Q & A អំពីជំងឺទឹកនោមផ្អែមដោយលោកវេជ្ជបណ្ឌិត ផិត រ៉ាដា

()
1595
ដោយ : Clinic Community

1.    តើអ្វីទៅជាជំងឺទឹកនោមផ្អែម?
ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ (Metabolic disorder) ដែលបណ្តាលមកពីស្ករក្នុង ឈាមឡើងលើសកម្រិតធម្មតា (Hyperglycemia)។ ជាតិស្ករដែលលើសក្នុងឈាមនេះ មួយចំនួនធ្លាក់មកតាមទឹកនោមដែលធ្វើឲ្យគេ
ហៅតៗគ្នាថា ជំងឺទឹកនោមផ្អែម។

2.    តើជំងឺនេះចែកចេញជាប៉ុន្មានប្រភេទ?
ជំងឺទឹកនោមផ្អែមចែកចេញជាពីរប្រភេទគឺទឹកនោមផ្អែមប្រភេទទី១ (DM1, IDDM, Juveuil DM) និងទឹកនោមផ្អែមប្រភេទទី២ (DM2, NIDDM)។ ក្រៅពីនេះ យើងក៏ឃើញមានជំងឺទឹក-នោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះផងដែរ(Gestational Diabetes Mellitus) និងទឹកនោមផ្អែមបណ្តាលមកពីកត្តា ក៏ដូចជាជំងឺផ្សេងៗ(Secondary diabetes mellitus) ដូចជាកត្តាហ្សែន (Genetic) កត្តាក្រពេញបញ្ចេញក្នុង (Endocrine) ថ្នាំមួយចំនួន ជំងឺមួយចំនួន អ័រម៉ូនប្រភេទខ្លះ។ល។

3.    មូលហេតុអ្វីដែលធ្វើឲ្យកើតជំងឺទឹកនោម ផ្អែម?
ជំងឺនេះអាចមានលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ ឯមូលហេតុដែលបណ្តាលឲ្យកើតនោះគឺ៖
-ទឹកនោមផ្អែមប្រភេទទី១៖ ច្រើនកើតមានលើមនុស្សដែលមានអាយុក្រោម ៤០ឆ្នាំ ដែលមូលហេតុបណ្តាលមកពីកង្វះ Insulin ទាំងស្រុង (Absolute insulin deficiency) ដោយសារការខូចកោសិកាបេតាទាំងស្រុងរបស់លំពែង។
ការខូចខាតកោសិកាបេតារបស់លំពែងនេះបណ្តាលមកពី Autoimmune (៩0%) និង Idiopathic (១0%)។ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ ភាគច្រើនស្គម ស្ករឡើងខ្ពស់ៗ ហើយការព្យាបាលគឺការចាក់ Insulin មួយ ជីវិត។
-ទឹកនោមផ្អែមប្រភេទទី២៖ ច្រើនកើតលើមនុស្សដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ មូលហេតុបណ្តាលមកពីការខូចសមត្ថភាព insulin ក្នុងការបំពេញមុខងារ (Insulin resistant) ឬខ្វះ insulin តិចតួច (Relative insulin deficiency)។ អ្នកជំងឺក្នុងប្រភេទនេះភាគច្រើនធាត់ ហើយការព្យាបាលគឺការ ប្រើប្រាស់ថ្នាំគ្រាប់ ឬចាក់ insulin បន្ថែម។ ការញ៉ាំមានរបៀបត្រឹមត្រូវ និងការហាត់ប្រាណទៀងទាត់ជួយឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។ 

គួរបញ្ជាក់ថា Insulin ជាប្រភេទអ័រម៉ូនម្យ៉ាងដែលបញ្ចេញពីកោសិកាបេតារបស់លំពែង និងមានមុខងារដឹកជញ្ជូនស្ករចេញពីសរសៃឈាមចូលទៅក្នុងសាច់ដុំ ជាលិកាខ្លាញ់ និងថ្លើម។

4.    តើធ្វើដូចម្តេចអាចដឹងថាមានជំងឺទឹកនោមផ្អែម?
មានរបៀបពិនិត្យ ២យ៉ាងគឺ៖
-ទីមួយ៖ ត្រូវពិនិត្យជាតិស្ករពេលព្រឹកមុន ទទួលទានអាហារ បើឃើញចាប់ពី ១២៦ mg/dl ឡើងទៅក្នុងថ្ងៃខុសៗគ្នា ២ដង នោះមានន័យថាមានជំងឺទឹកនោមផ្អែមហើយ។
-ទីពីរ៖ ការពិនិត្យស្ករនៅពេលណាមួយ (Random plasma glucose) ឃើញ ចាប់ពី ២០០ mg/dl  ឡើងទៅ និងមានរោគ សញ្ញាទឹកនោមផ្អែមរួមផ្សំផងនោះ មានន័យ ថាមានជំងឺទឹកនោមផ្អែមហើយ។ ពេលខ្លះគ្រូពេទ្យ
អាចប្រើតេស្តមួយទៀតឈ្មោះ Glucose tolerance test ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺទឹកនោមផ្អែម។ ចំពោះការកំណត់យក HbA1c នៅមិនទាន់មានឯកភាព ១០០%ទេ។


5.    តើជំងឺទឹកនោមផ្អែមមានរោគសញ្ញាអ្វីខ្លះ?
បើស្ករឡើងអត់ខ្ពស់ ជួនកាលគ្មានរោគសញ្ញាអ្វីទេ។ បើស្ករខ្ពស់ អ្នកជំងឺអាចមានអាការៈ ដូចជា នោមច្រើន ស្រេកទឹក អស់កម្លាំង ស្រកទម្ងន់ ឃ្លាន ស្រវាំងភ្នែក ញ័រទ្រូង។ល។ អ្នកជំងឺខ្លះដឹងថាមានទឹកនោមផ្អែមបន្ទាប់ពីទៅធ្វើតេស្តឈាមលេង ខ្លះដឹងពេលធ្វើតេស្តឈាម ពេលវះកាត់ ខ្លះទៀតដឹងពេលឃើញមានស្រមោចរោមទឹកនោមខ្លួនឯង។ល។ អ្នកខ្លះទៀត ដឹងបន្ទាប់ពីខ្លួនឯងមានផលវិបាកទឹកនោមផ្អែមហើយដូចជាស្ពឹកជើង ក្រហាយជើង ដំបៅ ជើងអត់ជា ឡើងបាយភ្នែកជាដើម។ល។

6.    តើជំងឺទឹកនោមផ្អែមផ្តល់ផលវិបាកអ្វីខ្លះ?
ជំងឺនេះបើពុំបានព្យាបាលឲ្យបានត្រឹមត្រូវទេនោះ នឹងផ្តល់ផលវិបាកធ្ងន់ធ្ងរគឺធ្វើឲ្យខូចសរសៃឈាមទាំងអស់ (micro and macro vascular damage) និងសរសៃប្រសាទ ពិសេសសរសៃប្រសាទជើង។
-ការខូចសរសៃឈាមតូចៗ ធ្វើឲ្យអ្នកជំងឺ ខូចភ្នែក ខ្វាក់ភ្នែក(Retinopathy) ខូចសរសៃប្រសាទ (Neuropathy) និងខូចតម្រងនោម (Nephropathy)។
-ការខូចសរសៃឈាមធំៗ អាចឲ្យដាច់ សរសៃឈាមខួរក្បាល(stroke) ស្ទះសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យស្លាប់ ដោយគាំងបេះដូង(Heart attack)  ខូចសរសៃឈាម និងសរសៃប្រសាទជើង(PNP) (PVD) ដំបៅរលួយជើង(gangrene) ។ល។
-ខូចសរសៃប្រសាទស្វ័យប្រវត្តិ (autono mic neuropathy) ធ្វើឲ្យអ្នកជំងឺនោមអត់អស់ ចុកចុងដង្ហើម អួលបាយ ។ល។
-ក្រៅពីនេះ អ្នកជំងឺក៏ងាយកើតជំងឺផ្សិត និងសើស្បែកផងដែរ។

7.    តើជំងឺនេះអាចព្យាបាលយ៉ាងដូចម្តេច? អាចជា ឬក៏អត់?
បច្ចុប្បន្ននេះមិនទាន់មានវិធីសាស្ត្រណាមួយអាចព្យាបាលជំងឺទឹកនោមផ្អែមជាទេ ប៉ុន្តែយើងមាន ថ្នាំដែលអាចព្យាបាល និងវិធីសាស្ត្រសម្រាប់ជួយអ្នកជំងឺឲ្យរស់នៅ និងធ្វើការងារបានធម្មតា។ ថ្នាំទាំងនោះអាចជួយបំបាត់រោគសញ្ញាដែលរំខានដល់អ្នកជំងឺ និងការពារផលវិបាកទឹកនោមផ្អែម កុំឲ្យចេញ។ ចំពោះថ្នាំមាន ២ក្រុមធំៗគឺ ថ្នាំលេប (Oral medicine) និងថ្នាំចាក់ (Insulin)។

8.    តើយើងអាចចៀសវាង និងការពារជំងឺទឹកនោមផ្អែមមុនយ៉ាងដូចម្តេច?
គ្មានថ្នាំសម្រាប់ការពារជាមុនសម្រាប់ជំងឺនេះទេ ប៉ុន្តែមានវិធានការមួយចំនួនអាចជួយបង្ការជំងឺនេះបានដូចជា សម្រកទម្ងន់ ហាត់ប្រាណ ទៀងទាត់ បរិភោគត្រឹមត្រូវ លំហែខួរក្បាល ឈប់ជក់បារី និងបន្ថយឲ្យបានជាអតិបរិមានូវការទទួលទានគ្រឿងស្រវឹង។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែម ជាប្រធានគ្លីនិក ផិតរ៉ាដា និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អន្តរជាតិភ្នំពេញ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧