ហេតុអ្វីបានជាភ្នែកវះដាក់កែវហើយ នៅតែមិនភ្លឺច្បាស់ និងនៅមានទឹកដក់បាតភ្នែក?

()
33
ដោយ : Clinic Community

សំណួរ ៖ ខ្ញុំមានអាយុ ៦១ឆ្នាំ ភេទស្រី កម្ពស់ ១.៥៨ម៉ែត្រ ទម្ងន់ ៥៣គីឡូក្រាម សព្វថ្ងៃជាមេផ្ទះ។ អស់រយៈពេល ៧ ទៅ ៨ឆ្នាំហើយដែលខ្ញុំមានអាការៈព្រិលភ្នែក ហើយខ្ញុំក៏ធ្លាប់បានទៅទទួលបានការព្យាបាលដោយធ្វើការវះកាត់ និងទៅពេទ្យពិនិត្យសម្ពាធទឹកជាប្រចាំផងដែរ។ ខ្ញុំមានប្រើប្រាស់ថ្នាំជាប្រចាំដូចជា ថ្នាំលើសឈាម លើសជាតិខ្លាញ់ និងប៉ូវឆ្អឹង។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា ហេតុអ្វីបានជាភ្នែកវះដាក់កែវហើយ នៅតែមិនភ្លឺច្បាស់ និងនៅមានទឹកដក់បាតភ្នែក?

ចម្លើយ ៖ គួរបញ្ជាក់ថា ជំងឺទឹកដក់ក្នុងភ្នែករបស់អ្នកជំងឺ និងការវះកាត់ដាក់កែវ ឬហៅថាវះកាត់បកបាយភ្នែក ពុំមានការទាក់ទងគ្នាឡើយ។ ចំពោះជំងឺទឹកដក់ក្នុងភ្នែក ការវះកាត់ខាងលើមិនអាចកែបញ្ហាបានឡើយ ដូចនេះរឿងចាំបាច់ដែលត្រូវធ្វើ គឺត្រូវទៅជួបជាមួយនឹងគ្រូពេទ្យភ្នែកជាប្រចាំ ជាពិសេសអ្នកជំងឺដែលមានអាយុចាប់ពី ៤៥ឆ្នាំឡើង ពីព្រោះជំងឺទឹកដក់ក្នុងភ្នែកអាចនឹងពុំផ្តល់សញ្ញាណាមួយឲ្យបានដឹងឡើយ រហូតដល់វាឈានដល់ដំណាក់កាលធ្ងន់ធ្ងរប៉ុណ្ណោះ។ 

ជាក់ស្តែង ជំងឺទឹកដក់ក្នុងភ្នែក ពុំអាចជាសះស្បើយឡើយ ប៉ុន្តែការព្យាបាលឲ្យបានទៀងទាត់ និងត្រឹមត្រូវអាចពន្យារនូវការវិវឌ្ឍរបស់វា ពោលគឺបាត់បង់ការមើលឃើញឲ្យប្រព្រឹត្តទៅសន្សឹមៗ។  ដោយឡែក ទោះជាជំងឺឡើងបាយ និងទឹកដក់ក្នុងភ្នែក ជាធម្មតាពុំមានអ្វីពាក់ព័ន្ធគ្នា តែក្នុងករណីពិសេសខ្លះអាចមានការពាក់ព័ន្ធផងដែរ ដូចនេះដើម្បីដឹងថា ការឡើងបាយធ្វើឲ្យមានទឹកដក់ឬទឹកដក់មកពីបញ្ហាផ្សេងត្រូវមកជួបនឹងវេជ្ជបណ្ឌិតឯកទេសទើបជាការប្រសើរ។ 

គួរឲ្យដឹងផងដែរថា ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកមួយចំនួនមិនបានត្រឹមត្រូវ អាចជាមូលហេតុនៃជំងឺទឹកដក់ក្នុងភ្នែកបានដែលអ្នកជំងឺទាំងអស់គួរចៀសវាងប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយគ្មានការណែនាំពីគ្រូពេទ្យ ឬអ្នកជំនាញ។ សរុបមកការស្រវាំងភ្នែករបស់អ្នកជំងឺអាចទាក់ទងនឹងកម្រិតនៃការដក់ទឹក រយៈពេលនៃការបកភ្នែក តែបើ ៤ទៅ ៥ឆ្នាំ ហើយ អាចមកពីកន្លែងដាក់កែវស្រអាប់ ដែលអាចព្យាបាលឲ្យស្រឡះវិញបាន។

បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត  អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល  និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង​

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧