[លែងឆ្ងល់] ហេតុអ្វីមានអារម្មណ៍ចង់ក្អួត ពេលដុសធ្មេញព្រឹកឡើង?

ក្រោកពីគេងមក ធ្វើអ្វីមុនគេ? មានទម្លាប់ពេលព្រឹកអ្វីខ្លះ ដែលតែងតែធ្វើជាប្រចាំ និងរៀងរាល់ព្រឹកនោះ?

តើមាននរណាខ្លះដែលងើបពីគេងមក ដឹងតែមិនភ្លេចរឿងទាញយកច្រាសដុសធ្មេញមកដុសធ្មេញ? ហើយមានថ្ងៃខ្លះ ឬជាញឹកញាប់ ក៏មានអារម្មណ៍ថាចង់ក្អួត?  ដំបូងមិនអីទេ ក្រោកពីគេងមកធម្មតាទេ ហើយដល់ពេលកំពុងដុសៗធ្មេញ ចេះតែមានអារម្មណ៍ថាចង់ចង្អោរ?

តើធ្លាប់បានសួរនរណាម្នាក់អំពីបញ្ហានេះឬនៅ? ប្រាកដទេថា ចម្លើយដែលគេផ្តល់ជូនអ្នកនោះ អាចទុកចិត្តបាន? 

តោះ! ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយ ដែលជាការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយគ្នា…

«ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។

ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។

ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។

ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។»

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់

profile.png
Chea Panha 8 ខែ មុន

ខ្ញុំមានអាការ:បែបនេះម្តងម្កាលតើវាមិុចដែរ?

profile.png
Clinic Community 8 ខែ មុន

យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា «ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia»។ សូមអរគុណ...

ឆ្លើយតប
profile.png
រាជបុត្រ តូច 9 ខែ មុន

និយាយត្រូវណាស់

profile.png
Clinic Community 9 ខែ មុន

សូមអរគុណ

ឆ្លើយតប
profile.png
Srey Sros NK 9 ខែ មុន

ខ្ញុំមានបញ្ហាដូចនេះប៉ុន្តែគ្មានអាការះដូចជាស្គមស្គាំង.ល.នោះទេ​តើមកពីមូលហេតុអ្វីដែរទៅ?

profile.png
Clinic Community 9 ខែ មុន

បងគួរតែជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការរោគវិនិច្ឆ័យ និងស្វែងរកមូលហេតុពិតប្រាកដនៃអាការៈនេះ ព្រោះថាសម្រាប់ការវិនិច្ឆ័យរោគដែលត្រឹំមត្រូវ ចាំបាច់ត្រូវដឹងពីស្ថានភាព និងអាការៈ រួមទាំងចំណុចពាក់ព័ន្ធ ដូចជាប្រវត្តិជំងឺ ជាដើម។ សូមអរគុណ...

ឆ្លើយតប
profile.png
ស្រីនិច្ច ផ្ទះបង្អែម 9 ខែ មុន

ចុះលោកគ្រូបើសិនជាទុកយូរមិនព្យាបាលតើអាចកើតបញ្ហាធំទេ?

profile.png
Clinic Community 9 ខែ មុន

ប្រសិនបើបងមានបញ្ហានេះ បងគួរតែជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីធ្វើការរោគវិនិច្ឆ័យ និងស្វែងរកមូលហេតុពិតប្រាកដនៃអាការៈនេះ ហើយក្រុមការងារនឹងព្យាយាមស្វែងរកចម្លើយជាការបកស្រាយពីវេជ្ជបណ្ឌិតឯកទេសជូនផងដែរ។ សូមអរគុណ...

ឆ្លើយតប