មិនថាផ្តាសាយនៅតែឡូយ...

(3)
115
ដោយ : Clinic Community

រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ   និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ   តែថែតាមវិធីខាងក្រោមផង៖

កន្សែងបង់ក
ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។

ម៉ាស់
ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។  ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។

បំពង់ទឹកក្តៅ
ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ  ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ   អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។

អាវរងា
ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា  និងមើលទៅស័ក្តិសម  មិនឆ្គងទេ  ព្រោះអីយើងកំពុងឈឺ  និងត្រូវការភាពកក់ក្តៅ។

ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។

ស្បែកជើងកវែង ឬស្បែកជើងឃ្លុប
ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ  វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី  ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។

ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ
ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។

និយាយទៅ បើអ្នកចង់ឡូយ មិនថាធ្វើអ្វីក៏ឡូយ ឈឺហើយក៏រិតតែត្រូវឡូយ។ ហេតុអីត្រូវឲ្យអាការៈប៉ុណ្ណឹងធ្វើឲ្យបាក់កាលីបនោះ?

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧