ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង

ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២​ឆ្នាំឡើងទៅ ។

និយមន័យ ជំងឺពក ក
ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។

មូលហេតុបង្ក
ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិអ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖
•តំណពូជ 
•ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម
•ពពួកជំងឺមួយចំនួនដូចជា Hashimoto's disease ឬGrave's disease ជាដើម
•ការរីកធំនៃក្រពេញទីរ៉ូអ៊ីត ដែលមានលក្ខណៈ  physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម
•ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កឲ្យមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ ត្រូវចងចាំថាមូលចម្បងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។

រោគសញ្ញារបស់ជំងឺពក ក 
រោគសញ្ញារបស់ជំងឺនេះមិនមានភាពដូចៗគ្នាទាំងអស់ទេ៖
•អ្នកជំងឺខ្លះមានអារម្មណ៍ថប់ ណែន ក ឬមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងក
•អ្នកជំងឺខ្លះមានអារម្មណ៏ពិបាកលេបចំណីអាហារ
•អ្នកជំងឺខ្លះពិបាកដកដង្ហើម ឬស្អក 
•មួយចំនួនធំ គឺមានដុំនៅហ្នឹងក ផ្នែកខាងក្រោម និងខាងមុខតែម្តង។

រោគវិនិច្ឆ័យ
ដើម្បីកំណត់រោគវិនិច្ឆ័យច្បាស់លាស់ ចាំបាច់ត្រូវពិនិត្យបន្ថែមដោយ៖
•អេកូសាស្ត្រលើផ្នែក ក
•ពិនិត្យមើល អ័រម៉ូននៃក្រពេញទីរ៉ូអ៊ីត
•Antibody test
•Thyroid scan
•FNA (biopsy)។

ការព្យាបាល
ចំពោះការព្យាបាល យើងសិក្សាទៅលើប្រភេទ ទំហំ និង ការវិវឌ្ឍរបស់ជំងឺនេះ៖
•បើពកមានទំហំតូច យើងទុកតាមដានសិន បើសិនជាដុំមិនបង្ហាញលក្ខណៈថាជាដុំមហារីក
•បើជាពកប្រភេទស្មើសាច់ (diffuse)យើងតាមដានដោយប្រើប្រាស់ថ្នាំ
•បើជាពកប្រភេទ ដុំ (nodule) ហើយធំ យើងវះកាត់យកចេញព្រោះវាអាច សង្កត់ទៅលើបំពង់ខ្យល់ បំពង់អាហារ និងប៉ះពាល់ដល់រូបសម្រស់អ្នកជំងឺ
•ករណីជាដុំមហារីក ឬមានប្រវត្តិគ្រួសារកើតជំងឺពកកជាដុំមហារីក ក៏ត្រូវវះយកចេញដែរ។

ផលវិបាកនៃជំងឺពក ក
ជំងឺពក ក ផ្តល់ផលវិបាកទៅតាមការវិវឌ្ឍរបស់វា៖
•បើដុំពករីកធំ វាអាចសង្កត់លើបំពង់អាហារ ធ្វើឲ្យពិបាកលេបអាហារ និងសង្កត់លើបំពង់ខ្យល់ធ្វើឲ្យលំបាកដកដង្ហើម ម្យ៉ាងទៀតប៉ះដល់រូបសម្បត្តិអ្នកជំងឺ។
•បម្រែបម្រួលអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យអ្នកជំងឺលេចចេញរោគសញ្ញាផ្សេងៗ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ​ ការវិវឌ្ឍនៃជំងឺ ឬការកកើតជាដុំមហារីក ជាបញ្ហាធំបំផុតសម្រាប់អ្នកជំងឺពក ក។ 

ការការពារ
ដើម្បីចៀសវាងពីជំងឺនេះ យើងគប្បីនាំគ្នា៖
•ប្រើប្រាស់អំបិលអ៊ីយ៉ូតគ្រប់ៗគ្នា 
•ហូបអាហារសមុទ្រ បានញឹកញាប់ ឬហូបបន្លែ ផ្លែឈើ ដែលដុះតាមឆ្នេរ ឲ្យបានច្រើន 
•កាត់បន្ថយហូបអាហារណាដែលធ្វើឲ្យជាតិអ៊ីយ៉ូតក្នុងខ្លួនថយចុះ។

សំណូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវឌ្ឍរហូតដល់មានផលវិបាកធ្ងន់ធ្ងរ  ពិបាកក្នុងការព្យាបាល។ មួយវិញទៀត ប្រជាជនទាំងអស់ត្រូវទម្លាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតឲ្យបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះ សូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។

បកស្រាយដោយ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា ប្រធានផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល ក នៃមន្ទីរពេទ្យ ព្រះអង្គឌួង និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ 


មតិយោបល់