ធ្វើឲ្យទូបម្រុងថ្នាំរបស់អ្នកមានប្រយោជន៍ពិតប្រាកដ

សព្វថ្ងៃ ក្នុងគ្រួសារសម័យថ្មីនីមួយៗតែងមាននូវទូរ ឬក៏ប្រអប់បម្រុងថ្នាំមួយនៅផ្ទះសម្រាប់ប្រើប្រាស់ក្នុងករណីដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅរកខាងក្រៅករណីត្រូវការបន្ទាន់ភ្លាមៗ ឬប្រើបណ្តោះអាសន្នមុនពេលទៅជួបជាមួយអ្នកជំនាញ និងកាន់តែសំខាន់ក្នុងករណីដែលពិបាកចេញទៅរកជំនួយ ដូចជាខណៈពេលមានបញ្ហានៅពាក់កណ្តាលយប់ជាដើម។ ជាការពិតណាស់ ទូបម្រុងថ្នាំពិតជាអាចបង្កភាពងាយស្រួល និងដោះស្រាយនូវបញ្ហាសុខភាពស្រាលៗមួយចំនួនបានភ្លាមៗព្រមទាំងកាត់បន្ថយកត្តាហានិភ័យបានមួយកម្រិតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនទូបម្រុងទាំងអស់សុទ្ធតែអាចជួយអ្នកបានគ្រប់ពេលនោះទេដូចនេះអ្នកចាំបាច់ត្រូវដឹងចំណុចសំខាន់ៗមួយចំនួន ដើម្បីប្រាកដថាទូថ្នាំរបស់អ្នកតែងតែផ្តល់នូវសារប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកត្រូវការ និងមិនបង្កផលរំខានណាមួយដល់អ្នក ឬគ្រួសារឡើយ។

តើទូបម្រុងថ្នាំរបស់អ្នកគួរមានផ្ទុកនូវអ្វីខ្លះ?
១.    សម្ភារៈសង្គ្រោះបឋមដូចជា បង់រុំ កំប្រេសបង់ស្អិត បង់បិទរបួស ដុំសំឡី បន្ទះសំឡីអាល់កុល សម្រាប់រំងាប់មេរោគ ឧបករណ៍ ឬស្បែកជុំវិញរបួស ទឹកថ្នាំលាងរបួសសម្លាប់មេរោគ ឬក្រែមសម្លាប់មេរោគ សេរ៉ូមប្រៃសម្អាតរបួស និងលាងភ្នែកច្រមុះក្រែមប្រឆាំងការរលាក កន្ត្រៃមុត។
• សម្រាប់ប្រើប្រាស់ករណីមានរបួសតូចៗល្មមការរលាកផ្សេងៗ ដែលអាចអនុវត្តការសង្គ្រោះដោយខ្លួនឯងបាន។
២.    ថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាមួយចំនួនដែលកម្រិត និងទម្រង់ឱសថគួរតម្រូវទៅតាមវ័យរបស់សមាជិកក្នុងផ្ទះដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់  ថ្នាំបំបាត់អាការៈផ្តាសាយ ថ្នាំរាក ថ្នាំអាល្លែកហ្ស៊ី ថ្នាំបន្សាបអាស៊ីតក្រពះ ក្រែមសម្រាប់សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗម្សៅសម្រាប់លាយទឹកបង្រ្គប់ ជាតិទឹកនិងរ៉ែ ប្រេងខ្យល់ ប្រេងកូឡា ឬបំពង់ហឺត ស្ករបន្ថយអាការៈឈឺក និងក្អក។ គួរកត់សម្គាល់ថា អ្នកអាចបន្ថែមនូវផលិតផលធម្មជាតិមួយចំនួនសម្រាប់ព្យាបាលផងដែរដូចជា ទឹកឃ្មុំ និងប្រេងរុក្ខជាតិឱសថជាដើម។
• សម្រាប់សម្រួលអាការៈបន្តិចបន្តួច ដែលងាយនឹងកើតមានជាញឹកញាប់។
៣.    សំភារៈបន្ទាប់បន្សំ
• បន្ទះត្រជាក់ សម្រាប់បញ្ចុះកំដៅដែលងាយប្រើប្រាស់ ប្រើបានគ្រប់វ័យ និងគ្រប់ពេល
•  ថង់ស្អំទឹកក្តៅ ឬត្រជាក់ និងកៅអៀកសម្រាប់កាត់បន្ថយការឈឺចាប់ ឬចុករោយ
• ទែម៉ូម៉ែត្រដែលយកល្អគួរប្រើអេឡិចត្រូនិច ឬឌីជីថលជាជាងទែម៉ូមែត្របារត ចៀសវាងការបែកបាក់បង្ករបួស និងពិសេសគឺការប៉ះពាល់ជាមួយជាតិបារតដែលអាចបង្កមហន្តរាយដល់សុខភាពយ៉ាងខ្លាំង
• ឧបករណ៍វាស់កម្រិតសម្ពាធឈាម ឬជាតិស្ករប្រសិនសមាជិកគ្រួសារមានជំងឺប្រភេទនេះ
• ស៊ឺរ៉ាំង ឬឧបករណ៍សម្រាប់បឺតសំបោរប្រសិនមានក្មេងតូចៗ
• ស្ព្រៃយន៍បាញ់ទឹករ៉ែដែលមានមុខងារច្រើនដូចជាបន្ថយការរលាក សម្លាប់មេរោគ កន្ទួលរោលនានា។

តើគួររក្សាទុកទូ ឬប្រអប់ថ្នាំនេះនៅកន្លែងណា?
ការដាក់នៅកន្លែងត្រឹមត្រូវ គឺដើម្បីធានាបាននូវគុណភាពសម្ភារៈ និងថ្នាំដែលរក្សាទុកនៅក្នុងនោះ ក៏ដូចជាធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់ហើយចៀសវាងគ្រោះថ្នាក់ដោយសារការលេងរបស់ក្មេង និងជាពិសេស ដើម្បីបង្កភាពងាយស្រួលក្នុងការទៅរកបានភ្លាមៗដោយមិនបាច់ចំណាយពេលរកយូរ។ ជាទូទៅ កន្លែងដែលរក្សាទុកទូ ឬប្រអប់សង្រ្គោះបន្ទាន់ គឺក្នុងផ្ទះបាយព្រោះជាកន្លែងដែលអាចមានបញ្ហាបង្ករបួសផ្សេងៗ ឬរលាកញឹកញាប់តែងាយប្រឈមនឹងកំដៅ និងសំណើម ដូចនេះ ត្រូវរកតំបន់ដែលមានសុវត្ថិភាព ចៀសផុតពីបញ្ហាទាំងនេះ ឬយកល្អអាចដាក់នៅកន្លែងសមរម្យណាមួយដែលងាយនឹងទៅដល់ដូចជាធ្នើក្នុងបន្ទប់គេងជាដើម។

លក្ខខណ្ឌក្នុងការទុកដាក់ទូរថ្នាំ
អ្នកត្រូវប្រាកដថាវាស្ថិតនៅកន្លែងណាមួយជាក់លាក់មិនប្តូរចុះឡើងដើម្បីចៀសវាងការភ្លេច ឬច្រលំនាំឲ្យខាតពេលវេលាក្នុងការរកក៏ដូចជាការជួយសង្គ្រោះ។ ម្យ៉ាងទៀត វាត្រូវស្ថិតនៅកម្ពស់ផុតពីការឈោងដល់របស់ក្មេង ផុតពីពន្លឺថ្ងៃ និងសំណើមជាពិសេសត្រូវរក្សាភាពស្អាត និងគួរបន្ថែមរូបសញ្ញាបូក ឬអក្សរសសេរបញ្ជាក់ពីលើទូនោះ ដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង។ ដោយឡែក អ្នកត្រូវប្រាកដថាអ្នកបានចំណាយពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យទូ ឬប្រអប់បម្រុងថ្នាំឲ្យទៀងទាត់ ដើម្បីដឹងថាតើរបស់ណាមួយដែលហួសការកំណត់ខូចខាត ឬមានការខ្វះខាតណាមួយ ដើម្បីធ្វើការបង្គ្រប់វិញ។ ជាជំនួយ អ្នកគួរបង្កើតជាបញ្ជីមួយសម្រាប់ផ្ទៀងផ្ទាត់ ដើម្បីឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពងាយស្រួល និងឆាប់រហ័ស។

ត្រូវចងចាំថាទូថ្នាំរបស់អ្នកអាចជួយអ្នកបាន ដរាបណាអ្នកយកចិត្តទុកដាក់លើចំនុចសំខាន់ៗខាងលើ ប៉ុន្តែវាអាចត្រឹមតែជួយឲ្យចៀសផុតពីបញ្ហាសុខភាពដែលមានកម្រិតស្រាលប៉ុណ្ណោះ។ ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានបញ្ហាគ្រោះថ្នាក់ណាមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ឬលើសពីការគ្រប់គ្រងរបស់អ្នក  អ្នកចាំបាច់ត្រូវប្រញាប់ទៅជួប ឬយ៉ាងហោចណាស់ទូរស័ព្ទទៅអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់ចៀសវាងការអនុវត្តណាមួយដែលមិនប្រកដប្រជាដោយខ្លួនឯង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់