គន្លឹះមិនអាចខ្វះបាន បើចង់បានអាហារូបករណ៍ សិក្សាថ្នាក់បន្តនៅប្រទេសដែលអ្នកប្រាថ្នា...

(3)
6124
ដោយ : Clinic Community

មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប…

លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លៃរបស់លោកអំពីការសិក្សាតាមរយៈអាហារូបករណ៍នៅប្រទេសថៃរបស់លោក តាមរយៈកិច្ចសម្ភាសន៍ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…


សំណួរ ៖ តើលោកបានទទួលបានអាហារូបករណ៍អ្វី? តើអាចនិយាយដោយសង្ខេបបានទេអំពីអាហារូបករណ៍នេះបានទេ?
ចម្លើយ ៖ នេះជាប្រភេទអាហារូបរណ៍ក្រោមព្រះរាជទានពីព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៃព្រះរាជាណាចក្រថៃ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា គឺមកកាន់ក្រសួងអប់រំ យុវជន និងកីឡា  ដែលមានផ្តល់ជូននិស្សិតកម្ពុជាប្រមាណ២២០នាក់ជារៀងរាល់ឆ្នាំ សម្រាប់ទៅសិក្សាគ្រប់មុខវិជ្ជាពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិតនៅគ្រប់សាកលវិទ្យាល័យទូទាំងប្រទេសថៃ។

សំណួរ ៖ តើអាចបង្ហាញដោយត្រួសៗបានទេអំពីដំណាក់កាលនៃការទទួលបានអាហារូបករណ៍នេះ?
ចម្លើយ ៖ 

អំពីដំណាក់កាលនៃការដាក់ពាក្យ
-អាហារូបករណ៍នេះ ជាទូទៅនឹងមកដល់ក្រសួងអប់រំ ហើយប្រកាសឲ្យនិស្សិតចាប់ផ្តើមដាក់ពាក្យនៅអំឡុងចុងខែកញ្ញា និងដើមខែតុលា ប្រមាណជាពីរសប្តាហ៍ក្នុងការដាក់ពាក្យ។ 
-ដំណាក់កាលទីពីរ គឺការត្រៀមខ្លួនប្រឡងដែលជាទូទៅ គឺនៅក្នុងខែធ្នូ ចំណែកឯកាលបរិច្ឆេទ គឺមិនទៀង អាស្រ័យលើខាងភាគីថៃជាអ្នកកំណត់ ដូច្នេះនិស្សិតមានពេលប្រមាណពីរខែសម្រាប់ត្រៀមខ្លួនការប្រឡង។
អំពីវិញ្ញាសាប្រឡង
មាន២ដំណាក់កាល គឺការសរសេរ និងសម្ភាសន៍ផ្ទាល់មាត់ដែលធ្វើឡើងដោយភាគីថៃតែម្តងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ 
-សម្រាប់កម្រិតចាប់ពីបរិញ្ញាបត្រចុះក្រោម ៖ ការប្រឡងនឹងផ្តោតលើចំណេះដឹងទូទៅថ្នាក់ទុតិយភូមិ ដូចជាគណិត រូបវិទ្យា និងគីមីវិទ្យជាដើម។ 
-ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ៖ ការប្រឡងគឺផ្តោតលើ ភាសាអង់គ្លេស ឬថៃ (សម្រាប់មុខវិជ្ជាដែលរៀនជាភាសាថៃប៉ុណ្ណោះ) ដែលវិញ្ញាសាប្រហាក់ប្រហែលនឹង TOEFL ឬ IELTS។ ឯការសម្ភាសន៍អាស្រ័យលើភាគីថៃដែលសួរជាភាសាអង់គ្លេស ឬភាសាថៃ។ 
សម្គាល់ ៖ គ្រប់និស្សិតទាំងអស់មិនមែនសុទ្ធទាមទារឲ្យចេះភាសាថៃឡើយ តែបើចេះស្រាប់ គឺជារឿងដែលល្អ បំផុតសម្រាប់ខ្លួនឯងក្នុងការរស់នៅប្រទេសថៃ តែមុខវិជ្ជាខ្លះតម្រូវឲ្យចេះថៃតែម្តង។ 

សំណួរ ៖ ដើម្បីត្រៀមខ្លួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ តើលោកបានធ្វើអ្វីខ្លះដែរ?
ចម្លើយ ៖ 

-ការសាកសួរព័ត៌មានពីខាងក្រសួង អ.យ.ក (នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍) គឺជារឿងសំខាន់មុនគេ ព្រោះគេនឹងជម្រាបយើងយ៉ាងច្បាស់នូវកាលបរិច្ឆេទនៃការដាក់ពាក្យ និងប្រឡង និងប្រភេទមុខវិជ្ជា។ ការក្តាប់បាននូវព័ត៌មាននៃការប្រឡង គឺជាចំណុចជោគជ័យទីមួយបាត់ទៅហើយ។ 
-ដើម្បីឲ្យការប្រឡងសង្ឃឹមបានជោគជ័យខ្ពស់ ការត្រៀមខ្លួនជាមុន គឺជារឿងសំខាន់បំផុតដែលអាចខុសគ្នាទៅតាមកម្រិតសិក្សាដូចដែលបានរៀបរាប់ខាងលើ។ ចំពោះកម្រិតថ្នាក់អនុបណ្ឌិតដូចខ្ញុំ គឺចាំបាច់ត្រូវពង្រឹងបន្ថែមនូបភាសាអង់គ្លេសតាមរយៈការហាត់សមធ្វើលំហាត់បែប TOEFL ដែលក្នុងនោះមានជំនាញអាន វេយ្យករណ៍ និងវាក្យសព្ទ ឲ្យបានច្រើន។ 
-ចំពោះការសម្ភាសន៍ យើងអាចប៉ាន់ប្រមាណលើសំណួរដែលអាចនឹងសួរនៅពេលសម្ភាសន៍ បើយើងមិនច្បាស់ទេ យើងអាចស្វែងរកមើលក្នុងGoogleនូវសំណួរណាដែលគេឧស្សាហ៍សួរបំផុតសម្រាប់ពេលសម្ភាសន៍។ 
-ការសាកសួរនូវបទពិសោធន៍ពីនិស្សិតចាស់ៗក៏រឹតតែមានប្រយោជន៍ ចំពោះយើងមួយកម្រិតទៀត។ 

សំណួរ ៖ តើលោកគិតថា មានកត្តាអ្វីខ្លះដែលជំរុញឲ្យខ្លួនបានទទួលអាហារូបករណ៍មួយនេះ?
ចម្លើយ ៖

-កត្តាក្នុងខ្លួន ៖ ការតាំងចិត្ត ការត្រៀមខ្លួន ផែនការ និងការទាញយកឱកាសល្អ ជារឿងមួយដែលសំខាន់សម្រាប់ ការចាប់យកនូវអាហារូបរណ៍នេះដោយជោគជ័យ។ 
-កត្តាក្រៅខ្លួន(គ្រួសារ និងមិត្តភក្តិ)៖ ការជួយជ្រោមជ្រែងក្នុងការលើកទឹកចិត្ត និងផ្តល់ជាមតិយោបល់ ជាចលករមួយដែលពន្យុះនូវឆន្ទៈឲ្យកាន់តែពុះកញ្ជ្រោលថែមទៀត។ ជាក់ស្តែង បើគ្មានការលើកទឹកចិត្តទេ ពេលខ្លះការតាំងចិត្ត ឬផែនការអាចនឹងថយអានុភាព។

សំណួរ ៖ តើការសិក្សាតាមរយៈអាហារូបករណ៍នេះមានលក្ខណៈពិសេសបែបណាខ្លះ?
ចម្លើយ ៖
វាជាការបើកឱកាសឲ្យនិស្សិតដែលមានសមត្ថភាពអាចបន្តការសិក្សា ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងរបស់ខ្លួន។ មួយវិញទៀត វាជាអាហារូបករណ៍ពេញលេញ១០០% ដែលភាគីអ្នកផ្តល់បានឧបត្ថម្ភសព្វបែបយ៉ាង ទាំងការស្នាក់នៅ ថ្លៃសិក្សា និងកម្រៃប្រចាំខែ ព្រមទាំងជាជំនួយគ្មានសំណងដែលក្រោយរៀនចប់ គឺនិស្សិតអាចទៅធ្វើការនៅប្រទេសរបស់ខ្លួន ឬស្ថាប័ននានាបានជាធម្មតា។ 

សំណួរ ៖ ចំពោះនិស្សិតដែលចង់បានអាហារូបករណ៍ដូចជាលោកវេជ្ជបណ្ឌិត ឬអាហារូបករណ៍ផ្សេងទៀត ជាពិសេសនិស្សិតពេទ្យ ដែលភាគច្រើនមិនសូវមានពេលច្រើន តើគួរធ្វើបែបណាខ្លះ ដើម្បីអាចទទួលបានឱកាសល្អបែបនេះ?
ចម្លើយ ៖
ប្រាកដណាស់ និស្សិតពេទ្យភាគច្រើនមិនសូវមានពេលវេលាគ្រប់គ្រាន់ ក៏ប៉ុន្តែមិនមែនអត់ទាល់តែសោះនោះទេ។ បើគិតថានឹងចិញ្ចឹមចិត្តព្យាយាមឆក់ឱកាសទៅសិក្សានៅក្រៅប្រទេសហើយ សូម
-និស្សិតទាំងអស់ពង្រឹងសមត្ថភាពគ្រឹះទៅតាមមុខវិជ្ជារបស់ខ្លួនឲ្យបានរឹងមាំ 
-សិក្សាពីព័ត៌មានលម្អិតពីការដាក់ពាក្យអាហារូបករណ៍ដែលអាចតាមរយៈវេបសាយ សិក្ខាសាលា ឬការចែករំលែកចំណេះដឹងពីរៀមច្បងនូវប្រភេទអាហារូបករណ៍ដែលខ្លួនចង់បាន ឬប្រទេសដែលខ្លួនចង់ទៅ។ ដោយសារតែយើងគ្មានពេលវេលាគ្រប់គ្រាន់បែបនេះ ហើយទើបយើងត្រូវត្រៀមខ្លួនជាមុន ដើម្បីឲ្យផែនការបានជោគជ័យកាន់តែខ្ពស់។ 

មិនថានិស្សិតពេទ្យ ឬនិស្សិតថ្នាក់ដទៃទេ «ការត្រៀមខ្លួន និងការក្តោបយកឱកាស»គឺ ជារឿងចាំបាច់មួយ ព្រោះថាមានអាហារូបរណ៍ក្រៅប្រទេសជាច្រើន តែងតែផ្តល់ឱកាសឲ្យនិស្សិតបរទេស ជាពិសេសនិស្សិតកម្ពុជាអាចទៅបន្តចំណេះដឹងបន្ថែមទៀតបាន។ 

ខ្ញុំយល់ថា «ការឆក់យកឱកាស និងក្តាប់បានព័ត៌មានអាហារូបករណ៍» គឺជារឿងសំខាន់ជាងគេ ចំណែកឯ«សមត្ថភាព»អាចនឹងក្លាយជារឿងបន្ទាប់ ព្រោះថាបើយើងមានសមត្ថភាព តែមិនបានដឹងពីព័ត៌មានអាហារូបករណ៍ តើយើងនឹងដាក់ពាក្យតាមណា? ចុះបើយើងដឹងព័ត៌មានហើយតែគិតថា គ្មានសមត្ថភាព តើនឹងជាប់ដែរឬទេ? ត្រង់នេះយើងត្រូវពិចារណាឡើងវិញថា មាននិស្សិតច្រើនណាស់ ដែលធ្លាប់ធ្លាក់ក្នុងការប្រឡងយកអាហារូបករណ៍ទៅក្រៅប្រទេសទម្រាំនឹងពួកគេអាចប្រឡងជាប់ជាស្ថាពរ?  ហេតុនេះហើយ…
-ចាំបាច់ត្រូវចាប់យកឱកាសឲ្យបាន បើធ្លាក់គឺជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពទៅលើកក្រោយទៀត។ 
-កុំរារែក និងអស់សង្ឃឹម ព្រោះថាការមានប្រវត្តិប្រឡងធ្លាក់អាហារូបករណ៍នៅតែប្រសើរ ជាងអ្នកដែលមិនធ្លាប់ប្រឡងសោះ។ 
-ការតស៊ូ តាំងចិត្តសម្រាប់គោលដៅនៃការសិក្សាបន្តនឹងសម្រេចបើអ្នកមិនបោះបង់ តែវានឹងបាត់បង់បើអ្នកមិនចង់បន្ត។

សំណួរ ៖ តើលោកអាចប្រាប់បានទេថា ព័ត៌មាននៃអាហារូបករណ៍ផ្សេងៗពិសេសសម្រាប់និស្សិតពេទ្យ អាចរកបាននៅទីណាខ្លះ?
ចម្លើយ ៖
មានប្រភព ជាពិសេសគេហទំព័រជាច្រើនដែលដែលតែងតែបង្ហោះពីអាហារូបករណ៍ថ្មី ទូទាំងពិភពលោក និងបង្ហាញពីវិធីសាស្ត្រល្អក្នុងការដាក់ និងចំណេះផ្សេងៗទៀតដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ដូចជា ៖ 
-ទំព័រហ្វេសប៊ុកក្រសួងអប់រំ 
-គេហទំព័រ Scholarship Positions
-ទំព័រហ្វេសប៊ុក Scholarship for Khmer
-គេហទំព័រ ASEANOP.COM ។ល។

សំណួរ ៖ ជាចុងក្រោយ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអានជាពិសេសនិស្សិតពេទ្យដែលប្រាថ្នាចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស?
ចម្លើយ ៖
សរុបពីខាងលើមក គឺសុទ្ធតែជាចំណុចជាសារវន្តដែលខ្ញុំសង្ឃឹមថានឹងអាចជាប្រយោជន៍ដល់និស្សិតនានាដែលមានបំណងចង់បានអាហារូបរណ៍ទៅសិក្សាបន្តនៅបរទេស។ «ផែនការជាក់លាក់  ការតាំងចិត្តមិន បោះបង់ ការលើកទឹកចិត្តខ្លួនឯង និងពីអ្នកជុំវិញខ្លួន រួមជាមួយនឹងសមត្ថភាពចំណេះដឹងនៃជំនាញរបស់ខ្លួន រួមទាំងការចាប់យកឱកាសដែលមាននោះ អ្នកនឹងអាចសម្រេចនូវក្តីប្រាថ្នានៃការទទួលបានអាហារូបករណ៍ថ្នាក់បន្តបានយ៉ាងជោគជ័យ»។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧