យល់ដឹងពីទិដ្ឋភាពទូទៅនៃជំងឺមហារីកពោះវៀនធំ!

ការមិនបញ្ចេញរោគសញ្ញានៃជំងឺមហារីកពោះវៀនធំ (CRC) រហូតឈានដល់ដំណាក់កាលមានសភាពធ្ងន់ធ្ងរ គឺជាកង្វល់មួយដ៏ចម្បងដែលវាធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការចាប់បានពីស្ថានភាពជំងឺ ដូច្នេះហើយទើបជំងឺនេះត្រូវបានគេចាត់ទុកថាជា “ឃាតករលាក់មុខ”។

អ្វីជាជំងឺមហារីកពោះវៀនធំ ឬColorectal Cancer (CRC)?
ជំងឺមហារីកពោះវៀនធំ (CRC) បង្កឡើងពីកោសិកាពោះវៀនធំ ឬ កោសិកា rectum(ប្រវែង២ទៅ៣អុីញចុងក្រោយនៃពោះវៀនធំមុនដល់ទ្វារធំ)។អំឡុងពេលមានជំងឺ កោសិកាធម្មតានៃពោះវៀនធំនិងចុងពោះវៀនធំ ចាប់ផ្តើមមានបម្រែបម្រួលការរាលដាលមានសភាពមិនអាចគ្រប់គ្រងបានហើយមិនងាប់ទៅវិញនោះទេ។ជាទូទៅស្ថានភាពនៃកោសិកាដែលលូតលាស់នោះស្តែងចេញជាដំណាក់កាលដំបូងbenign(មិនទាន់មហារីក)ហៅថាpolypដែលអាចប្រែប្រួលនៅពេលណាមួយបង្កឲ្យក្លាយជាដុំមហារីក។
ករណីមិនមានការព្យាបាលឬធ្វើការកាត់ចេញpolypនោះវាអាចមានអានុភាពខ្ពស់ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ។ ភាគច្រើននៃជំងឺមហារីកពោះវៀនធំ(CRC) គឺជាប្រភេទ adenocarcinomas ដែលកោសិកាស្ថិតក្នុងសភាពដែលអាចបញ្ចេញទឹករំអិល និងសារធាតុរាវពីកោសិកាពោះវៀនផ្សេងៗទៀត។  

ជំងឺ CRC កើតឡើងញឹកញាប់ប៉ុណ្ណា?
មិនថាក្នុងពិភពលោកឬប្រទេសកម្ពុជាជំងឺមហារីកពោះវៀនធំ(CRC)ស្ថិតក្នុងចំណោមជំងឺមហារីកដែលតែងកើតមានឡើងជាញឹកញាប់មិនថាចំពោះបុរស ឬស្រ្តី។ ផ្អែកតាមរបាយការណ៍ទិន្នន័យនៃGLOBOCAN ក្នុងឆ្នាំ ២០១២ ក៏បានបង្ហាញផងដែរថា៖
• ជំងឺមហារីកពោះវៀនធំ (CRC) កើតមានឡើងទូទាំងពិភពលោកក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមជំងឺមហារីកទាំងអស់ (អត្រា ៩.៧%)៖ ចំពោះបុរសមានអត្រា ១០.០% ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣និងចំពោះស្រ្តីក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងអត្រា៩.២%។
• ក្នុងប្រទេសកម្ពុជា ជំងឺមហារីកពោះវៀនធំ ឬCRC ស្ថិតក្នុងលេខរៀងទី ៥ក្នុងចំណោមជំងឺមហារីកទាំងអស់ (អត្រា ៥.៥%)៖ កើតមានលើបុរសស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ (អត្រា ៦.៥%) និងចំពោះស្រ្តីក្នុងអត្រា ៤.៧% ក្នុងចំណាត់ថ្នាក់ទី ៥។មូលហេតុនិងកត្តាប្រឈមនៃជំងឺ CRCមូលហេតុ និងកត្តាប្រឈមដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំ (CRC) រួមបញ្ចូលទាំងកត្តាដែលមិនអាចគ្រប់គ្រង និងអាចគ្រប់គ្រងបាន៖

១. មូលហេតុដែលមិនអាចគ្រប់គ្រងបាន៖
• អាយុ៖ បុគ្គលចាប់ពីវ័យ ៥០ឆ្នាំឡើងទៅមានហានិភ័យខ្ពស់ប្រឈមនឹងជំងឺមហារីកពោះវៀនធំដោយហេតុថាគេឃើញមានមនុស្ស ៩០% មានជំងឺ CRC តែងកើតលើបុគ្គលក្នុងវ័យ ៥០ឆ្នាំ ឬច្រើនជាងនេះ
• ភេទ៖ បុរសមានការប្រឈមខ្ពស់ទៅនឹងជំងឺCRC ជាងស្រ្តី
• ជាតិសាសន៍៖ ជនជាតិស្បែកខ្មៅមានអត្រាខ្ពស់ទៅនឹងជំងឺមហារីកពោះវៀនធំ ឬCRC (មិនតពូជ)
ហើយជំងឺនេះជាមូលហេតុដ៏ចម្បង នៃអត្រាមរណៈក្នុងចំណោមជនជាតិស្បែកខ្មៅ
• ប្រវត្តិគ្រួសារមានជំងឺ CRC៖ ប្រសិនសមាជិកគ្រួសារអ្នកមានប្រវត្តិនៃជំងឺ CRC ឬប្រភេទជំងឺadenomatous polyposis (FAP) អ្នកអាចងាយប្រឈមនឹងជំងឺនេះ ជាពិសេសករណីគ្រួសារអ្នកមានជំងឺមហារីកក្នុងវ័យក្មេងទៀតផង
• មានកោសិកាត្រៀមមហារីកប្រភេទ Colorectalpolyps
• មានជំងឺរលាកពោះវៀន (Inflammatoryboweldiseases)៖ ជាប្រភេទជំងឺដំបៅរលាកពោះវៀន(ulcerative colitis) ឬជំងឺ Crohn’s ដែលអាចស្តែងចេញជាការរលាកពោះវៀនធំ និងបន្តប្រឈមនឹងជំងឺមហារីកពោះវៀនធំ (CRC) នៅរយៈពេលយូរណាមួយ
• ប្រវតិ្តមានជំងឺមហារីក៖ អ្នកដែលធ្លាប់មានជំងឺCRC អាចនឹងលាប់រើឡើងវិញម្តងទៀត។ ចំណែកស្រ្តីដែលមានប្រវត្តិជំងឺមហារីកក្រពេញអូវែ ស្បូនឬសុដន់ សុទ្ធតែជាមូលហេតុបង្កឲ្យមានជំងឺមហារីកពោះវៀនធំ (CRC) ក្នុងអត្រាខ្ពស់មួយ
• ជំងឺទឹកនោមផ្អែមប្រភេទ ២៖ បុគ្គលដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២ អាចនឹងវិវឌ្ឍទៅរកជំងឺមហារីកពោះវៀនធំ (CRC) ហើយលទ្ធផលនិងការព្យាករណ៍ជំងឺ CRC ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ មានការពិបាក។

២. មូលហេតុដែលអាចគ្រប់គ្រងបាន៖
• ការជក់បារី៖ អាចបង្កើនការបង្កឲ្យមានកោសិកាត្រៀមមហារីក polyps ក្នុងពោះវៀនធំ ក៏ដូចជាបង្កឲ្យទៅជាជំងឺ CRC ផ្ទាល់តែម្តង។ អ្នកជក់បារីមានអត្រា ១៨% ប្រឈមខ្ពស់ទៅនឹងការវិវឌ្ឍជាជំងឺ CRC។
• កត្តាចំណីអាហារ៖ បរិភោគរបបអាហារជាប្រភេទសាច់ក្រហម ឬកែច្នៃ អាហារមានជាតិខ្លាញ់ខ្ពស់(fast food ឬសាច់មានខ្លាញ់) អាហារមានជាតិសរសៃទាប កង្វះអាហារប្រភេទផ្លែឈើ និងបន្លែសុទ្ធតែជាមូលហេតុនៃជំងឺមហារីក CRC
• ជាតិអាល់កុល៖ អ្នកពិសាជាតិអាល់កុលកម្រិតមធ្យមប្រឈមក្នុងអត្រា ២០% នៃជំងឺCRC បើប្រៀបជាមួយអ្នកមិនសេពគ្រឿងស្រវឹង ចំណែកអ្នកពិសាក្នុងកម្រិតខ្លាំងក្លា (៤ដង ឬច្រើនជាងនេះក្នុង១ថ្ងៃ) នឹងស្ថិតក្នុងអត្រា ៥០%ប្រឈមទៅនឹងជំងឺ
• ជំងឺធាត់៖ ការឡើងទម្ងន់ក្នុងកម្រិត ១.៥ដង បង្កើនការវិវឌ្ឍឲ្យទៅជាជំងឺមហារីកពោះវៀនធំ (CRC)សម្រាប់អ្នកមានជំងឺធាត់ បើប្រៀបជាមួយអ្នកមានទម្ងន់ធម្មតា
• កង្វះការធ្វើលំហាត់ប្រាណ។

អ្នកណាប្រឈមមុខខ្ពស់នឺងជំងឺ CRC?
• អ្នកមានអាយុ ៥០ឆ្នាំ ពិសេសមនុស្សប្រុស
• អ្នកមានជំងឺរលាកពោះវៀនរ៉ាំរៃ និងមានកោសិកាត្រៀមមហារីក colorectal polyps
• អ្នកមានសមាជិកគ្រួសារដែលមានប្រវត្តិជំងឺ CRC
• អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ២
• អ្នកមានជីវភាពរស់នៅគ្មានផាសុកភាព (អ្នកជក់បារី សេពគ្រឿងស្រវឹង អ្នកមានជំងឺធាត់ អ្នកគ្មានការធ្វើលំហាត់ប្រាណ  អ្នកអនុវត្តរបបអាហារគ្មានសុខភាព)។

ជារួម ការយល់ដឹងពីកត្តាប្រឈមនៃជំងឺ ក៏ដូចជាការពិភាក្សាពីសំណាក់គ្រូពេទ្យជំនាញ ជាវិធីសាស្ត្រមួយជួយអ្នកឲ្យមានជម្រើសក្នុងការអនុវត្តជីវភាពរស់នៅប្រចាំថ្ងៃល្អនិងការថែទាំសុខភាពដ៏មានប្រសិទ្ធភាព។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧