ការប្រើប្រាស់ឱសថដោយសុវត្ថិភាពសំដៅលើអ្វីខ្លះ?

(6)
10055
ដោយ : Clinic Community

តើអ្នកដឹងទេថា លើសពីចំណាយទៅលើការប្រើប្រាស់ឱសថរបស់អ្នក អ្នកអាចនឹងប្រឈមទៅនឹងការព្យាបាលដោយគ្មានប្រសិទ្ធភាព និងមិនមានសុវត្ថិភាព ប្រសិនបើការប្រើប្រាស់ឱសថទាំងនោះ មិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី?

ទន្ទឹមនឹងការរំពឹងទុកនូវការជាសះស្បើយ ក្រោយពេលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ  ឬណែនាំដោយឱសថការីនូវការប្រើប្រាស់ឱសថមួយចំនួនសម្រាប់ព្យាបាលជំងឺ  ឬអាការៈរបស់អ្នក តើអ្នកធ្លាប់បានយកចិត្តទុកដាក់ ឬបារម្ភអំពីការប្រើប្រាស់ឱសថទាំងនោះ ជាពិសេសនៅពេលអ្នកមិនយល់ច្បាស់  ឬក៏មិនបានប្រើប្រាស់តាមការណែនាំដែរឬទេ?

មកដល់សព្វថ្ងៃ មិនថានៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសជឿនលឿនមួយចំនួន ភាពខ្វះចន្លោះជាច្រើនអំពីការប្រើប្រាស់ឱសថនៅតែត្រូវបានសង្កេតឃើញ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ដែលផ្សាយក្នុងឆ្នាំ២០១៦  បានបង្ហាញថា នៅប្រទេសមួយចំនួន ប្រហែល៦ ទៅ ៧% នៃករណីបញ្ជូនចូលមន្ទីរពេទ្យគឺមានទំនាក់ទំនងទៅនឹងការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  បញ្ហានេះកាន់តែគួរឲ្យបារម្ភចំពោះមនុស្សចាស់  ដោយសារតែពួកគេមានកត្តាប្រឈមជាច្រើន ដែលមួយក្នុងចំណោមនោះ គឺការប្រើប្រាស់ឱសថច្រើនមុខ។(1)

ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព និងសុវត្ថិភាពនៃការព្យាបាល ដែលពេលខ្លះអ្នកជំងឺអាចប្រឈមទៅនឹងបញ្ហាធ្ងន់ធ្ងរដែលអាចកើតឡើងដោយសារឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ។ បន្ថែមពីនេះទៀត អ្នកនឹងត្រូវចំណាយថវិកាដោយឥតប្រយោជន៍ ដែលរួមមានការចំណាយទៅលើការព្យាបាលជំងឺដែលអ្នកកំពុងមាន និងជំងឺថ្មីដែលកើតឡើងពីឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថដែលអ្នកបានទទួលរង។

ឧទាហរណ៍ ការប្រើប្រាស់ឱសថ Maalox ដែលជាឱសថព្យាបាលជំងឺរលាកក្រពះ ក្នុងអំឡុងពេលជាមួយគ្នានៃការប្រើប្រាស់ឱសថ Paracetamol នោះនឹងនាំឲ្យមានការថយចុះនូវការជ្រាបចូលឱសថ Paracetamol ទៅក្នុងឈាម ដែលបណ្តាលឲ្យការព្យាលបាលឱសថ Paracetamol មិនមានប្រសិទ្ធភាព។ 

ឧទាហរណ៍មួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកមិនបានត្រឹមត្រូវ នោះក្រៅពីការចំណាយថវិកាដោយអត់ប្រយោជន៍ក្នុងការព្យាបាលជំងឺ អ្នកមិនបានធូរស្រាលឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺមេរោគដែលមានក្នុងខ្លួនអ្នកអាចនឹងសុំាជាមួយឱសថអង់ទីប៊ីយ៉ូទិកទាំងនោះ ដែលអាចផ្តល់ផលវិបាកចំនួនពីររួមមាន៖ ទីមួយ ការព្យាបាលជំងឺរបស់អ្នកដោយឱសថនេះនឹងមិនអាចទទួលបានលទ្ធផលប្រសើរនៅពេលក្រោយ និងទីពីរ ផលប៉ះពាល់មានទំហំធំធេង ដោយមេរោគទាំងនោះអាចបន្តឆ្លងទៅអ្នកដទៃ ហើយនាំឲ្យការព្យាបាលនឹងមិនមានប្រសិទ្ធភាព។  

សរុបឡើងវិញ ការប្រើប្រាស់ឱសថដោយមិនបានត្រឹមត្រូវ នោះនឹងមានផលប៉ះពាល់ ៣ ចំណុចធំៗ៖ 
-ការព្យាបាលដោយមិនទទួលបានប្រសិទ្ធភាព 
-ការព្យាបាលដោយមិនមានសុវត្ថិភាព
-ការចំណាយថវិកាដោយអត់ប្រយោជន៍ ។

តើអ្នកកំពុងប្រើប្រាស់ ឱសថមិនត្រឹមត្រូវតាមការណែនាំឬទេ?
ការប្រើប្រាស់ឱសថដោយមិនបានយល់ពីប្រសិទ្ធភាព គោលបំណងនៃការប្រើប្រាស់ និងផលប៉ះពាល់របស់ឱសថឲ្យបានច្បាស់លាស់ទេ នោះធ្វើឲ្យមានទិដ្ឋភាពនៃការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវជាច្រើនបែប ដែលជាទូទៅរួមមាន៖
•ភ្លេចលេបឱសថ ឬលេបមិនបានទៀងពេលវេលា (យឺត ឬលឿនជាងការកំណត់)
•បញ្ឈប់ការប្រើប្រាស់ឱសថដោយខ្លួនឯងពេលទទួលអារម្មណ៍ធូរស្រាល ឬក្រឃើញប្រសិទ្ធភាពពេក
•បន្ថែមកម្រិតប្រើប្រាស់ឱសថ ឬប្រើញឹកញាប់ជាងការណែនាំ  នៅពេលចង់ឲ្យប្រសិទ្ធភាពឱសថកាន់តែល្អ ឬឆាប់ធូរស្រាល
•បញ្ឈប់ ឬបន្ថយកម្រិតដោយខ្លួនឯងដោយសារតែធុញទ្រាន់នឹងផលរំខានរបស់ឱសថ
•ភាន់ច្រឡំដែលមិនបានប្រាប់ទៅកាន់វេជ្ជបណ្ឌិត  ឬឱសថការី  ក្នុងការប្រើប្រាស់ឱសថច្រើនមុខ និងរបៀបនៃការប្រើប្រាស់ខុសៗគ្នា 
•ប្រើប្រាស់ឱសថដែលខុសពីការណែនាំមានដូចជាពិសាជាមួយទឹកក្តៅ ទឹកផ្លែឈើ ឬកិនបំបែកឱសថមុនលេប ជាដើម ។

តើអ្នកគួរធ្វើដូចម្តេច ដើម្បីឲ្យការប្រើប្រាស់ឱសថបានត្រឹមត្រូវ និងមានប្រសិទ្ធភាព?
ប្រាកដណាស់  អ្នកក៏អាចជួយខ្លួនឯងបានផងដែរ ស្របពេលដែលវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកព្យាយាមកាត់បន្ថយកត្តាដែលនាំឲ្យមានការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមរយៈការណែនាំផ្សេងៗ។ ដូចនេះ អ្នកត្រូវស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី ពេលទទួលឱសថមកព្យាបាល តាមរយៈការសាកសួរឲ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ នោះអ្នកនឹងអាចចៀសផុតពីការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  ការផ្ទៀងផ្ទាត់ឡើងវិញ ក្រោយទទួលបានឱសថជាមួយនឹងឱសថការី៖
•កត់ព័ត៌មានសំខាន់ៗដែលបានណែនាំដោយឱសថការី
•សួរឡើងវិញនូវឈ្មោះឱសថ គោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់កម្រិតប្រើប្រាស់ រយៈពេលប្រើប្រាស់  ផលរំខាន ប្រតិកម្ម ឬអន្តរកម្មជាមួយនឹងឱសថដទៃ ឬអាហារផ្សេងៗ ការរក្សាទុក និងការចៀសវាងផ្សេងៗអំឡុងពេលប្រើប្រាស់ឱសថជាដើម
•គួរទទួលឱសថដែលមានការសរសេរសេចក្តីណែនាំពីលើកញ្ចប់  ឬប្រអប់ឱសថទើបជាការប្រសើរ 
•សួរជានិច្ចប្រសិនអ្នកមិនយល់  ឬកត់សម្គាល់មានអ្វីប្លែក  ដូចជាការផ្លាស់ប្តូរមុខថ្នាំ ឬកម្រិតថ្នាំខុសពីមុន
•អ្នកគួរនិយាយ ឬបញ្ជាក់ឡើងវិញឲ្យឱសថការីស្តាប់ដើម្បីប្រាកដថាអ្នកបានយល់ច្បាស់ អំពីរបៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ
•ប្រសិនបើអ្នកមិនអាចស្តាប់នូវការណែនាំបានល្អ អ្នកគួរឲ្យគ្រួសារ ឬមិត្តភក្តិជូនអ្នកទៅ ដើម្បីឲ្យពួកគេជួយស្តាប់ការណែនាំ។ 

គន្លឹះក្នុងការប្រើប្រាស់ឱសថប្រកបដោយសុវត្ថិភាព៖
•ត្រូវរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងវេជ្ជបណ្ឌិត ឬឱសថការី ដើម្បីធានាពីភាពជាប់លាប់នៃការប្រើប្រាស់ឱសថ និងការពន្យល់ណែនាំពេលមានចម្ងល់ ជាពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ។ល។) 
•កត់ត្រា និងរក្សាទុកបញ្ជីថ្នាំ ឬឱសថបំប៉នផ្សេងៗដែលអ្នកកំពុងប្រើ សារធាតុ ឬឱសថដែលអ្នកមានប្រតិកម្មជាមួយ និង ប្រវត្តិជំងឺជាប់ខ្លួនដើម្បីទុកបង្ហាញទៅកាន់វេជ្ជបណ្ឌិត   ឬឱសថការីនៅពេលទៅទទួលការពិគ្រោះ ឬព្យាបាលណាមួយ
•ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីអំពីរបៀបដែលអ្នកប្រើឱសថជាក់ស្តែង ជាពិសេសនៅពេលដែលវាខុសពីការណែនាំ (ឧទាហរណ៍អ្នកពិបាកលេបឱសថទាំងមូល ដូចនេះអ្នកតែងកិន ឬកាច់វាមុននឹងពិសា ឬឱសថខ្លះត្រូវដាក់ចូលក្នុងទឹកមួយកែវ បែរជាច្រឡំកាច់លេប ឬការពិបាកក្នុងការប្រើប្រាស់ឧបករណ៍បាញ់ប្រភេទស្រៃ្ពយន៍ក្នុងការព្យាបាលជំងឺហឺត ឬតឹងច្រមុះជាដើម)
•ចៀសវាងប្រើប្រាស់ឱសថផ្សេងៗសម្រាប់បំបាត់អាការៈណាមួយនៃជំងឺដោយខ្លួនឯង ក្រោយពីបានទទួលការព្យាបាលដោយឱសថដែលបានចេញដោយវេជ្ជបណ្ឌិត ឬឱសថការីហើយ
•ចៀសវាងប្រើប្រាស់ឱសថរបស់អ្នកដទៃដែលមានអាការៈប្រហែលគ្នា ឬឲ្យឱសថរបស់អ្នកទៅអ្នកដទៃ
•រៀបចំទុកដាក់ឱសថនៅកន្លែងដែលសុវត្ថិភាពចំពោះឱសថ និងអ្នកប្រើប្រាស់ (ឧ ផុតពីដៃក្មេង ទុកដាក់ក្នុងសីតុណ្ហភាពដែលត្រឹមត្រូវ កុំឲ្យត្រូវពន្លឺថ្ងៃជាដើម)
•កំណត់ពេលវេលាលេបឱសថរបស់អ្នកដោយប្រើឧបករណ៍ជំនួយ(នាឡិការោទិ៍ កម្មវិធីទូរស័ព្ទជាដើម)។

ឥទ្ធិពលទៅលើប្រសិទ្ធភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺ ធ្វើឲ្យរាល់ការព្យាបាលដោយឱសថ ចាំបាច់ត្រូវស្ថិតក្រោមការណែនាំ ឬតាមដានពីវេជ្ជបណ្ឌិត ឬឱសថការី និងចៀសវាងការប្រើប្រាស់ឱសថដោយខ្លួនឯង ពីព្រោះអ្នកមិនបានដឹងទេថា ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនោះអាចផ្តល់ផលអវិជ្ជមាន និងធ្ងន់ធ្ងរកម្រិតណាដល់អ្នកផ្ទាល់។

អត្ថបទយោង៖
(1) Medication Errors: Technical Series on Safer Primary Care. Geneva: World Health Organization; 2016
.

ប្រឹក្សាយោបល់ដោយ ៖ បណ្ឌិត បូរី សុថ្ថាវីរៈ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧