ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកងងឹតភ្នែកបានដែរ?

ដោយសារតែភាពសម្បូរបែបនៃការរស់នៅបច្ចុប្បន្ន ចំនួននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជំងឺនេះទៀតសោត ក៏អាចបណ្តាលឲ្យសរីរាង្គមួយចំនួន ក្នុងនោះសរីរាង្គភ្នែកក៏អាចទទួលរងផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមផងដែរ។វាត្រូវបានគេរកឃើញថា ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែក  ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានស្តែងឡើងនូវផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។

និយមន័យ
បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាម និងការលើសសម្ពាធឈាម ធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗ ជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែក។ ការប៉ះពាល់ដល់បាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ និងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗ៖
•Mild NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញនូវសរសៃឈាមតូចៗបែកនៅលើរ៉េទីន។
•Moderate NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើន ហើយមាន Macular edema (កន្លែងចាប់រូបភាពចាប់ផ្តើមហើម) ធ្វើឲ្យអ្នកជំងឺចាប់ផ្តើមស្រវាំង។
•Severe NPDR (Non Proliferative Diabetic Retinopathy)៖ មានចំណុចសៗរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើរ៉េទីន។ ដំណាក់កាលចុងក្រោយគឺ Proliferative Diabetic Retinopathy៖ ករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើន។បញ្ហានេះអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុង ប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលា។

មូលហេតុ
បញ្ហាភ្នែកដែលកើតលើអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
•កត្តាជាតិស្ករក្នុងឈាម
•កត្តាជាតិខ្លាញ់ក្នុងឈាម
•កត្តាលើសសម្ពាធឈាម។
អ្នកជំងឺដែលមិនអាចគ្រប់គ្រងកត្តាទាំងបីនេះឲ្យបានល្អទេនោះ ផលវិបាកដែលកើតលើភ្នែកនឹងលេចឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំក្រោយជំងឺទឹកនោមផ្អែម។ តាមការសិក្សា គេបានរកឃើញថាអ្នកជំងឺទឹកនោមផ្អែម ១៨ទៅ២០នាក់ក្នុង១០០ នាក់មានលេចចេញនូវផលវិបាកនៅនឹងភ្នែក។

រោគសញ្ញា
ក្នុងកម្រិត Mild NPDR និង Moderate NPDR អ្នកជំងឺមិនមានលេចចេញនូវរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះទេ។ អ្នកជំងឺនឹងចាប់ផ្តើមសម្គាល់ថាមានអាការៈខុសប្រក្រតីនៅពេលខ្លួនឯងឈានដល់ដំណាក់កាល Severe NPDR (Non Proliferative Diabetic Retinopathy)ទៅហើយដូចជា៖
•ស្រវាំងភ្នែក
•ឃើញរូបភាពវៀច
•អាចមានឈាមនៅនឹងភ្នែក។

រោគវិនិច្ឆ័យ
បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ
•ការឆ្លុះមើលបាតភ្នែក
•Fundus photography ការថតបាតភ្នែកដើម្បីដឹងថាមានសរសៃតូចៗបែកឬអត់
•OCT (Optical coherence tomography) ការស្កែនបាតភ្នែកដើម្បីដឹងថាមានបាតភ្នែកហើម  ឬត្បៀតសរសៃឈាមឬយ៉ាងណា។

ការព្យាបាល
•អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការពិនិត្យភ្នែកឲ្យបានទៀងទាត់ គឺយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។
•ចំពោះអ្នកដែលរកឃើញថាមានផលវិបាកភ្នែកកម្រិត Mild NPDR និង Moderate NPDR ត្រូវពិនិត្យភ្នែកឲ្យបានកាន់តែញឹកញាប់គឺអាច៣ខែទៅ៦ខែម្តង។
•ចំពោះអ្នកមានបញ្ហាកម្រិត Severe NPDR ត្រូវទទួលការព្យាបាលដោយ
-ដំបូង បាញ់កាំរស្មី ដើម្បីទប់ការវិវឌ្ឍរបស់បញ្ហាភ្នែក ព្រោះសរសៃឈាមតូចៗនៅភ្នែកត្រូវបានត្បៀត ដូចនេះគេត្រូវបាញ់កាំរស្មីជុំវិញដើម្បីឲ្យសរសៃឈាមទៅចិញ្ចឹមតែMacular។ ចំនួននៃការបាញ់កាំរស្មីគឺប្រែប្រួលទៅតាមការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ។
-ករណីមានហើម ឬមានដុះសរសៃឈាមថ្មី ក្រៅពីបាញ់កាំរស្មី គេប្រើប្រាស់ថ្នាំចាក់ប្រភេទ anti-VEGF (Avastin) ដើម្បីបញ្ឈប់ការលូតលាស់របស់សរសៃឈាមថ្មីដែលមិនល្អនោះ។
-ករណីមានឈាមនៅក្នុងបាតភ្នែក គឺគេធ្វើការវះកាត់លាងឈាមចេញនិងបាញ់កាំរស្មី។

វិធីការពារ
ដើម្បីការពារ អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការតាមដានកត្តាទាំងបីឲ្យបានទៀងទាត់
•HbA1c
•កម្រិតជាតិខ្លាញ់ក្នុងឈាម
•រក្សាសម្ពាធឈាមឲ្យបានល្អ។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧