ក្រសួងសុខាភិបាលបង្ហាញវិធីបង្ការបញ្ហាសុខភាពក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

()
348
ដោយ : Clinic Community

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហាញឲ្យដឹងថា សម្រាប់ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកញ្ញានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីចូលរួមបង្កាបញ្ហាសុខភាពដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា ព្រមទាំងជំងឺឆ្លងផ្សេងៗដែលអាចបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមី។

គួរបញ្ជាក់ផងដែរថា មានចំណុចខ្លះៗដែលសាធារណជណគួរយល់ដឹងរួមមានដូចជា ៖
-មូលហេតុនៃការពុលចំណីអាហារ ៖ ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ
-រោគសញ្ញានៃការពុលចំណីអាហារ ៖ ក្អួត ចង្អោរ រាក រាកមូល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។
-រោគសញ្ញានៃការពុលស្រា ៖ ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។ 
-សារធាតុដែលធ្វើឲ្យពុលស្រា ៖ តាមរយៈលទ្ធផលវិភាគសំណាកបានបង្ហាញថា សារជាតិមេតាណុលកម្រិតខ្ពស់ នៅក្នុងស្រាស ឬស្រាថ្នាំជាដើមហេតុនៃការពុល ដូចនេះ គួរបញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាស ឬស្រាថ្នាំដែលមិនមានប្រភព និងមិនបានផលិតត្រឹមត្រូវ។


ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា «គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តអនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់» ។ 

ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានលើកឡើងពីវិធីមួយចំនួនដែលប្រជាពលរដ្ឋគ្រប់រូបគួរប្រតិបត្តិ នៅពេលកាន់ និងរៀបចំម្ហូបអាហារដែលអាចការពារអ្នក និងក្រុមគ្រួសារពីការឈឺដែលរួមមានដូចខាងក្រោម៖
ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់
លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
សំអាតសម្ភារៈប្រើប្រាស់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
  បើយើងរក្សទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
  បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ក្រសួងសុខាភិបាលក៏សូមណែនាំឲ្យមានការពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ ក្នុងករណីមានរោគសញ្ញានៃការពុលស្រា សូមស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។

ដើម្បការពារអ្នក និងក្រុមគ្រួសារ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យមានការងនុវត្តតាមដំបូន្មានខាងលើ។ 

សម្រាប់ព័ត៌មានបន្ថែមពីបញ្ហាសុខភាពផ្សេង ក្រសួងសុខាភិបាល បានបង្ហាញថាប្រជាពលរដ្ឋអាចទទួលបានតាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh

ជាចុងក្រោយ ក្រសួងក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អក្នុងអំឡុងពេលបុណ្យនេះ និងគ្រប់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែម ឬចង់រាយការណ៏ សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ។

(អត្ថន័យខ្លឹមសារទាំងស្រុងមាននៅក្នុងរូបភាពខាងលើ)

ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧