ពេលសួរថា«រៀនពេទ្យពិបាក»មែនក៏អី? ទាំងនេះជាចម្លើយ…

(5)
443
ដោយ : Clinic Community

នរណាៗក៏និយាយឃ្លាហ្នឹងដែរ!!!​ តែសំខាន់បានលឺ១លានដងមិនស្មើនឹងបានឆ្លងកាត់១ដងនោះឡើយ។ ពាក្យសម្តីខ្លះក៏គ្រាន់តែជាពាក្យចចាមអារ៉ាមដែលមនុស្សនិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ហើយក៏បានក្លាយជាផ្នត់គំនិតមួយដែលមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះឡើយ។ ហេតុនេះហើយ ទើបក្រុមការងារបានចោទជាសំណួរនេះទៅកាន់និស្សិតផ្នែកសុខាភិបាលដែលបានផ្តល់បទសម្ភាសន៍កន្លងមក ដើម្បីបានស្តាប់ពីអារម្មណ៍ និងការយល់ឃើញពីអ្នកដែលបាន ឬកំពុងឆ្លងកាត់ផ្ទាល់តែម្តង...

ចង់ដឹងថាវាជារឿងពិត ឬមិនពិត សូមបន្តអានខាងក្រោមនេះ...

លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ការសិក្សាផ្នែកទន្តសាស្រ្ត មិនខុសពីមុខវិជ្ជាផ្សេងនោះទេ គឺសុទ្ធតែមានការលំបាកដូចគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ និស្សិតមិនគួរបិទនូវផ្លូវចំណេះដឹងរបស់ខ្លួនត្រឹមតែការសិក្សានៅសាកលវិទ្យាល័យឡើយ គឺត្រូវតែបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនទៅមុខជានិច្ចតាមរយៈការធ្វើការស្រាវជ្រាវ ដើម្បីពង្រីកនូវការយល់ដឹងរបស់ខ្លួន។ នៅពេលឡើងដល់ឆ្នាំបន្តបន្ទាប់ ចំណេះដឹង និងការហ្វឹកហាត់ផ្សេងៗនឹងត្រូវបានប្រើប្រាស់ និងអនុវត្តផ្ទាល់នៅលើអ្នកជំងឺ។ វាប្រៀបបាននឹងវដ្តមួយដែលនឹងបន្តសម្លឹងមើល(អង្កេត) រៀនសូត្រ អនុវត្ត និងពិនិត្យមើលលទ្ធផលនៃការងារ ហើយសិក្សាពីកំហុស ហើយបន្តអនុវត្តជំនាញបន្ថែមទៀត ដែលនេះជាមូលហេតុដែលត្រូវបានគេហៅថា«Dental practitioner» ជាអ្នកដែលរៀន និងអនុវត្តជាបន្តបន្ទាប់។

សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តន៍តាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។
 
សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។

លី ហ្សូកា និស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ(IU)
ពាក្យនេះត្រឹមត្រូវតែមិនទាំងស្រុង មិនថារៀនមុខវិជ្ជាណាគឺសុទ្ធតែពិបាកគ្រាន់តែតិចនិងច្រើន សំខាន់សួរខ្លួនឯងវិញថា តើស្រឡាញ់មុខវិជ្ជាដែលកំពុងរៀននឹងកំរិតណា? បើយើងស្រឡាញ់នៅអ្វីដែលយើងរៀន ច្បាស់ណាស់ មិនថាមុខវិជ្ជានឹងលំបាកកម្រិតណាក៏យើងនៅតែអាចខិតខំរៀនដល់ចប់បានដែរ តែបើរៀនមុខវិជ្ជាផ្ទុយពីឆន្ទ:ទោះមុខវិជ្ជានឹងស្រួលរៀនក៏មានអារម្មណ៍ថាហត់នឿយលំបាកដែរ។

លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ
នាងខ្ញុំយល់ស្រប  ប៉ុន្តែ ពេលដែលមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូរហូតដល់បញ្ចប់ ដូចពាក្យដែលគេនិយាយថា«ព្យាយាមគង់បានសម្រេច»

ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការរៀនពេទ្យមិនស្រួលពេកហើយក៏មិនពិបាកពេកនោះដែរ ព្រោះថានៅសាកលវិទ្យាល័យខ្ញុំ មានសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនរូប ដូច្នេះ ពួកគាត់តែងតែចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការសិក្សាមុខវិជ្ជាមួយនេះឲ្យបានជោគជ័យ និងពន្យល់មេរៀនបានល្អងាយចាប់បាន ហើយឆាប់យល់។

សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ
វាជាអ្វីដែលខ្ញុំបានលឺទាំងពីខ្ញុំមិនទាន់ស្គាល់អ្វីដែលហៅថាវិស័យទន្តសាស្រ្តម្ល៉េះ…ប៉ុន្តែតើមានមុខវិជ្ជាណាដែររៀនទៅងាយស្រួល ហើយមិនជួបឧបសគ្គនោះ? សំខាន់ គឺចិត្តស្រលាញ់ ការតាំងចិត្ត ត្រូវយកក្តីស្រមៃ និងគោលដៅមកដាក់ក្នុងការសិក្សា ដូចនេះគ្មានពាក្យថាលំបាកទៀតទេ។

ហេង ចាន់ឡៃ និស្សិតទន្តសាស្រ្តឆ្នាំទី៦ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំយល់ស្របទៅនឹងមតិនេះផងដែរ មិនត្រឹមតែមុខវិជ្ជាពេទ្យទេ មុខវិទ្យាផ្សេងក៏ពិបាកដូចគ្នា គ្រាន់តែមុខវិទ្យាពេទ្យមានទាក់ទង ទៅអ្នកអាយុជីវិតរបសអ្នកជំងឺ ដូចឆ្នេះយើងមិនត្រូវលេងសើចលើអាយុជីវិតរបស់នរណាម្នាក់ទេ ព្រោះជីវិតម្នាក់ៗមានតម្លៃស្មើគ្នា។

វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital)
ខ្ញុំក៏យល់ស្របនឹងគំនិតនេះដែរ ប៉ុន្តែមិនមែនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើបាននោះទេ ព្រោះមុខវិជ្ជានេះទាមទារឲ្យយល់ច្បាស់នូវចំណុចសំខាន់ ព្រោះត្រូវប្រើប្រាស់ឱសថក្នុងការព្យាបាលជំងឺ សុវត្ថិភាព ប្រសិទ្ធភាព និង អាយុជីវិតអ្នកជំងឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន ហើយក៏ទាមទារនូវការអត់ធ្មត់ និង ការខិតខំប្រឹងប្រែងខ្ពស់។

ឡូវ ប៉េងហុង និស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ពិតណាស់! មូលហេតុទី១ គឺដោយហេតុថា ត្រូវចំណាយពេលយូរ គឺចន្លោះពី៨ទៅ១០ឆ្នាំឯណោះ។ បើទោះជាត្រូវលះបង់ពេលវេលាច្រើន ហើយក៏មិនប្រាកដថាមានកន្លែងធ្វើការងារល្អទៀត។ ម្យ៉ាងទៀត ត្រូវចំណាយពេលប្រាក់ច្រើន ដើម្បីបង់ថ្លៃសិក្សាមិនដូចជាមុខវិជ្ជាដទៃនោះទេ។ មូលហេតុមួយទៀត គឺសម្ផស្ស និងថាមពលមិនត្រូវលះបង់ និងចំណាយច្រើន ដោយសារតែត្រូវរៀនយូរហើយត្រូវចំណាយពេលចុះស្តារ និងយាមនៅពេទ្យទៀត។ ជាចុងក្រោយ គឺងាយប្រឈមនឹងការវាយប្រហារនៃពាក្យសម្តីរបស់អ្នកជំងឺនៅមន្ទីរពេទ្យ ព្រោះថាជាទូទៅ អ្នកជំងឺមិនសូវគោរព និងឲ្យតម្លៃដល់និស្សិតពេទ្យចុះស្តារនោះឡើយ ហេតុនេះហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកប្បកិរិយា និងពាក្យសម្តីរបស់ខ្លួនជាមួយនឹងអ្នកជំងឺ។

ចុះនិសិ្សតពេទ្យដទៃទៀតវិញ? គិតបែបណាចំពោះឃ្លាខាងលើនេះ?

យ៉ាងណាមិញ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ គឺមិនមានអ្វីដែលងាយស្រួលនោះទេ មុខវិជ្ជាសិក្សានីមួយៗសុទ្ធតែមានលក្ខណៈពិសស បង្កប់នូវភាពលំបាក និងងាយស្រួលផ្សេងៗពីគ្នា។ សំខាន់ឆន្ទៈរបស់ខ្លួនអ្នកដែលជ្រើសរើសទៅវិញទេ ដែលត្រូវតែប្រាកដចិត្តថា«រៀនពេទ្យ ព្រោះតែឆន្ទៈផ្ទាល់ខ្លួន» នោះមិនថាមានភាពលំបាក ឬឧបសគ្គបែបណានោះទេ ក៏នឹងអាចជម្នះបានជានិច្ច…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Seakhoeung Vong

Basically it's not really different from other majors. 

And Mostly depend on how we adabt with difficulty. 

Clinic Community
Such a great comment, thanks

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧