តើជំងឺមហារីកថ្លើមអាចការពារបានឬទេ?

មិនថាស្ថានភាពជំងឺស្រាល ឬធ្ងន់យ៉ាងណា ការការពារតែងតែត្រូវបានណែនាំ និងគួរតែត្រូវបានអនុវត្តពីគ្រប់បុគ្គលទាំងអស់ ដោយហេតុថាវាបានផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ជាចម្បងចំពោះស្ថានភាពសុខភាពទូទៅទាំងមូល ជាជាងចំណាយពេល និងថវិកាច្រើនសម្រាប់ការព្យាបាលដូចទៅនឹងពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។

ដោយឡែក ជំងឺមហារីកថ្លើមប្រាកដជាចម្ងល់មួយ និងត្រូវបានចោទសួរឡើងផងដែរទាក់ទិននឹងការការពារថាតើវាអាចការពារបានឬយ៉ាងណា? តើមានវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរឬទេ? 

វិធីសាស្រ្តការពារពីជំងឺមហារីកថ្លើម
ការការពារខ្លួនពីជំងឺមហារីកអាចធ្វើឡើងតាមរយៈវិធីសាស្រ្តដែលមានប្រសិទ្ធភាពដូចជា៖

1.ការចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ B ទៅលើទារកទើបនឹងកើត និងក្រុមមនុស្សដែលនឹងអាចប្រឈមខ្ពស់ឆ្លងមេរោគរួមបញ្ចូលដូចជា៖
• អ្នកធ្វើការក្នុងវិស័យសុខាភិបាល
• អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់
• អ្នកប្រើប្រាស់ថ្នាំញៀនតាមការចាក់
• អ្នកមានដៃគូច្រើន ជាពិសេសជាមួយអ្នកដែលបានឆ្លងជំងឺរលាកថ្លើម B
• បុគ្គលមានជំងឺដែលអាចឆ្លងតាមការរួមភេទ
• បុគ្គលរស់នៅជាមួយអ្នកដែលមានបញ្ហារលាកថ្លើម B រ៉ាំរ៉ៃ
• បុគ្គលដែលធ្វើការព្យាបាលតាមការលាងឈាមរយៈពេលយូរ
• ទារកកើតពីម្តាយដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B។

2.ការពារខ្លួនពីការចម្លងនៃជំងឺរលាកថ្លើមប្រភេទB និងC។

3.អនុវត្តជីវភាពរស់នៅល្អ ការពារខ្លួនពីបញ្ហាលើសទម្ងន់ ដោយចៀសវាងអាហារប្រភេទសាច់ និងខ្លាញ់។

4.ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយកត្តាជំរុញដែលធ្វើឲ្យមានជំងឺមហារីក ជាពិសេសការផឹកជាតិអាល់កុល និងការជក់បារីជាដើម។

5.គ្រប់គ្រងស្ថានភាពជំងឺទាក់ទងផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។

6.ត្រូវទទួលបានការព្យាបាលចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលវាអាចជួយការពារពីការក្រិនថ្លើម និងអាចវិវឌ្ឍទៅជាមហារីក។

7.កាត់បន្ថយការលូតលាស់នៃ Aflatoxin ក្នុងអាហារដែលបានរក្សាទុក។

8.ត្រូវស្វែងរកការពិនិត្យជាប្រចាំប្រសិនអ្នកស្ថិតក្នុងចំណោមនៃក្រុមដែលប្រឈមទៅនឹងមហារីកថ្លើម៖
• អ្នកដែលបានឆ្លងមេរោគរលាកថ្លើម B និងC
• អ្នកដែលមានជំងឺក្រិនថ្លើម
• អ្នកពិសាជាតិអាល់កុល
• អ្នកដែលមានបញ្ហាផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម
• អ្នកមានបញ្ហាលើសទម្ងន់
• អ្នកជក់បារី។

ការចាប់ផ្តើមការពារ
ការអនុវត្តវិធីសាស្រ្តការពារគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកថ្លើម ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីកថ្លើមពីផ្នែកនានាដូចជា៖ 

• អ្នកឯកទេសផ្នែកជំងឺឆ្លង
• អ្នកជំនាញផ្នែកក្រពះ ពោះវៀន
• គ្រូពេទ្យប្រចាំគ្រួសារ
• អ្នកជំនាញផ្នែកកុមារ
• អ្នកជំនាញផ្នែកលោហិតសាស្រ្ត
• អ្នកធ្វើការក្នុងមន្ទីរពិសោធន៍។

ដើម្បីទទួលបានការការពារដ៏មានប្រសិទ្ធភាព អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងបញ្ហារលាកថ្លើមប្រភេទ B ដើម្បីជាអត្ថប្រយោជន៍នៃសុខភាពទាំងមូល និងសរីរាង្គថ្លើមផ្ទាល់តែម្តង។ 

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Dara Kim
តើមេរោគថ្លើមB អាចឆ្លងទៅអ្នកដែលមានអង់ទីគ័រតាមរយៈការរួមភេទដែរទេ ?
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧