ក្រសួងសុខាភិបាលណែនាំអំពីវិធីបង្ការជំងឺ និងបញ្ហាសុខភាពនានា ក្នុងឱកាសបុណ្យអុំទូកនេះ..

(9)
360
ដោយ : Clinic Community

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅចូលរួមអនុវត្តវិធានការបង្ការជំងឺ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីបញ្ហាសុខភាពដូចជា ឈឺពោះ ក្អួត រាករួស ដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យស្អាត ឬមានគ្រោះថ្នាក់ចរាចរដោយការបើកបរធ្វេសប្រហែស ឬការដួលសន្លប់ក្នុងពេលដើរកំសាន្ត។ 
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើណែនាំនូវវិធានការសាមញ្ញាការពារសុខភាពដែលមានដូចខាងក្រោម ៖

១ ការពុលចំណីអាហារ ៖ 
បណ្តាលមកពីការបរិភោគចំណីអាហារមិនស្អាត ចម្អិនមិនបានឆ្អិនល្អ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។ ដើម្បីចៀសផុតពីការពុលចំណីអាហារនេះ ដែលភាគច្រើនបណ្តាលមកពីការៀបចំទុកដាក់អាហារមិនមានអនាម័យ ឬចម្អិនមិនបានល្អ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺគ្រប់គ្នាៗចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដោយ៖
-អនុវត្តអនាម័យចំណីអាហារល្អ 
-លាងសម្អាតចំណីអាហារ និងសម្ភារៈសម្រាប់ចម្អិនឲ្យបានត្រឹមត្រូវមុនពេលចម្អិន ឬមុនពេលបរិភោគ 
-រក្សាសុវត្ថិភាពចំណីអាហារជានិច្ចដោយរក្សាទុកដាក់ត្រឹមត្រូវ និងចម្អិនអាហារឲ្យបានឆ្អិនល្អ 
-កុំពិសារសាច់ឆៅ ឬអាហារដែលមិនឆ្អិនល្អ ឬអាហារដែលទុកយូរ 
-ពិសាទឹកឆ្អិន ឬទឹកស្អាត ឬទឹកបរិសុទ្ធ
-លាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងឲ្យបានញឹកញាប់
-បន្ទោរបង់នៅតាមកន្លែងដែលមានបង្គន់អនាម័យ
-ចោលសំរាមក្នុងធុងសំរាម។

២ ការពិសាគ្រឿងស្រវឹង ៖ 
ចំពោះមនុស្សពេញវ័យទាំងអស់ សូម៖
-ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅក្នុងកម្រិតតិចតួច
-ហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ហាគ្រឿងម៉ាស៊ីន 
-បើកបរដោយប្រុងប្រយ័ត្ន កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់បើកបរ
-កុំពិសាគ្រឿងស្រាដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ 
-ករណីមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និងពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យព្យាបាល និងជួយសង្គ្រោះជាបន្ទាន់នៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ឬទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

៣ ការប្រជ្រៀតគ្នា និងការដួលសន្លប់ ៖ 
ក្រសួងសុខាភិបាល សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលចូលរួម ឬដើរកំសាន្តក្នុងព្រះរាជពិធីបុណ្យខាងលើ សូម៖
-កុំឈរ ឬអង្គុយប្រជ្រៀតក្នា ដែលធ្វើឲ្យមានសភាពថប់ណែន(ត្រូវទុកកន្លែងឲ្យទូលាយបន្តិច ឬឲ្យមានខ្យល់ចេញចូលបាន)
-ប្រសិនបើមានអាការៈសុខភាពមិនប្រក្រតី ដូចជាវិលមុខ ស្រវាំងភ្នែក ស្អាបច្រើនដង បែកញើសខុសធម្មតា ឬថប់ៗ សូមអង្គុយចុះ ហើយឆាប់រកភ្នាក់ងារសន្តិសុខ ឬបុគ្គលិកសុខាភិបាល ដើម្បីទទួលបាននូវការព្យាបាលបានទាន់ពេលនៅតាមស្តង់គ្រូពេទ្យប្រចាំការចល័ត ដែលមានទីតាំងនៅជិតពិធី។

ដើម្បីការពារអ្នក និងក្រុមគ្រួសារ សូមប្រជាពលរដ្ឋទាំងអស់អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ហើយក្រសួងសុខាភិបាលក៏សូមជូនពរឲ្យមានសុខភាពល្អ សប្បាយរីករាយ ក្នុងដំណើរកំសាន្តទៅទីជិតឆ្ងាយ។

សម្រាប់ព័ត៌មានបន្ថែម ៖ លោកវេជ្ជ. លី សូវ៉ាន់ ០១២ ៨២៥ ៤២៤

ប្រភព ៖ គេហទំព័រផ្លូវការនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Son Son
Good advice
Clinic Community
Thank you :)

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧