មូលហេតុនៃបញ្ហាក្លិនមាត់ និងគន្លឹះក្នុងការការពារ

ការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឲ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់។ តើយើងអាចកាត់បន្ថយក្លិននេះដោយរបៀបណា?

មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ
បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមានន័យថាអ្នក កំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចំាពីធម្មជាតិ)។

ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។

ជាទូទៅ មនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។ មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថាក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយ ដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។

ទឹកមាត់មានសារៈសំខាន់ណាស់ ចំពោះសុខភាពមាត់ធ្មេញព្រោះវាមានតួនាទី៖
- ជាអ្នកលាងសំអាតនូវចំណីអាហារពីក្នុងមាត់របស់យើង
- ផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ
- កាកសំណល់អាហារដែលតោងជាប់ធ្មេញ វានឹងបំលែងទៅជាអាស៊ីដ ក្រោយរយៈពេល៦ម៉ោង  ដូច្នេះទឹកមាត់មានសមត្ថភាពផ្តល់សំណើម រក្សាស្ថេរភាព pH និងកម្រិតអាស៊ីតក្នុងមាត់
- បង្កើតជាតិកាល់ស្យូម និងផូស្វាតការពារមិនអោយធ្មេញខូច
- បង្កើនអុកស៊ីសែន ដើម្បីរក្សាជាលិកាក្នុងមាត់អោយមានសុខភាពល្អ និងស្រស់ថ្លា
- បង្កើន ក្លិន និងរសជាតិក្នុងមាត់

ដូច្នេះ ប្រសិនបើមាត់អ្នកស្ងួត គឺអ្នកអាចប្រឈមនឹងការមានក្លិនមាត់។ ការប្រើប្រាស់ថ្នាំមួយចំនួន ការដកដង្ហើមតាមមាត់ និង ការជក់បារីសុទ្ធតែ នាំឲ្យមាត់យើងស្ងួត។ ការបង្ករោគដោយសារមានជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺពងបែកក្នុងមាត់ ក៏ជាកត្តារួមផ្សំផងដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទើបនឹងមានការដកធ្មេញ ឬវះកាត់នៅក្នុងមាត់ អ្នកក៏អាចនឹងកើតមានបញ្ហាក្លិនមាត់មិនល្អផងដែរ។ ចំណុចសំខាន់ដែលអ្នកត្រូវតែដឹងនោះ គឺការប្រមូលផ្តុំនូវពពួកបាក់តេរីក្នុងមាត់ភាគច្រើន វាកើតឡើងនៅលើគំនរសំអេកធ្មេញស្អិតៗ ដែលដុសមិនបានស្អាត ហើយក្រុមមេរោគនេះ គឺបង្កឲ្យមានក្លិនមាត់ខ្លាំងបំផុត។

ម្ហូបអាហារមួយចំនួន ជាពិសេសគឺខ្ទឹមក៏ជាសារធាតុបណ្តាលឲ្យជះក្លិនយ៉ាងខ្លាំង ពីក្នុងខ្លួនយើងផងដែរ។ ពេលយើងបរិភោគអាហារប្រភេទនេះចូលទៅ វាត្រូវការពេលយ៉ាងតិច ២៤ម៉ោង ដើម្បីរុញច្រានសារធាតុគីមីទាំងនេះអោយចេញតាមរយៈការបញ្ចេញញើស ការដកដង្ហើមទំរាំតែលាងសម្អាតចេញអស់ពីរាងកាយយើង។ អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។

ម្យ៉ាងវិញទៀត ការធុំក្លិនមាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖
- បំពង់ក សួត
- តំណក់ទឹករងៃហូរពីច្រមុះ
- ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ
- ស្រេ្តស និងការធុញថប់
- ការខ្សោះជាតិទឹក
- ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត
- ប្រហោងធ្មេញ ឬការដាក់ធ្មេញ
- ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។

វិធីកម្ចាត់ក្លិនមាត់
នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យ បានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។

ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។

សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច  ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។

ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។

សរុបសេចក្តីមក ប្រសិនបើអ្នកនៅតែមិនអាចរកដំណោះស្រាយបាន គឺត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីធ្វើការពិនិត្យ និងប្រមូលនូវព័ត៌មានផ្សេងៗ ដូចជាឈ្មោះថ្នាំ និងអាហារបំប៉នដែលអ្នកកំពុងតែប្រើប្រាស់ វាអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា តើមូលហេតុបង្កមកពីបញ្ហា មាត់ធ្មេញ ឬក៏ពាក់ព័ន្ធនឹងជម្ងឺទូទៅមួយចំនួន ដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ។

ប្រសិនបើមូលហេតុបង្កឡើងពីបញ្ហានៅក្នុងមាត់ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ព្រមទាំងណែនាំអ្នកធ្វើការកោសសម្អាតបាក់តេរីនៅលើគល់អណ្តាត រួមជាមួយនឹងការប្រើប្រាស់នូវទឹកខ្ពុរមាត់ ដែលគ្មានជាតិអាល់កុលបន្ថែមទៀត នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាចកាត់បន្ថយបានច្រើន។

ហេតុនេះហើយ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រកវិធីដើម្បីដោះស្រាយ រំចង់ មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។ សម្រាប់ការណាត់ជួបសូមទំនាក់ទំនងមកលេខទូរសព្ទ័ 069 811 338ឬ អ៊ីម៉ែលមកកាន់ contact@roomchang.com

Has 1 មតិយោបល់
Chenla Phiveakborik
Bien
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧