ព្រោះតែសាច់ព្រៃចម្អិនមិនបានល្អ ទើបមានករណីឈឺ និងស្លាប់ថ្មីៗនេះនៅកម្ពុជា

()
555
ដោយ : Clinic Community

តើវាបណ្តាលមកពីមូលហេតុអ្វី? ហេតុអ្វីក៏អាចបណ្តាលឲ្យមានករណីឈឺ និងស្លាប់បែបនេះ? តើអ្វីខ្លះជាមូលហេតុពីក្រោយករណីគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតទាំងនេះ? យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជូននូវព័ត៌មានខ្លឹមៗដែលរួមមានដូចខាងក្រោម ៖


និយមន័យ
ជំងឺដង្កូវព្រូនទ្រឹស៊ីណែឡា ហៅថាទ្រឹស៊ីណែឡា (Trichinellosis) គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬសាច់ចម្អិនមិនឆ្អិនល្អដែលសាច់នោះមានដង្កូវព្រូនទ្រឹស៊ីណែឡា។

រោគសញ្ញា
រោគសញ្ញាដំបូង  រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្ដៅ។ ឈឺពោះអាចកើតមានឡើងក្នុងអំឡុងពេល ១ទៅ ២ថ្ងៃ បន្ទាប់ពីឆ្លងដង្កូវព្រូនទ្រឹស៊ីណែឡាចូលក្នុងខ្លួនមនុស្សយើង។ បន្ទាប់ពីរោគសញ្ញាដំបូងមក មានអាការៈដូចជាឈឺក្បាល គ្រុនក្ដៅ ក្អក ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់និងឈឺសាច់ដុំ រមាស់ស្បែក រាក ឬទល់លាមក។ 

រោគសញ្ញាផ្សេងទៀត ជាធម្មតាចាប់ផ្ដើមពី២ ទៅ ៨ សប្ដាហ៍ បន្ទាប់ពីការបរិភោគសាច់ដែលមានដង្កូវព្រូននេះ។  

រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាពិបាកធ្វើចលនា និងបង្កបញ្ហាដល់បេះដូងនិងដង្ហើម ដែលបណ្ដាលមកពីការរាតត្បាតនៃដង្កូវព្រូននេះនៅក្នុងសរីរាង្គមនុស្ស (ដូចជាស្ងួត បេះដូង ថ្លើម និងខួរក្បាលជាដើម) និងអាចបណ្ដាលឲ្យស្លាប់បាន។

ការព្យាបាល
ការព្យាបាល គឺសាមញ្ញ និងមានប្រសិទ្ធភាពបាន។ នៅពេលចាប់ផ្ដើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយផ្អែកលើរោគសញ្ញា និងប្រវត្តិនៃការញុំសាច់ឆៅ ឬសាច់មិនឆ្អិនល្អ ជាពិសេសសាច់សត្វព្រៃ ។ 

វិធីការពារ
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់
៣. លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។
៦. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។
៧. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
    ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
    ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។  

គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មាននៃគេហទំព័រ Fresh News បានឲ្យដឹងថា «ក្រោយពីទទួលបានព័ត៌មានពីមន្ត្រីឧទ្យានុរក្សបរិស្ថានការពារព្រៃឡង់ អំពីករណីឆ្លងជំងឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងកេតុមាលា រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មន្រ្តីនាយកដ្ឋានជំងឺឆ្លងបានចុះទៅមន្ទីរពេទ្យទាំងពីរខាងលើ និងបានធ្វើសេចក្តីសន្និដ្ឋានថា បណ្តាលមកពីចំលង Larves Trichinella Spiralis ដោយបរិភោគសាច់ព្រៃដែលចំអិនមិនឆ្អិនល្អ និងផឹកស្រាសរដែលពុំមានប្រភពច្បាស់លាស់ ដែលពុំមានការត្រួតពិនិត្យ ត្រឹមត្រូវពីមន្ត្រីជំនាញ»។ បន្ថែមពីលើនេះ Fresh News ក៏បានបញ្ជាក់ផងដែរថា មានប្រជាពលរដ្ឋចំនួន៧នាក់ (ម្នាក់ជាមន្ដ្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ ៣នាក់រស់នៅឃុំសណ្ដាន់ និង៣នាក់ទៀតរស់នៅឃុំមានរិទ្ធ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ) បានស្លាប់ដោយសារតែហូបស្រាច្រើន និងសាច់សត្វឆៅនៅក្នុងព្រៃ។

ដើម្បីទប់ស្កាត់ ក៏ដូចជាបង្ការនូវករណីគ្រោះថ្នាក់ និងស្លាប់បន្ថែមទៀត ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏សូមអំពាវនាវដល់ប្រជាជនដែលរស់នៅក្បែរព្រៃទាំងអស់ «សូមបរិភោគសាច់ចំអិនល្អ និងកុំបរិភោគសាច់ព្រៃឆៅឲ្យសោះ» ។ យ៉ាងណាមិញ មន្ត្រីជំនាញកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ចំណែកឯមន្រ្តីជំនាញថ្នាក់ជាតិ ក៏បាន និងកំពុងចែកឱសថព្យាបាល និងការពារការឆ្លងប៉ារ៉ាស៊ីតប្រភេទ Trichenolla Spiralis ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ប្រភព ៖ គេហទំព័រផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧