតែជាអ្វីដែលអ្នកមានអាការៈបែបនេះគួរធ្វើ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧