ការស្តាប់តន្រ្តី និងអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់

(6)
185
ដោយ : Clinic Community

ប្រសិនបើយើងធ្វើការសួរយុវវ័យ១០នាក់នោះ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨នាក់ដែរ ដែលចូលចិត្តស្តាប់តន្រ្តី ជាពិសេសពេលដែលគេមានបញ្ហាស្រ្តេស ឬសម្ពាធពីជីវិត ស្នេហា ការសិក្សា ឬការងារផ្សេងៗ។ ដោយហេតុថាពួកគេយល់ថា វានឹងជួយឲ្យគេមានអារម្មណ៍ធូរស្រាលក៏ដូចជាស្រស់ថ្លាឡើងវិញ ប៉ុន្តែគេប្រហែលជាមិនបានជ្រាបពីគុណប្រយោជន៍មហាសាលនៃតន្រ្តីនោះទេ។ នេះជាមូលហេតុដែលនាំឲ្យយើងធ្វើការចែករំលែកនូវភាពអស្ចារ្យនេះជូនដល់ប្រិយមិត្តអ្នកអានឲ្យបានដឹង ៖

·បំបាត់ការឈឺចាប់ ៖ តន្រ្តីពិតជាចូលរូមចំណែកក្នុងការបំបាត់ការឈឺចាប់មែន មិនថាកម្រិតស្រាល ឬធ្ងន់នោះទេ។ នៅក្នុងមន្ទីរពេទ្យ មួយចំនួន តន្រ្តីត្រូវបានប្រើប្រាស់សម្រាប់ កាត់បន្ថយតម្រូវការថ្នាំក្នុងពេលការប្រសូតបុត្រ បន្ថយការឈឺចាប់ក្រោយការវះកាត់ និង ជួយដល់ការប្រើថ្នាំសន្លប់ក្នុងការពេលវះកាត់ផងដែរ។ វាធ្វើទៅបាន ដោយសារវាបង្កើតប្រតិកម្មតប ដែលផ្តល់ឲ្យអ្នកជម្ងឺនូវលទ្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ហើយវាក៏ធ្វើឲ្យរាងកាយបញ្ចេញនូវអង់ដូហ្វីន ដែលប្រឆាំងនឹងការឈឺចាប់  ម្យ៉ាងចម្រៀងដែលស្លូ(មួយៗ) ជួយបន្ថយល្បឿននៃការដកដង្ហើម និងចង្វាក់បេះដូង។
·កាត់បន្ថយសម្ពាធឈាម ៖ ការស្រាវជា្រវរបស់American Society of Hypertension បានបង្ហាញថា ការស្តាប់តន្រ្តីរៀងរាល់ព្រឹក និងល្ងាច នឹងជួយកាត់បន្ថយសម្ពាធឈាម ហើយរក្សាវាឲ្យនៅទាប។
·ជាឱសថសម្រាប់បេះដូង ៖ តន្រ្តីជាមិត្តដ៏ល្អរបស់បេះដូង។ ជាក់ស្តែង ល្បឿននៃចង្វាក់បេះដូងនឹងប្រែប្រួលទៅតាមប្រភេទនៃបទចម្រៀងដែលគេស្តាប់។ 
·បង្កើនល្បឿននៃការជាសះស្បើយពីជម្ងឺដាច់សរសៃឈាមខួរក្បាល ៖ ការសិក្សាបានលើកឡើងថា វាមិនត្រឹមតែហៅត្រលប់ការចងចាំមកវិញនោះទេ វាថែមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យជាសះស្បើយឡើងវិញផងដែរ។
·ជំនួយដល់អាការៈឈឺក្បាល ៖ តន្រ្តីជួយអ្នកដែលឈឺក្បាលកាត់បន្ថយភាពខ្លាំង ភាពញឹកញាប់ និងរយៈពេលនៃអាការៈឈឺក្បាល។
·បង្កើនសន្ទុះនៃប្រព័ន្ធស៊ាំ ៖  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា មានប្រភេទបទចម្រៀងមួយចំនួនដែលអាចបង្កើតឲ្យមានបទពិសោធន៍វិជ្ជមានលើផ្លូវអារម្មណ៍ ដែលនឹងបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធស៊ាំ។ ហើយវានឹងកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យកើតមានជម្ងឺទៀតផង។ ការស្តាប់ និងច្រៀងតាមចម្រៀងទាំងនោះ ក៏កាត់បន្ថយករទីសូលនៃអរម៉ូនដែលពាក់ព័ន្ធនឹងស្រ្តេសផងដែរ។
·បង្កើនភាពវៃឆ្លាត ល្បឿននៃការសិក្សារៀនសូត្រ និង IQ ៖ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការស្តាប់ចម្រៀង និងរៀនលេងឧបករណ៍តន្រ្តី ពិតជាជួយឲ្យមនុស្សរៀនឆាប់ចេះមែន។
·បង្កើនការចងចាំ ៖ ការសិក្សាបណ្តើរ ស្តាប់ចម្រៀងបណ្តើរ ក៏ចូលរួមចំណែកក្នុងការបង្កើនល្បឿនក៏ដូចជាសមត្ថភាពនៃការចងចាំផងដែរ(តែត្រូវរើសបទចម្រៀងដែលមានតែសាច់ភ្លេង បើមិនដូច្នោះទេ អ្វីដែលអ្នកនឹងចងចាំ នឹងក្លាយជាពាក្យពេចន៍ក្នុងចម្រៀង មិនមែនមេរៀននោះទេ)។
·បង្កើនសមត្ថភាពកីឡា ៖ តន្រ្តីក៏ជួយបង្កើនចលនានៃរាងកាយផងដែរ ហើយវានឹងជួយឲ្យការលេងកីឡាផ្សេងៗកាន់តែល្អប្រសើរតាមរយៈ ការកាត់បន្ថយភាពនឿយហត់ បង្កើនអារម្មណ៍សម្រើប ការឆ្លើយតបនឹងការសម្រាកផ្នែកសរីរៈវិទ្យា និងបង្កើនល្បឿននៃប្រព័ន្ធដំណើរការ។
·បង្កើនប្រសិទ្ធភាពការងារ ៖ ការបំពេញកិច្ចការងារប្រភេទណាក៏ដោយ ឲ្យតែមានភ្ជាប់ជាមួយនឹងបទចម្រៀងដែលត្រូវចិត្តរបស់អ្នក នោះអ្នកមិនងាយនឹងមានអារម្មណ៍ថានឿយហត់ឡើយ។
·ជំនួយដល់ដំណេក៖ បទចម្រៀងបែកក្លាសិក(Classic) ជាមធ្យោបាយដ៏មានសុវត្ថិភាព ថោក និងងាយស្រួលដែលជួយប្រឆាំងនឹងការគេងមិនលក់។ ការស្រាវជ្រាវបានបង្ហាញការស្តាប់ចម្រៀងរយៈពេល៤៥នាទីមុនពេលចូលគេងនឹងជួយឲ្យអ្នកគេងលក់ស្រួលពេញមួយយប់តែម្តង។ ដោយសារតែវាកាត់បន្ថយសកម្មភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ កាត់បន្ថយការថប់អារម្មណ៍ សម្ពាធឈាម ចង្វាក់បេះដូង និងចង្វាក់ដង្ហើម ដែលនឹងធ្វើឲ្យសាច់ដុំមានពេលសម្រាក និងពង្វាងខួរក្បាលពីការគិតផ្សេងៗ។
·រំងាប់អារម្មណ៍ទុក្ខសោក ៖ តន្រ្តីពិតជាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់មនុស្ស។ ប្រសិនបើមានអារម្មណ៍ទុក្ខសោក កុំព្យាយាមស្តាប់បទកំសត់ ព្រោះវាធ្វើឲ្យអ្នកចូលតួទៅក្នុងសាច់រឿងនៅក្នុងនោះ ដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧