ពេលប្រលងចូលសាលាពេទ្យកាលហ្នឹង អារម្មណ៍ពិបាកបរិយាយ

()
225
ដោយ : Kyranai Yuk

គោរពជូនសិស្សប្អូនជាទីស្រលាញ់

នឹកគិតត្រលប់ទៅសម័យហ្នឹងវិញ…ចង់សើចបន្តិច ចង់យំបន្តិច!!! 
មិនមែនលេងលេងទេ គឺជាការចងចាំដែលមិនអាចបំភ្លេចបានមួយ…

សម្រាប់ខ្ញុំ វាមិនមែនជារឿងងាយនោះទេ ក្នុងការក្លាយជានិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូប…ព្រោះថាទម្រាំមានថ្ងៃនេះ ទម្រាំបានក្លាយជាវេជ្ជបណ្ឌិតមួយរូបដែលអាចគ្រងអាវពេទ្យពណ៌ស និងមានស្តេតូដែលជាគ្រឿងអលង្ការដ៏មានតម្លៃជាងគេនេះបាន គឺមានរឿងរ៉ាវជាច្រើន…

គិតៗទៅ កាលហ្នឹង មិនខ្វល់អ្វីច្រើនទេ…ប្រលងបាក់ឌុបហើយ ដឹងតែត្រូវរៀនត្រៀមប្រលងហ្មង។ និយាយទៅ ដើរលេងបានមួយអាទិត្យ ហើយបានប្តេជ្ញាចិត្តប្រឹងប្រែងអស់ពីចិត្តក្នុងការធ្វើលំហាត់ និងទន្ទេញមេរៀន។ សម្ពាធមិនស្រាលទេណា…ឃើញមិត្តភក្តិខ្លះ មិនចាំបាច់រៀនត្រៀម ឬប្រលងអីតឹងតែងផង ក៏អាចចូលរៀនបាន ដល់ឯងនេះ រៀនថ្ងៃមិនគ្រប់រៀនយប់បន្ថែម ធ្វើលំហាត់មិនគ្រប់ ទន្ទេញមេរៀនបន្ថែម….

ដោយសារតែក្តីស្រមៃតាំងពីតូចដែលថាចង់ក្លាយជាគ្រូពេទ្យមួយរូប ហេតុនេះហើយ ហត់ប៉ុណ្ណា ពិបាកប៉ុណ្ណា ក៏មិនរាថយឡើយ ក៏ព្រោះតែបានសន្យានឹងខ្លួនឯងរួចហើយថា នឹងធ្វើឲ្យបាន។ ណាមួយក៏ខ្លាចខ្មាសអ្នកភូមិផងរបងជាមួយផង ព្រោះថាឲ្យតែដឹងថាកូនហ្នឹងចង់រៀនពេទ្យអីចឹង ដឹងតាចាំមើលម៉េចដែរ?ប្រលងជាប់អត់?

សម័យហ្នឹង គឺបែបនេះទៀត ថ្ងៃប្រលងចូលសាលាពេទ្យដឹងតែក្រោយគេបង្អស់ហើយ ចឹងហើយលទ្ធផលជាជោគវាសនាកំណត់ថាត្រូវចាំឆ្នាំក្រោយ ឬយ៉ាងណាហើយ។ 

កាន់តែកៀកថ្ងៃប្រលង កាន់តែភ័យ…ពេលខ្លះ ចង់សម្រាកដើរលេងខ្លះដែរ តែមិនហ៊ានព្រោះថាមិត្តភក្តិដែលប្រលងដែរ គេមើលមេរៀនរហូត ហើយគិតមើលទៅ បេក្ខភាពប្រលងមួយឆ្នាំៗមិនមែនតិចណា លក្ខណៈថាបេក្ខភាព ប្រលងច្រើនមធ្យម ងំត្រង់មើលទៅសុទ្ធតែអ្នកខ្លាំងទៀត អញ្ចឹងហើយមិនអាចព្រលែងដៃនោះទេ។ 

ពេលមើលមេរៀនជុំគ្នាម្តងៗ ភាគច្រើន គឺ ភ័យខ្លួនពេលឭគេសួរសំណួរគ្នា ចំសំណួរខ្លួនឯងអត់ដែលឭ ឬភ្លេចចម្លើយ ហើយក៏ចេះតែមានអារម្មណ៍ថាសំណួរខ្លះខ្លួនឯងមិនទាន់បានមើល ដែលការពិតមើលច្រើនដងហើយ (មិនដឹងយ៉ាងម៉េចបានចេះតែគិតថា«សំណួរថ្មី»រហូត)។

នរណាៗក៏ដឹងដែរថា ក្នុងចំណោមមុខវិជ្ជាទាំង៣ហ្នឹង ៖ ជីវវិទ្យា និង គីមីវិទ្យា គេធ្វើបានគ្រប់គ្នា ហើយពិបាកជាងគេគឺគណិតវិទ្យា ដែលសម្រាប់ខ្ញុំ គឺគិតថាវាកំណត់ជោគវាសនា ២ គឺ ថាជាប់ ឬធ្លាក់ និងសាលាដែលត្រូវរៀន(អ្វីដែលភ័យនោះ គឺខ្លាចមិនបានចូលរៀនសាលាដែលបានរើសជាអាទិភាពទី១)។ ពេលចេញពីប្រលង ក៏អាចស្មានដឹងខ្លះៗទៅហើយថាលទ្ធផលបែបណា ក្រោយពីផ្ទៀងចម្លើយមើលទៅ តែក៏មិនប្រាកដបាន១០០%ដែរ។

ប្រលងហើយ មិនមែនថាធូរចិត្តទេណា៎!!! នៅមានវគ្គបន្តទៀត…វគ្គឈីងចាំងចាំអ៊ុតលេខឆ្នោត!!! លលេងទេ៎…វគ្គឈីងចាំរង់ចាំមើលលទ្ធផលនុះអី…ហេងណាស់ ជំនាន់ហ្នឹង ចេញលទ្ធផលពេលយប់ជ្រៅ មិនបានចេញទៅមើល ហើយក៏បានពឹងគេឲ្យមើលឲ្យ តែក៏មិនបានសម្រេច ហើយក៏បង្ខំចិត្តគេងនៅផ្ទះបន់ឲ្យតែឆាប់ភ្លឺ…

វេលារន្ធត់ញាប់ញ័រ (មិនមែននាទីនិទានរឿងខ្មោចទេ) ក៏ឈានមកដល់…ទៅមើលលទ្ធផលជាមួយប្អូន ពេលហ្នឹង អត់ហ៊ានចូលទៅមើលខ្លួនឯងទៀត ព្រោះមិនចូលចិត្តកន្លែងមនុស្សច្រើន និងបញ្ជ្រៀតគេ ហើយទីបំផុត…អ្នកក៏ដឹងថាបែបណាដែរ គឺជាប់ជាស្ថាពរនៅសាលាជាអាទិភាពទីមួយតែម្តង។ តែដឹងឬអត់? មុនហ្នឹង ធ្លាក់ម្តងហើយកាលពីឆ្នាំមុន…តែខ្ញុំក៏មិនបានបោះបង់ដែរ…នៅតែរឹងមាំ និងតស៊ូជានិច្ច

អារម្មណ៍ពេលហ្នឹង ស្ទើរតែហោះទៅហើយ តែក៏ត្រូវទប់អារម្មណ៍។ ពិតជាមានមោទនភាពណាស់!!! ហើយក៏រីករាយខ្លំាងណាស់ដែលមានឱកាសដើរលើវិថីទៅកាន់មុខរបរនៅក្នុងក្តីស្រមៃតាំងពីតូចមួយនេះ  ហើយរឹតតែពិសេសដែលអាចជាប់ក្នុងចំណោមបេក្ខភាពច្រើននាក់…

ជូនពរអ្នកដែលប្រលងក្នុងឆ្នាំបន្ទាប់ៗឲ្យមានសំណាងល្អ…អ្វីដែលចង់បា្រប់គឺ«បើស្រលាញ់ពិត សូមប្រឹងប្រែងអស់ពីចិត្ត និងហ៊ានទទួលយកលទ្ធផលពីការខិតខំនោះ…មិនថាមានរឿងអ្វីកើតឡើង សូមជឿជាក់លើខ្លួនឯងជានិច្ច និងត្រូវចាំថា រូបអ្នកជាមនុស្សអស្ចារ្យ និងអាចធ្វើបាន» 

បើមិនបានជោគជ័យ ក៏សង្ឃឹមថានឹងនៅតែអាចរឹងមាំ និងឈានជើងទៅមុខទៀតបាន…ស៊ូស៊ូណា៎!!!

ពីរៀមច្បងមួយរូបដែលតែងតែស្រលាញ់ និងមានមោទនភាពក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាល

(បងប្រុសខ្ញុំចូលចិត្តណាស់ សរសេរសំបុត្រនៃពាក្យពេចន៍ក្នុងចិត្តទុកម្នាក់ឯង ហើយខ្ញុំក៏តែងតែជាអ្នកដែលជួយនាំសារដ៏មានន័យទាំងនោះជូនអ្នកដែលគួរអាន…ហើយគាត់ក៏មិនប្រកាន់ដែរ…)

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧