សម្អាតថ្លើមដោយរបៀបញ៉ាំងាយៗ

(2)
374
ដោយ : Editor

ជារៀងរាល់ថ្ងៃ យើងម្នាក់ៗប្រឈមនឹងជាតិពុលជាច្រើនមិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅខាងក្រៅ និងជាពិសេសគឺតាមរយៈអាហារដែលយើងបរិភោគប្រចាំថ្ងៃ។ ដូចនេះ ការសម្អាតជាតិពុលដែលកកផ្តុំជាពិសេសនៅថ្លើមគឺជារឿងដ៏ចាំបាច់ ដើម្បីកាត់បន្ថយការប្រឈមនឹងហានិភ័យផ្សេងៗ និងជារឿងដែលមិនគួរមើលរំលងផងដែរសម្រាប់អ្នកចង់សម្រកទម្ងន់។

ថ្លើមដើរតួយ៉ាងសំខាន់សម្រាប់ដំណើរការលើសពី ៤០០ មុខងារនៅក្នុងរាងកាយរបស់យើងដែលក្នុងនោះរួមបញ្ចូលទាំងការបញ្ចេញចោលនូវសារធាតុពុល ឬសារធាតុដែលមិនត្រូវការក្នុងរាងកាយ។ កាលណាមានធាតុពុលច្រើនពេកដែលតម្រូវឱ្យថ្លើមបញ្ចេញចោល យើងអាចកត់សម្គាល់ឃើញអាការៈមួយចំនួនដូចជា អស់កម្លាំង កើនទម្ងន់ ឈឺក្បាល រំលាយអាហារមិនទៀងទាត់ ឈឺចាប់នៅផ្នែកខាងស្តាំ និងប្រែប្រួលពណ៌លើស្បែកជាដើម។

គួរឲ្យដឹងថា សារធាតុពុលដែលជួបលើអាហារច្រើនបំផុតគឺ ពពួកថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីមួយចំនួនទៀតដែលត្រូវបានរកឃើញប្រើប្រាស់លើបន្លែ ផ្លែឈើ និងសត្វចិញ្ចឹមដើម្បីជំរុញការផលិត និងធានាការផ្គត់ផ្គង់អាហារគ្រប់គ្រាន់ទៅដល់មជ្ឈដ្ឋានអ្នកប្រើប្រាស់។

យោងតាមការសិក្សាមួយបានបង្ហាញថា កម្រិតកាកសំណល់នៃថ្នាំសម្លាប់សត្វល្អិត អាចឲ្យពុលរហូតបង្កជាមហារីកនៅក្នុងរយៈពេលយូរ ព្រមទាំងអាចបំផ្លាញប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធបន្តពូជ កំហុសកំណក្នុងការបង្កកំណើត ក៏ដូចជាការខូចខាតធ្ងន់ធ្ងរនៃប្រព័ន្ធភាពស៊ាំផងដែរ។ 

លទ្ធភាពក្នុងការចៀសវាងសារធាតុមិនល្អ មិនអាចធ្វើបានទាំងស្រុងឡើយ ក៏ប៉ុន្តែយើងអាចកាត់បន្ថយការប៉ះពាល់ និងកម្រិតក្នុងការពុលបានតាមរយៈវិធីសាស្ត្រមួយចំនួន៖

  1.ជ្រើសយកផលិតផលអាហារសរីរាង្គ៖ 
បន្លែផ្លែឈើសរីរាង្គមានផ្ទុកនូវវីតាមីន អា សេ និង ស៊ុលផួរច្រើនជាង ដែលវាអាចជំរុញថ្លើមឲ្យធ្វើការបញ្ចេញ និងលាងសម្អាតជាតិពុលពីក្នុងរាងកាយបានកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតដែលអាចគ្រោះថ្នាក់ដល់សុខភាព។ ជម្រើសល្អៗសម្រាប់ជំនួយមុខងារសម្អាតជាតិពុលរួមមាន ប្រូខូលី ស្ពៃក្តោប ខ្ទឹមបារាំង ខ្ទឹមស ផ្លែប៉ោម ផ្លែប័រ និងរមៀត ជាដើម។ ក្រៅពីនោះ ផលិតផលទឹកដោះគោ និងសាច់សត្វសរីរាង្គ ក៏អាចកាត់បន្ថយការប៉ះពាល់ទៅនឹងពពួកអ័រម៉ូន និងថ្នាំផ្សះផងដែរ។ 

  2.អានស្លាកសញ្ញាអាហារច្នៃ (កញ្ចប់ ឬកំប៉ុង)៖ 
ប្រភពធំជាងគេនៃសារធាតុដែលប៉ះពាល់ដល់សុខភាព អាចរកឃើញនៅក្នុងអាហារស្រាប់ជាច្រើន។

ដូចនេះ ប្រសិនអ្នកមិនអាចកាត់បន្ថយការពិសាអាហារប្រភេទនេះទាំងស្រុង អ្នកក៏អាចរកមើលផលិតផលដែលមិនមានផ្ទុកនូវសារធាតុមិនល្អដូចជា phthalate និង paraben (phthalate- and paraben- free) ជាដើម។ 

  3.លាងសម្អាតអាហារតាមវិធីសាស្ត្រត្រឹមត្រូវ៖ 
តាមការសិក្សាបង្ហាញថា ការលាងបន្លែផ្លែឈើជាមួយនឹងទឹកត្រជាក់អាចកម្ចាត់កាកសំណល់ថ្នាំសម្លាប់សត្វល្អិតបានជាង ៧០ទៅ ៨០% និងកាន់តែប្រសើរប្រសិនបើលាងដោយកម្លាំងទឹកហូរ។ ក្រៅពីនោះ ការលាងជាមួយនឹងទឹកអំបិល ១០% (លាយអំបិល ១ភាគ ក្នុងទឹក ៩ភាគ) រួចលាងជម្រះដោយទឹកស្អាតអាចសម្អាតនូវសារធាតុដែលមានលើផ្ទៃខាងក្រៅបានប្រហែលឬច្រើនជាងបើធៀបនឹងការលាងជាមួយនឹងទឹកខ្មេះកម្រិតខ្លាំង។

អ្នកក៏អាចដាក់បន្លែក្នុងទឹកក្តៅឧណ្ហៗក្នុងរយៈពេលខ្លីដែលវាអាចជួយជម្រុះកាកសំណល់សេសសល់ជាប់នឹងបន្លែផងដែរ។
 
  4.យកសម្បក ឬស្រទាប់ក្រៅចេញ៖ 
ការបកសម្បកចេញ ជាវិធីដែលមានប្រសិទ្ធភាពមួយទៀតដែលត្រូវបានណែនាំបំផុតជាពិសេសចំពោះបន្លែ ឬផ្លែឈើដែលអាចមានកាកសំណល់តោងជាប់នៅចង្វែកទងរបស់វា។ រីឯសាច់សត្វ គួរត្រូវបាននិងចៀរយកខ្លាញ់ដែលមានជាប់ស្បែកចេញឲ្យអស់មុននឹងយកទៅចម្អិនឲ្យបានល្អ ដោយសារផ្នែកទាំងនេះអាចផ្ទុកនូវថ្នាំសម្លាប់សត្វល្អិត និងសារធាតុមិនល្អផ្សេងទៀត។ 

  5.បរិភោគអាហារឆ្លាស់គ្នាឲ្យបានច្រើនប្រភេទ៖ ការឆ្លាស់គ្នានៃអាហារច្រើនមុខអាចជួយកាត់បន្ថយការបរិភោគចូលនូវបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ 
អ័រម៉ូន ក៏ដូចជាថ្នាំសម្លាប់សត្វល្អិតដដែលៗ។ ម្យ៉ាងទៀត ការបរិភោគអាហារប្រភេទបន្លែផ្លែឈើច្រើន អាចមានឥទ្ធិពលល្អគ្របលើបញ្ហាប្រឈមផ្សេងៗពីសារធាតុមិនល្អទាំងនោះ។

  6.ភេសជ្ជៈល្អៗសម្រាប់ជួយសម្អាតជាតិពុល៖ 
ការពិសា ទឹក ទឹកតែ ឬតែចម្រាញ់ពីរុក្ខជាតិឱសថបានគ្រប់គ្រាន់ អាចជួយជំរុញលំហូរនៃសារធាតុចិញ្ចឹមទៅកោសិកា និងបញ្ជូនមកវិញនូវកាកសំណល់ចេញពីថ្លើមបានយ៉ាងល្អ។ ការបន្ថែមនូវទឹកក្រូចឆ្មារច្របាច់ចូលទឹកពិសា ក៏អាចបង្កើននូវសមត្ថភាពក្នុងការសម្អាតជាតិពុលរបស់ថ្លើមបានកាន់តែប្រសើរ ជាពិសេសបើសិនពិសានៅពេលព្រឹកមុនពេលអាហារ។

ដើម្បីសម្អាតជាតិពុលពីក្នុងថ្លើម ក៏ដូចជាក្នុងរាងកាយ ក៏ទាមទារចាំបាច់នូវកត្តាផ្សេងៗទៀតទាក់ទងនឹងការរស់នៅផងដែរដូចជា ការធ្វើលំហាត់ប្រាណបានទៀងទាត់ ការចៀសវាងការប៉ះពាល់នឹងសារធាតុផ្សេងៗ និងជាពិសេសគឺការជួបពិគ្រោះ និងពិនិត្យសុខភាពបានជាប់លាប់ជាមួយនឹងអ្នកជំនាញសុខភាពផងដែរ ដោយអ្នកនឹងទទួលបានដំបូន្មាន និងការណែនាំល្អៗអំពីបញ្ហានេះបានកាន់តែច្បាស់។ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧