ចេះតែហូរឈាមច្រមុះក្រោយសម្រាលកូនរួច?

()
61
ដោយ : Clinic Community

សំណួរ ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្ត កំពង់ឆ្នាំង។ ខ្ញុំទើបតែសម្រាលកូនហើយបាន៤ខែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំខ្វល់ខ្វាយនោះ គឺខ្ញុំហូរឈាមច្រមុះជារឿយៗបន្ទាប់ពីសម្រាលកូនរួច ហើយពេលខ្លះនៅក្នុងបន្ទប់ត្រជាក់ ក៏មានហូរឈាមដែរ។ ជាការពិត ក្នុងអំឡុងពេលខ្ញុំកំពុងពពោះ ក៏មានឈាមច្រមុះតិចៗម្តងម្កាលដែរ។ តើខ្ញុំមានបញ្ហាអ្វីមែនទេ? តើត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយបាន?
          
ចម្លើយ ៖ ជំងឺរបស់ប្អូនកើតឡើងបណ្តាលមកពីបម្រែបម្រួលអ័រម៉ូននៅអំឡុងពេលមានផ្ទៃពោះ។ អ័រម៉ូនទាំង២នោះគឺ Progesterone និង Estrogen ដែលធ្វើឲ្យសរសៃឈាមនៅច្រមុះ រីកធំ (Nasal vasodilatation) ដូចនេះ កាលណានៅក្នុងបន្ទប់កាន់តែត្រជាក់ នោះបញ្ហានឹងចោទកាន់តែខ្លាំង ដោយសារសរសៃឈាមដែលរីកធំ អាចប្រេះនាំឲ្យមានការហូរឈាម ដែលអាការៈទាំងនេះនឹងអាចបាត់ទៅវិញ បើសិនការហូរឈាមតិចតែប្រសិនបើហូរឈាមខ្លាំងវិញត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការឃាត់ឈាម (Nasal Tamponude)តែម្តង។ 

ដូចនេះ អ្វីដែលប្អូនស្រី ត្រូវធ្វើគឺ ពាក់ម៉ាស់ការពារ តមរបស់ត្រជាក់ឬនៅបន្ទប់ម៉ាស៊ីនត្រជាក់ជាដើម។ ជាពិសេសប្អូន ឲ្យត្រូវទៅជួបគ្រូពេទ្យផ្នែករោគស្រ្តីដើម្បីស្វែងរកមូលហេតុពិតប្រាកដណាមួយ ដែលពេលខ្លះកង្វះវីតាមីនមួយចំនួនក៏បណ្តាលឲ្យមានបញ្ហានេះផងដែរ ឧទាហរណ៍វីតាមីនសេ ដែលកង្វះខាតរបស់វា នាំឲ្យសរសៃឈាមមានភាពផុយស្រួយ។ 

គួររំលឹកផងដែរ បម្រែបម្រូលអ័រម៉ូនកើតមាននៅពេលមានផ្ទៃពោះ ហើយនឹងអាចត្រឡប់មកធម្មតាវិញ នៅថ្ងៃទី៥ ឬទី៦ក្រោយពីសម្រាល ឬប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គល។ ដោយឡែក បញ្ហាកើនឡើងនូវសម្ពាធឈាម នៅអំឡុងពេលមានផ្ទៃពោះក៏អាចទាក់ទងនឹងអាការៈរបស់ប្អូនផងដែរ ហើយការកើនឡើងនូវសម្ពាធឈាមនេះ អាចនឹងបន្តរហូតដល់៣ខែទៅ៦ខែបន្ទាប់ពីសម្រាលកូន។ ដូចនេះសំណូមពរចុងក្រោយគឺ 

សូមប្អូនស្រីទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីតាមដានអាការៈរបស់ប្អូន មិនថាមុនឬក្រោយ សម្រាល និងទទួលយកដំបូន្មាន ក៏ដូចជាការផ្តល់ជាឱសថបំប៉ន ឬវីតាមីនបន្ថែមពីលើរបបអាហារ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧