បង្កើនស្នាមញញឹមជាមួយការបិតធ្មេញឲ្យស

តើអ្វីជាសោភណ្ឌភាពមាត់ធ្មេញ? 
សោភណ្ឌភាពមាត់ធ្មេញ (Dental Aesthetic) ជាផ្នែកមួយនៃជំនាញទន្តសាស្រ្ត ដែលផ្តោតសំខាន់ទៅលើការព្យាបាល និងការកែប្រែសោភណ្ឌភាពធ្មេញ អញ្ចាញ និងបបូរមាត់ ដែលរួមបញ្ចូលទាំង រូបរាង ទំហំ ពណ៌ សុខភាព តួនាទី និងទីតាំងរបស់ធ្មេញថាតើវាស្ថិតនៅស្របគ្នានិងត្រង់ជួរដែរឬអត់។

ក្រៅពីនេះ ភាពស្រស់ស្អាតនៃស្នាមញញឹមទាំងមូល ក៏ត្រូវបានចាត់ចូលទៅក្នុងការសិក្សាផ្នែកសោភណ្ឌភាពមាត់ធ្មេញផងដែរ។ បើនិយាយពីសេវាកម្មសោភណ្ឌភាពមាត់ធ្មេញវិញ វាជាសេវាកម្មជួយដល់អ្នកមិនមានស្នាមញញឹមស្រស់ស្អាត ឬមិនពេញចិត្តនឹងផ្នែកណាមួយដែលធ្វើឲ្យពេលគាត់ញញឹមមកមិនសាកសម។ ទន្តបណ្ឌិតជំនាញ នឹងធ្វើឲ្យការបារម្ភទាំងឡាយរបស់ពួកគាត់បាត់បង់តាមរយៈការផ្តល់សេវាកម្មសោភណ្ឌភាពមាត់ធ្មេញដើម្បីឲ្យពួកគាត់មានការញញឹមស្រស់ស្អាតឡើងវិញនិងស្រស់ស្អាតជាងមុនដូចតារាល្បីៗនិងតួសម្តែងផ្សេងៗ។

សេវាកម្មផ្នែកសោភណ្ឌភាពមាត់ធ្មេញ ត្រូវបានចែកចេញជាច្រើនផ្នែកមានដូចជា ការបិតធ្មេញ ការដាក់ធ្មេញ ការធ្វើធ្មេញឲ្យស ការប្តូរពណ៌អញ្ចាញ ការវះកាត់អញ្ចាញ ការពត់ធ្មេញ ការដាំបង្គោលធ្មេញក្នុងឆ្អឹង និងការកែលើទម្រង់នៃស្នាមញញឹមរបស់អ្នកទាំងមូល។ ក្នុងចំណោមសេវាកម្មទាំងនេះ ការបិតធ្មេញឲ្យស ជាបច្ចេកទេសថ្មីមួយដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសុភាពបុរស សុភាពស្រ្តីក្នុងប្រទេសកម្ពុជាយើងយ៉ាងខ្លាំង ដោយសារតែពួកគេប្រាថ្នាចង់បានស្នាមញញឹមស្រស់ស្អាតប្រកបដោយទំនុកចិត្តនិងភាពជឿជាក់។ 

តើអ្វីជាការបិតធ្មេញឲ្យស? 
ការបិតធ្មេញ (Dental Veneer) ជាការកែប្រែបញ្ហាមាត់ធ្មេញដែលរួមបញ្ចូលទាំងទម្រង់ រូបរាង ពណ៌ ទំហំ និងប្រវែងរបស់ធ្មេញ ដោយធ្វើឡើងតាមរយៈការបិតបន្ទះប៉សឺឡែនស្តើងលើផ្នែកខ្លះនៃធ្មេញ ឬធ្មេញទាំងមូលដើម្បីកែសម្រស់របស់ធ្មេញដែលមានលក្ខណៈធម្មជាតិ។

ជាទូទៅ វិធីសាស្រ្តនេះអាចធ្វើឡើងបានតែចំពោះដំណុះធ្មេញស្រុកពេញលេញ ដែលភាគច្រើនមនុស្សវ័យកណ្តាលតែងតែទទួលសេវាកម្មនេះ ទាំងបុរស ទាំងស្រ្តី ដោយសារពួកគេមានតម្រូវការខ្ពស់ផ្នែកសោភណ្ឌភាព សុខភាពមាត់ធ្មេញល្អ និងស្នាមញញឹមស្រស់ស្អាត។ គេបានបែងចែកការបិតធ្មេញជាពីរប្រភេទគឺ៖

• ការបិតដោយផ្ទាល់ (Direct Veneer)៖ ជាការប្រើថ្នាំប៉ះមកបិតជាស្រទាប់ៗផ្ទាល់ទៅលើធ្មេញដើម្បីឲ្យពណ៌និងរូបរាងធ្មេញស្រស់ស្អាតទៅតាមអ្វីដែលអតិថិជនចង់បាន ហើយវាមានប្រសិទ្ធភាពក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ឆ្នាំអាស្រ័យទៅលើការចេះថែទាំងយ៉ាងម៉ត់ចត់ពីអតិថិជន។ 
• ការបិតដោយប្រយោល (Indirect Veneer)៖ ជាការប្រើបន្ទះប៉សឺឡែនមកបិទលើធ្មេញធម្មជាតិដោយគ្មានការឆាបធ្មេញធម្មជាតិ ឬអាចឆាបតិចតួចបំផុតអាស្រ័យទៅលើស្ថានភាពធ្មេញរបស់អតិថិជន។ វិធីសាស្រ្តនេះទាមទារឲ្យមានការខាំពុម្ព ដើម្បីទទួលបានជាបន្ទះសម្រាប់បិតទៅលើធ្មេញ ហើយវាមានប្រសិទ្ធភាពលើសពី១៥ឆ្នាំនិងអាចនៅជាប់លើធ្មេញរបស់អ្នកបានដល់ទៅ២៥ឆ្នាំប្រសិនបើមានការថែរក្សាត្រឹមត្រូវតាមការណែនាំរបស់ទន្តបណ្ឌិត។

តើការបិតធ្មេញឲ្យសត្រូវធ្វើឡើងដូចម្តេចខ្លះ? 
ដំណើរការបិតធ្មេញឲ្យស ត្រូវពឹងផ្អែកលើគោលការណ៍មួយដែលត្រឹមត្រូវ និងធ្វើដោយទន្តបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវលទ្ធផលដែលអាចជឿទុកចិត្តបាន។ ចំណែកគោលការណ៍ទាំងនោះ បូកបញ្ចូលនូវជំហានដូចជា៖

• ការពិនិត្យ និងពិគ្រោះយោបល់ (Checkup and Consultation)៖ ដើម្បីឲ្យដឹងច្បាស់ថាតើធ្មេញរបស់អ្នកពិតជាត្រូវទទួលការព្យាបាលដោយការបិតធ្មេញឬយ៉ាងណា ការញញឹមរបស់អ្នកមានបញ្ហាត្រង់ណា សុខភាពមាត់ធ្មេញរបស់អ្នកល្អយ៉ាងណា អ្នកត្រូវទៅជួបទន្តបណ្ឌិតជំនាញដោយផ្ទាល់ដើម្បីធ្វើការពិនិត្យនិងពិគ្រោះជាមួយគាត់។
• ការថត X-ray៖ ទន្តបណ្ឌិតជំនាញនឹងផ្តល់ការពិនិត្យលើស្ថានភាពធ្មេញខាងក្រៅរបស់អ្នក ចំណែកឯការថត X-ray នឹងផ្តល់នូវការវិភាគកាន់តែច្បាស់អំពីស្ថានភាពឆ្អឹង សុខភាពធ្មេញនិងជាលិកាជុំវិញធ្មេញ និងជំងឺលាក់ខ្លួនផ្សេងៗទៀតដែលអាចនឹងមានក្នុងមាត់ធ្មេញរបស់អ្នកដែលមិនអាចមើលដឹង
ដោយភ្នែកទទេបានឡើយ។
• ការថតរូបវិភាគលើស្នាមញញឹម (Photo Shooting)៖ ជាការផ្តិតយករូបភាពទម្រង់មុខ និងធ្មេញរបស់អ្នកពីគ្រប់ទម្រង់ដូចជាការថតនៅពេលសើច ការថតចំពីមុខ ការថតពីចំហៀងជាដើម ដើម្បីយករូបដែលគ្រប់ជ្រុងជ្រោយទាំងនេះ យកមកវិភាគលើកត្តាទាំង៤ដែលធ្វើឲ្យមានស្នាមញញឹមស្អាតគឺ ធ្មេញ អញ្ចាញ បបូរមាត់ និងអារម្មណ៍របស់គាត់។
• ការរចនា (Design)៖ ជាការប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រដើម្បីយកមកវិភាគទៅលើស្នាមញញឹមទាំងមូល រួចធ្វើការកែប្រែនិងឌីហ្សាញស្នាមញញឹមបច្ចុប្បន្នតាមរយៈកម្មវិធីកុំព្យូទ័រនេះដើម្បីឲ្យស្នាមញញឹមថ្មីរបស់អ្នក ស័ក្ដិសមទៅនឹងទម្រង់មុខរបស់អ្នកនិងជាអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន បន្ទាប់មកអ្នក
នឹងឃើញរូបរាងស្នាមញញឹមថ្មីរបស់អ្នក។ ប្រសិនបើអ្នកពេញចិត្តនឹងការឌីហ្សាញស្នាមញញឹមថ្មីនេះ នោះទន្តបណ្ឌិតនឹងចាប់ផ្តើមធ្វើការកែប្រែស្នាមញញឹមរបស់អ្នក។
ការបង្កើតជាគំរូ (Model)៖ គំរូត្រូវធ្វើឡើង បន្ទាប់ពីការសិក្សាពីជំហានទី ១ និងត្រូវបង្ហាញជូនដល់អតិថិជនពីការកែប្រែនោះ។ ការទទួលយកនៃគំរូនីមួយៗ  គឺស្ថិតលើការសម្រេចចិត្តរបស់អតិថិជន រួមបញ្ចូលនឹងការកែប្រែជាបន្តបន្ទាប់ប្រសិនបើអតិថិជនមិនពេញចិត្តចំពោះចំណុចណាមួយ នោះទើបដំណើរការនៃការបិតអាចប្រព្រឹត្តិទៅបាន តាមរយៈការបិតដោយផ្ទាល់ ឬដោយប្រយោល។

តើការបិតធ្មេញឲ្យសផ្តល់ប្រសិទ្ធភាពយ៉ាងណាខ្លះ?
ទាក់ទងនឹងប្រសិទ្ធភាពគឺត្រូវបានរួមបញ្ចូលពីសារសំខាន់នៃធ្មេញទាំងមូល។ ជាទូទៅធ្មេញមានមុខងារយ៉ាងសំខាន់ពីរ គឺការទំពារចំណីអាហារ និងសោភណ្ឌភាព ចំណែកភាពស្រស់ស្អាតនៃស្នាមញញឹម និងសោភណ្ឌភាពនោះទៀតសោត បានដើរតួនាទីយ៉ាងចម្បងដល់ទៅ 47% នៃសម្រស់ផ្ទៃមុខទាំងមូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយវាបានផ្តល់ជាទំនុកចិត្តក្នុងការធ្វើការ ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នោះប្រសិទ្ធភាព និងឱកាសការងារក៏កាន់តែមានភាពរលូន ដូច្នេះ ការបិតធ្មេញជាជម្រើសដ៏ល្អ
ក្នុងការបង្កើននូវគុណភាពជីវិតរបស់បុគ្គលម្នាក់ៗ។

តើគួរថែទាំមាត់ធ្មេញបែបណាខ្លះបន្ទាប់ពីការបិតធ្មេញឲ្យស?
មិនថាធ្មេញដែលបានបិត ឬធ្មេញធម្មជាតិនោះទេ បុគ្គលគ្រប់រូបគួរតែបង្កើននូវការយកចិត្តទុកដាក់ថែទាំឲ្យបានទៀងទាត់។ ដោយឡែកអ្នកដែលទទួលបានការបិតធ្មេញ ត្រូវតែមានការថែទាំ និងការសម្អាតឲ្យបានខ្ជាប់ខ្ជួន

ដើម្បីកាត់បន្ថយការប្រឈមខ្ពស់ទៅនឹងរោគពុកធ្មេញដូចជា៖
• ប្រុងប្រយ័ត្នក្នុងការញ៉ាំអាហារដែលមានជាតិពណ៌ ព្រោះអាហារប្រភេទនេះអាចបង្កជាស្នឹមនៅលើធ្មេញ
• ចៀសវាងអាហារក្តៅ ឬត្រជាក់ខ្លាំងក្នុងដំណាក់កាលដំបូង ដើម្បីកាត់បន្ថយការស្រៀវធ្មេញ
• ចៀសវាងអាហាររឹង ដែលត្រូវប្រើកម្លាំងខ្លាំងក្នុងការទំពា
• ករណីខ្លះត្រូវប្រើឧបករណ៍ការពារធ្មេញ (night guard) នៅពេលយប់ ដើម្បីចៀសវាងការសង្កៀតធ្មេញ ដែលអាច ប៉ះពាល់ដល់ធ្មេញបិត veneer។

អ្វីខ្លះជាផលប៉ះពាល់នៃការបិតធ្មេញឲ្យសមិនបានត្រឹមត្រូវ?
ក្នុងករណីដែលការបិតធ្មេញ ត្រូវបានធ្វើឡើងពីសំណាក់អ្នកដែលមិនមានជំនាញច្បាស់លាស់វាបានផ្តល់ផលវិបាកមួយចំនួនដូចជាការប្រែពណ៌នៃធ្មេញ ដុះស្នឹម បែកបាក់ ប្រែពណ៌ ពុកធ្មេញ ឬស្រៀវ និងអាចធ្វើឲ្យអ្នកឈឺធ្មេញថែមទៀតផង។

ក្រៅពីបញ្ហាទូទៅទាំងនេះ អ្នកក៏អាចប្រឈមនឹងការរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរដោយសារតែចំណីអាហារស្ថិតនៅជាប់ធ្មេញរបស់អ្នកព្រោះតែការបិត veneer មិនបានធ្វើឡើងតាមវិធីសាស្រ្តត្រឹមត្រូវ។ លើសពីនេះ ជាងធ្មេញឬទន្តបណ្ឌិតដែលគ្មានជំនាញច្បាស់លាស់ នឹងធ្វើការឆាបធ្មេញធម្មជាតិរបស់អ្នកច្រើនដើម្បីបិត veneer ដែលនឹងធ្វើឲ្យអ្នកបាត់បង់ធ្មេញធម្មជាតិរបស់អ្នកជារៀងរហូត។ កត្តាទាំងនេះ នឹងធ្វើឲ្យអ្នកបាត់បង់សោភណ្ឌភាពមាត់ធ្មេញ ហើយត្រូវចំនាយពេលវេលានិងថវិកាច្រើនដើម្បីកែខៃស្ថានភាពធ្មេញ និងអញ្ចាញឲ្យត្រលប់មកសភាពដើមឬឲ្យល្អដូចស្នាមញញឹមរបស់តារា។

ដើម្បីទទួលបានសេវាកម្មបិតធ្មេញឲ្យសឬសេវាកម្មផ្សេងៗទៀតទាក់ទងនឹងសោភណ្ឌភាពមាត់ធ្មេដែលប្រកបដោយគុណភាព លោកអ្នកត្រូវចេះធ្វើការជ្រើសរើសមន្ទីរព្យាបាលធ្មេញឲ្យបានត្រឹមត្រូវដោយពិនិត្យមើលទៅលើថាតើមន្ទីរព្យាបាលធ្មេញណាមួយដែលបានឈរជើងក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយូរមកហើយ ហើយកេរ្តិ៍ឈ្មោះរបស់មន្ទីរព្យាបាលធ្មេញមួយនោះត្រូវបានទទួលស្គាល់ពីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិយ៉ាងដូចម្តេចដែរ។

លើសពីនេះទៅទៀត លោកអ្នកក៏ត្រូវពិនិត្យមើលលើការសិក្សា ជំនាញ បទពិសោធន៍ ក្រមសីលធម៌ និងកេរ្តិ៍ឈ្មោះរបស់ទន្តបណ្ឌិតផងដែរ ។

ដើម្បីចៀសវាងការជ្រើសរើសមន្ទីរព្យាបាលធ្មេញ និងទន្តបណ្ឌិតខុស ដែលអាចធ្វើឲ្យអ្នកខាតបង់ថវិកា និងពេលវេលាច្រើន។ គួររំលឹកផងដែរថា លោកអ្នកគួរធ្វើការពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នកជាមួយទន្តបណ្ឌិតជំនាញក្នុងរយៈពេល៦ខែម្តង ដើម្បីឲ្យគ្រូពេទ្យអាចតាមដានស្ថានភាពមាត់ធ្មេញរបស់អ្នក និងអាចពិនិត្យដឹងទាន់ពេលវេលា និងជួយទប់ស្កាត់រាល់ជំងឺដែលអាចកើតមានឡើងលើសុខភាពមាត់ធ្មេញរបស់លោកអ្នក។ ការព្យាបាលទាន់ពេលវេលា នឹងជួយកាត់បន្ថយការឈឺចាប់ក្នុងពេលព្យាបាល ការកាត់បន្ថយចំណាយច្រើន និងការកាត់បន្ថយការខាតបង់ពេលវេលាច្រើនក្នុងការព្យាបាល។

បកស្រាយដោយ ៖ លោកទន្តបណ្ឌិត ជ័យ សុចិន្តា  ប្រធានទន្តសាស្ត្រប្រចាំមន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧