គន្លឹះ៨ចំណុច ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា

()
6987
ដោយ : Clinic Community
Connect with : Diabetes Care Center

ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២នៅកម្ពុជាមានការកើនឡើងជាលំដាប់ស្របពេលមានការអភិវឌ្ឍរីកចម្រើន នៃប្រទេសនិងសាកលភាវូបនីយកម្ម។ គេប៉ាន់ប្រមាណថា មានអ្នកជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជាប្រមាណ១៧០,០០០នាក់ក្នុងឆ្នាំ២០១០ ហើយចំនួននេះនឹងហក់ឡើងទៅដល់ ២៦៤,០០០នាក់ក្នុងឆ្នាំ២០២៨(ស្មើនឹងកើនឡើងប្រមាណ៨០%)។ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែមនិងការការពារផលលំបាក ខ្ញុំបាទសុំធ្វើការបង្ហាញនូវគន្លឹះជោគជ័យ៨ចំណុច។

1.ការគ្រប់គ្រងជាតិស្ករ
ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយ ចំនួនដូចខាងក្រោម៖
-  ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករនិងបរិភោគក្នុងបរិមាណសមរម្យ ដោយចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា
-  ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករមធ្យម ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់)
-  ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍។ ការហាត់ប្រាណធ្វើឲ្យជាតិស្កររបស់អ្នកជំងឺថយចុះ
- ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបប អាហារនិងការហាត់ប្រាណ
- ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ហើយចៀសវាងជួសជាតិស្ករតែពេលព្រឹករួចមិនបានជួស ជាតិស្ករក្រោយអាហារ។

2. គ្រប់គ្រងសម្ពាធឈាម
ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមមិនមែនមានត្រឹមតែការបញ្ចុះជាតិស្ករនោះទេគឺត្រូវគិតអំពីសម្ពាធឈាមថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានា។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចខាងក្រោម៖
-  បន្ថយការពិសាប្រៃ មានដូចជាគ្រឿងផ្អាប់
-  រក្សាសម្ពាធឈាមឲ្យនៅក្រោម ១៤០/៩០មីលីម៉ែត្របារ៉តសម្រាប់អ្នកជំងឺទឹកនោមផ្អែមទូទៅ និងក្រោម១៣០/៨០មីលីម៉ែត្របារ៉ត សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានមុខងារតម្រងនោមធ្លាក់ចុះ
- ឆាប់ពិភាក្សាជាមួយគ្រូពេទ្យអំពីសម្ពាធឈាម ក្នុងករណីដែលសម្ពាធឈាមលោកអ្នកលើសពីកម្រិតដែលបានជម្រាបជូនខាងលើ។

3. គ្រប់គ្រងជាតិខ្លាញ់
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមាន ផលវិបាកលើសរសៃឈាមបេះដូង ខួរក្បាល និងសរសៃឈាមនៅអវយវៈខាងក្រោមជាដើម។ ហេតុនេះហើយ ដើម្បីកាត់បន្ថយនូវហានិភ័យខាងលើ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
- បន្ថយបរិភោគអាហារដែលមានខ្លាញ់ច្រើន ដូចជាអាហារដែលបំពងអាហារដែលចៀន ឬក៏គ្រឿងក្នុងសត្វ។ល។
-  រក្សាកុំឲ្យលើសទម្ងន់
- ពិនិត្យជាតិខ្លាញ់យ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ រួចប្រឹក្សាជាមួយគ្រូពេទ្យ តើជាតិខ្លាញ់របស់យើងលើសហើយឬនៅ។

4. ពិនិត្យនិងតាមដានតម្រងនោម
ការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅអាស៊ីយើងនេះមានផលប៉ះពាល់លើតម្រងនោមខ្ពស់ ហេតុនេះហើយអ្នកជំងឺគួរគប្បីយល់ដឹង និងអនុវត្តនូវចំណុចខាងក្រោមដើម្បីកាត់បន្ថយនូវហានិភ័យបន្ថែមពីលើការគ្រប់គ្រងជាតិស្ករ សម្ពាធឈាម និងខ្លាញ់។
-  ពិនិត្យមើលមុខងារតម្រងនោមតាមរយៈការពិនិត្យឈាម Creatinine, Urée ឲ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ
- ពិនិត្យមើលទឹកនោម Microalbumine យ៉ាងហោចណាស់ឲ្យបាន១ ដងក្នុង១ឆ្នាំ
-  ពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីការតាមដាន តម្រងនោមនិងព្យាបាលឲ្យបានទាន់ពេលវេលា
- ចៀសវាងការយល់ច្រឡំថា ថ្នាំពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមនាំឲ្យខូចតម្រងនោម។ ការសិក្សាមិនបានបង្ហាញថាមានថ្នាំពេទ្យ សម្រាប់ព្យាបាលទឹកនោមផ្អែមណាមួយដែលធ្វើឲ្យខូចតម្រងនោមនោះទេ។ ផ្ទុយទៅវិញ ការ-គ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អនោះទេដែលធ្វើឲ្យខូចតម្រងនោម។

5. ពិនិត្យ និងតាមដានភ្នែក
ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចធ្វើឲ្យអ្នកជំងឺមានបញ្ហាបាតភ្នែក និងជំងឺ ភ្នែកមួយចំនួនទៀត ហេតុដូច្នេះហើយ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
- ត្រួតពិនិត្យភ្នែកយ៉ាងតិចឲ្យបាន១ដងក្នុង១ឆ្នាំទោះបីមិនមានរោគសញ្ញាអ្វីក៏ដោយ
- ប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្នែកក្នុងករណីមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែកជាដើម។

6. ពិនិត្យ និងតាមដានជើង
អ្នកជំងឺទឹកនោមផ្អែមប្រឈមមុខខ្ពស់នឹងការមានដំបៅក្រជា ឬក៏កាត់ម្រាមជើង ឬក៏កាត់ជើងតែម្តង ខ្ពស់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហេតុដូច្នេះហើយ មានចំណុចមួយចំនួនដែលយើងត្រូវអនុវត្តប្រតិបត្តិ៖
- ដុសសម្អាតជើងឲ្យបានស្អាតជាប្រចាំ
- ចៀសវាងយកទឹកក្តៅ ឬឆ្នាំងអ៊ុតមកស្អំ
- ចៀសវាងដើរជើងទទេ
- ករណីមានដំបៅ ដាច់ខាតត្រូវតែទៅប្រឹក្សាជាមួយគ្រូពេទ្យទោះបីដំបៅនោះតូចយ៉ាងណាក៏ដោយ។

7. បញ្ឈប់ការជក់បារី
បារីនិងជំងឺទឹកនោមផ្អែម បើបូកបញ្ចូលគ្នាគឺជាគ្រោះធំរបស់អ្នកជំងឺ ។ ដាច់ខាតត្រូវតែបោះបង់ការជក់បារីឲ្យបាន កត្តាដែលគួរចងចាំគឺ៖
- អ្នកជក់បារីអាចប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម៣០ទៅ៤០%លើសអ្នកអត់ជក់បារី
- អ្នកជំងឺទឹកនោមផ្អែមដែលជក់បារីប្រឈមមុខខ្ពស់ជាងអ្នកដែលអត់ជក់បារីទៅលើជំងឺសរសៃឈាមបេះដូង ការកាត់ជើង និងការខូចបាតភ្នែក។

8. ប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យ
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរគប្បីយល់ថា ជំងឺទឹកនោមផ្អែមប្រភេទី២ជាជំងឺដែលវិវឌ្ឍទៅមុខជាប្រចាំ ពីព្រោះថា ខ្លួនយើងអាចចាស់ លំពែងយើងក៏ចាស់ ក៏ចុះទ្រុឌទ្រោមផងដែរ (លំពែងជាដើមហេតុធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទទី២)។ ហេតុដូច្នេះហើយការតាមដានជាប្រចាំជាមួយគ្រូពេទ្យគឺពិតជាកត្តាសំខាន់ ។ អ្នកជំងឺគួរគប្បី៖
- ចៀសវាងការលេបថ្នាំតាមគ្នា
- ចៀសវាងការទិញថ្នាំទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា
- ប្រឹក្សាអំពីថ្នាំដែលអ្នកជំងឺទទួលទាន ពីព្រោះជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ អ្នកជំងឺត្រូវទទួលទាន ថ្នាំរយៈពេលយូរ ដូច្នេះហើយ អ្នកជំងឺ និងក្រុមគ្រួសារ គួរគប្បីស្វែងយល់អំពីប្រភេទថ្នាំលេបនីមួយៗ ឬក៏ថ្នាំចាក់នីមួយៗដែលអ្នកជំងឺប្រើប្រាស់រាល់ថ្ងៃ៕

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសក្រពេញអ័រម៉ូន និងទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧