កាន់តែស៊ីជម្រៅសម្រាប់ការព្យាបាលការពត់ធ្មេញ!

សម្រស់ផ្ទៃមុខជាមួយផ្នែកអាចជាប់ទាក់ទិនជាមួយនឹងសុខភាពមាត់ធ្មេញដូច្នេះទើបការព្យាបាលបែបពត់ធ្មេញកំពុងតែមាប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសនៅអាស៊ីអាគ្នេយ៍ ដោយសាប្រជាជននៅតំបន់នេះមានទំនោរច្រើនទៅលើនិន្នាការនៃសម្រស់ដែលអាចនិយាយបានថាការពត់ធ្មេញជាម៉ូតពេញនិយមមួយ។ បើទោះបីនៅតំបន់អាស៊ីអាគ្នេយ៍ ការយល់ដឹងពីការពត់ធ្មេញមានសភាពយឺតជាង ២០ឆ្នាំពីប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក ឬប្រទេសអង់គ្លេសក៏ដោយ ប៉ុន្តែវិធីសាស្រ្តនិងបច្ចេកទេសក្នុងការធ្វើនៅតែមានប្រសិទ្ធភាព និងលេចធ្លោដូចគ្នា។

និយមន័យការពត់ធ្មេញ (Orthodontic)
ការពត់ធ្មេញជាការព្យាបាលកែប្រែទម្រង់ឆ្អឹងថ្គាមធ្មេញនិងទម្រង់មុខដែលមានបញ្ហាខុសប្លែកពីគ្នាតាមរយៈការប្រើប្រាស់វិធីសាស្រ្តព្យាបាលជាក់លាក់មួយដែលស័ក្ដិសមទៅនឹងអ្នកជំងឺរៀងៗខ្លួន។ តែយ៉ាងណាមិញការពត់ធ្មេញគួរតែធ្វើឡើងដោយសារការណែនាំពីគ្រូពេទ្យជំនាញដោយសារនៅលើទីផ្សារបច្ចុប្បន្នក៏មានផងដែរនូវដង្កៀបពត់ (Brace)​ ក្លែងក្លាយដែលអាចបង្កជាបញ្ហានានាចំពោះសុខភាពមាត់ធ្មេញដោយមិនដឹងខ្លួន។

អ្នកណាស័ក្តិសមនឹងការពត់ធ្មេញ?
កាលពី ១០ឆ្នាំមុន ការពត់ធ្មេញមិនអាចធ្វើបានគ្រប់មនុស្សទាំងអស់នៅឡើយ ដោយគេសង្កេតឃើញមានក្រុមមនុស្សក្នុងវ័យតែក្រោម ៣៥ឆ្នាំឬ៤០ឆ្នាំប៉ុណ្ណោះដែលអាចទទួលបានការព្យាបាលនេះ។ ប៉ុន្តែនាយុគសម័យបច្ចុប្បន្ននេះគួបផ្សំជាមួយនឹងការវិវឌ្ឍនៃវិស័យបច្ចេកវិទ្យានិងការរីកចម្រើននៃបច្ចេកទេសនិងការយល់ដឹងរបស់អ្នកជំងឺក្នុងការធ្វើការពត់ធ្មេញអាចអនុវត្តបានចំពោះបុគ្គលគ្រប់វ័យទាំងអស់ ដែលអាចឈានដល់អាយុ ៦០ឆ្នាំ។ ជាទូទៅ ការពត់ធ្មេញមានប្រជាប្រិយភាពបំផុតចំពោះក្រុមយុវវ័យដែលស្ថិតក្នុងវ័យចន្លោះ ១៥ឆ្នាំទៅ៣០ឆ្នាំ តែសម្រាប់វ័យដែលមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការពត់ធ្មេញ គឺស្ថិតក្នុងអាយុចន្លោះពី ៧ឆ្នាំទៅ ១៥ឆ្នាំ។  

ប្រភេទការព្យាបាលបែបពត់ធ្មេញ
ការព្យាបាលបែបពត់ធ្មេញអាចចែកចេញជាបីប្រភេទដូចជា៖
•ប្រភេទLabial ៖ជាការពត់ធ្មេញតាមរយៈការពាក់សរសៃដែកលើធ្មេញផ្នែកខាងក្រៅដែលសង្កេតឃើញភាគច្រើនតែងត្រូវបានជ្រើសរើសពីសំណាក់យុវវ័យ
•ប្រភេទLingual ៖ការប្រើប្រាស់គឺពពួកសរសៃដែកបំពាក់នៅផ្នែកធ្មេញខាងក្នុងដែលមានភាពពេញនិយមចំពោះអ្នកមានវ័យចំណាស់ អាចការពារមិនឲ្យឃើញជាសារធារណៈ
•ប្រភេទ Aligner ៖ មានសភាពខុសពីពីរប្រភេទខាងលើ ដោយការពត់គឺប្រើប្រាស់ជាប្រភេទប្លាស្ទិកថ្លាដែលអាចដោះចេញបានប្រែប្រួលតាមកាលៈទេសៈរបស់អ្នកប្រើប្រាស់។

ចំណែកភាពខុសគ្នានៃប្រភេទទាំងនោះ គឺប្រភេទ Labial និង Lingual មានសមត្ថភាពអាចកែប្រែ ព្យាបាលទម្រង់មុខ ឬធ្មេញដែលមានបញ្ហាខ្លាំង ដោយឡែកសម្រាប់ប្រភេទ Alignerអាចធ្វើបានសម្រាប់តែការពត់ធ្មេញឲ្យត្រង់តែមួយមុខតែប៉ុណ្ណោះ។ ជារួមការប្រើប្រាស់ប្រភេទណាមួយនៃការពត់ធ្មេញគឺអាស្រ័យលើការចង់បានរបស់អតិថិជនប៉ុន្តែប្រសិនក្រឡេកមើលភាពពេញនិយមបំផុតនៃការប្រើប្រាស់គឺប្រភេទAlignerដែលវាមានសភាពថ្លាអ្នកដទៃមិនអាចមើលដឹងហើយវាមានភាពបត់បែនអាចដោះចេញបាន។

ដំណើរការនៃការពត់ធ្មេញ
ដំណើរការទាំងមូលនៃការពត់ធ្មេញទាមទាររយៈពេល ១ឆ្នាំ កន្លះដែលអាចច្រើន ឬតិចជាងនេះ ហើយវាត្រូវបានចែកចេញជា ៤ដំណាក់កាល៖
•ដំណាក់កាលទី១៖ជាជំហានសម្រាប់ធ្វើការតម្រង់ធ្មេញឲ្យបានត្រង់។ ចំពោះរយៈពេលនៃដំណើរការគឺប្រែប្រួលទៅតាមសភាពមាត់ធ្មេញរបស់អតិថិជន  ប៉ុន្តែភាគច្រើនប្រើពេលដល់ទៅ ៣ខែ និងយ៉ាងយូរបំផុតអាចឈានដល់ ៦ខែ
•ដំណាក់កាលទី ២៖ សម្រាប់បិតនូវចន្លោះប្រហោងទាំងអស់នៃធ្មេញ ដែលទាមទាររយៈពេល៨ខែក្នុងការធ្វើ
•ដំណាក់កាលទី ៣៖ អាចហៅថាជាដំណាក់កាលបញ្ចប់ដែលទាមទារឲ្យមានការពាក់ Braceហើយត្រូវប្រាកដថាវាត្រូវងាំគ្នាជាមួយធ្មេញ ចំណែកការអនុវត្តទាមទាររយៈពេល ៣ខែ
•ដំណាក់កាលទី ៤៖ ជាការពាក់សរសៃដែក ឬប្លាស្ទិកថ្លា (Retainer) ដើម្បីរក្សាទម្រង់ធ្មេញដែលបានព្យាបាលរួចរាល់។ ជាទូទៅ ការពាក់អាចមានរយៈពេល ៣ឆ្នាំទៅ៤ឆ្នាំ ចំណែកក្នុងករណីមួយចំនួនអាចតម្រូវឲ្យអ្នកប្រើប្រាស់ពាក់អស់ពេញមួយជីវិត។

ផលរំខាននៃការពត់ធ្មេញ
ជាការពិត ដោយសារតែមានវត្តមានសរសៃដែក ឬប្លាស្ទិកក្នុងមាត់ នោះការឈឺចាប់ ឬផលរំខាននានាពិតជាមិនអាចចៀសផុតបានទេ ជាពិសេសក្នុងដំណាក់កាល ២អាទិត្យដំបូង ដែលបង្កឡើងដោយសារតែសម្ពាធ ធ្វើឲ្យធ្មេញមានចលនាពេលទំពារនាំឲ្យមានការឈឺចាប់។ ប៉ុន្តែបន្ទាប់ពីរយៈពេល ២អាទិត្យដំបូង រាងកាយនឹងចាប់ផ្តើមស៊ាំទៅនឹងការពាក់ ដូច្នេះ ភាពរំខានអាចកាត់បន្ថយទៅតាមនោះដែរ។

ការថែរក្សាបន្ទាប់ពីការពត់ធ្មេញ
•ចៀសវាងខាំ ឬទំពារអាហាររឹង ដែលជំនួសមកវិញដោយអាហារទន់ ឬមានជាតិទឹក
•សម្អាតធ្មេញជាមួយប្រភេទច្រាសដែលមានប្រសិទ្ធភាពសម្រាប់អ្នកពត់ធ្មេញព្រោះវាអាចដុសបានយ៉ាងល្អទោះបីអ្នកពាក់សរសៃដែកក៏ដោយ
•ប្រើសរសៃអំបោះសម្អាតធ្មេញ (Floss)
•អ្វីដែលសំខាន់់គឺត្រូវមានការប្រុងប្រយ័ត្ន និងតាមដានជានិច្ច ដោយសារអ្នកមានរបស់ដែលនៅក្នុងមាត់ដែលជាសរសៃដែក ឬ
ប្លាស្ទិកនោះ។

អ្នកណាគួរចៀសវាងពីការពត់ធ្មេញ?
ការពត់ធ្មេញមិនបង្កជាផលវិបាកឬផលរំខានខ្លាំងក្លាដែលរាំងស្ទះដល់ដំណើរការនៃការធ្វើនោះទេប៉ុន្តែក្នុងលក្ខខណ្ឌខ្លះការពត់ធ្មេញមិនគួរត្រូវបានអនុវត្តលើបុគ្គលមួយចំនួនដូចជា៖
•អ្នកមានឆ្អឹងស្ពោតខ្លាំង
•ស្រ្តីក្នុងវ័យអស់រដូវ
•ស្រ្តីកំឡុងពេលមានផ្ទៃពោះជាដើម។

ដោយសារការពត់ធ្មេញជាការព្យាបាលដែលទាមទារវិធីសាស្រ្តច្រើនក្នុងការធ្វើពីសំណាក់អ្នកឯកទេសដែលមានគុណភាព និង បទពិសោធន៍ច្បាស់លាស់ទើបអ្នកត្រូវយកចិត្តទុកដាក់ជ្រើសរើសរកមន្ទីរព្យាបាលដែលជាទំនុកចិត្ត ដូចជាមន្ទីរព្យាបាលបស្ចិមដែលយើងផ្តោតសំខាន់បំផុតទៅលើស្តង់ដារនិងគុណភាពជាចម្បងទាំងសេវាកម្មនិងធនធានមនុស្ស។ម៉្យាងវិញទៀត បើទោះបីជាមាត់ធ្មេញរបស់អ្នកមើលទៅ ដូចជាមានសុខភាពល្អវាក៏នៅមានបញ្ហាខ្លះដែលអ្នកមិនបានដឹងទើបការពិនិត្យព្យាបាលជាប្រចាំមិនគួរត្រូវបានមើលរំលងនោះទេដើម្បីចាប់បានបញ្ហាឲ្យបានទាន់ពេលវេលា។

បកស្រាយដោយ ៖​ ទន្តបណ្ឌិត Adith Venugopal ទន្តបណ្ឌិតឯកទេសផ្នែកពត់ធ្មេញនៅមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧