ផលវិបាកនៃការដាច់សរសៃជង្គង់ដែលបណ្តាលមកពីការលេងកីឡា

ការដាច់សរសៃនៅត្រង់ជង្គង់ភាគច្រើនកើតលើមនុស្សវ័យកណ្តាលជាពិសេសក្នុងវ័យលេងកីឡាឬអ្នកមានសកម្មភាពខ្លាំងតែពួកគាត់ហាក់ដូចជាមិនទាន់យល់ច្បាស់ពីបញ្ហានេះនៅឡើយទេ។ដោយបញ្ហាដាច់សរសៃនៅត្រង់ជង្គង់ត្រូវបានមើលរំលងពីផលវិបាករបស់វា ព្រោះអ្នកលេងកីឡាយល់ថាខ្លូនគ្រាន់តែ គ្រិច ថ្លោះ ឬភ្លាត់ជាដើម ហើយកន្លែងដែលងាយរងគ្រោះជាងគេនោះនៃរាងកាយមាន កជើង និងជង្គង់។ 

ការដាច់សរសៃនៅត្រង់ជង្គង់នេះចែកជាបីប្រភេទ៖
•ករណីស្រាល (គ្រិច) ៖ ជាករណីដែលមានប៉ះពាល់ដល់សរសៃនៅត្រង់ជង្គង់ ( Ligament ) ធ្វើឲ្យមានសភាពយ៉ារ យឺត តែមិនដាច់។
•ករណីមធ្យម (ថ្លោះ) ៖ ជាករណីដាច់ខ្លះនៃសរសៃនៅត្រង់ជង្គង់( Ligament )។
•ករណីធ្ងន់ (ភ្លាត់) ៖ ជាករណីដែលធ្វើឲ្យការដាច់សរសៃនៅត្រង់ជង្គង់( Ligament ) ទាំងអស់ ហើយមានការឈាមកក និងសន្លាក់គ្មានលំនឹង។

រោគសញ្ញា ៖
មានការឈឺចាប់ភ្លាមៗ ហើម និងមានកកឈាមក្នុងសន្លាក់ព្រមទាំងពិបាកធ្វើចលនា តែវាអាចធូរស្រាលពេលប្រើប្រាស់ថ្នាំប្រភេទបំបាត់ការឈឺចាប់ (រឹត ស្អំ លេប) ដែលបណ្តាលឲ្យអ្នកជំងឺមិនបានមកពិនិត្យឲ្យបានត្រឹមត្រូវ។

ការព្យាបាល ៖
ផ្នែកដែលរងប៉ះទង្គិចជាងគេនោះគឺ សរសៃដែលនៅសងខាង និសរសៃដែលនៅខាងក្នុងសន្លាក់របស់ជង្គង់។ ការព្យាបាលគឺមានភាពខុសប្លែកពីគ្នា និងអាស្រ័យទៅតាមការខូចខាតផងដែរ ៖
•ប្រសិនបើក្នុងករណីគ្រិច ៖ ការព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការសម្រាកឲ្យបានច្រើនក្នុងរយៈពេលមួយខែកន្លះ ព្រមជាមួយគ្នានោះសកម្មភាពកីឡាក៏ត្រូវបានបញ្ឈប់ក្នុងពេលតែមួយផងដែរ។
•ប្រសិនបើក្នុងករណីថ្លោះ ៖ ការព្យាបាលដែលល្អប្រសើរគឹ ការអបជង្គង់ក្នុងរយៈពេលមួយខែ អ្នកជំងឺនឹងអាចចាប់ផ្តើមធ្វើចលនាជង្គង់ថ្នមៗ។ ក្រោយការព្យាបាលគាត់អាចត្រឡប់មកសភាពធម្មតាក្នុងរយៈពេលមួយខែកន្លះ។
•ប្រសិនបើមានការដាច់សរសៃនៅខាងក្នុងសន្លាក់វិញ អាចនាំឲ្យជង្គង់លែងមានលំនឹង អាចមានការភ្លាត់ភ្លាមៗ កម្លាំងនៃជង្គង់នេះក៏ចុះខ្សោយស្របពេលគ្នា។ 
ការព្យាបាលនេះទាមទាររហូតដល់ការវះកាត់តសរសៃដែលដាច់មកវិញ ធ្វើឲ្យសភាពអ្នកជំងឺមានភាពប្រសើរឡើង ប៉ុន្តែក្រោយការវះកាត់ គឺតម្រូវឲ្យអ្នកជំងឺធ្វើសកម្មភាពស្រាលៗ និងមិនអនុញ្ញាតឲ្យគាត់បន្តសកម្មភាពកីឡាដូចមុនក្នុងរយៈពេលមួយរយៈពេលធំ។

ការការពារ ៖
•ការពារខ្លួនពីគ្រោះថ្នាក់ធ្ងន់ធ្ងរនានា
•មានការប្រុងប្រយ័ត្នខ្លួនក្នុងពេលលេងកីឡា
•ការជ្រើសរើសកីឡាណាមួយដែលសាកសមនឹងសមត្ថភាពដងខ្លួនរបស់អ្នក។
ប្រសិនយើងមានរបួសរួចហើយការព្យាបាលត្រឹមត្រូវគឺអាចចៀសវាងនូវផលវិបាកនៅថ្ងៃខាងមុខ ពិសេសសុខភាពឆ្អឹង (ជង្គង់មិនមានលំនឹងពេលធ្វើចលនា មុខងារសាច់ដុំ និងការធ្វើចលនាមានភាពលំបាកឬឈឺចាប់) ព្រមទាំងសន្លាក់ផងដែរ ។
ប្រសិនអ្នកមិនបានទទួលការពិនិត្យបានទាន់ពេលវេលា អ្នកអាចមានការប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង រហូតដល់ការវះកាត់ប្តូរសន្លាក់ ដែលខាតទាំងពេលវេលានិងប្រាក់កាក់កាន់តែច្រើន។ 

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេសបាក់បែកឆ្អឹង និងសន្លាក់ បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរសម្រាកព្យាបាល លឹម តាំង


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 2 មតិយោបល់
Meng Sok

ត្រូវការវះកាត់ទើបអាចជួយបានក្នុងករណីនេះ

Ly Chhaypong
ខ្ញុំវិញវិញរបូតកន្លះស្មារ4ដងហើយធ្វើបែបណាទៅលោកគ្រូ
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧