ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់កាន់តែងាយស្រួល ជាមួយបន្ទះ Aware™

មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតមានច្រើនបំផុតចំពោះស្រ្តី។ វាគឺជាជំងឺដែល កោសិកាមហារីកត្រូវបានរកឃើញដំបូងនៅក្នុងជាលិកាសុដន់ និងបន្ទាប់មកទៅកាន់ផ្នែក ផ្សេងៗទៀតនៃរាងកាយ។

មហារីកសុដន់ អាចចាត់ទុកបានថាជាបញ្ហា សកលតាមរយៈទិន្នន័យខាងក្រោម៖
- មហារីកសុដន់ជាជំងឺស្ថិតក្នុងចំណាត់ថ្នាក់ទី ១ ដែលកើតមានចំពោះស្រ្តីទូទាំងពិភពលោកក្នុងអត្រា ២៥% (ទិន្នន័យពី GLOBOCAN 2012)
- មហារីកសុដន់ជាជំងឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដែលកើតមានលើស្ត្រីកម្ពុជាក្នុងអត្រា ១៥% (ទិន្នន័យពី GLOBOCAN 2012)

មហារីកសុដន់ក៏ត្រូវបានដឹងផងដែរថាស្ថិតក្នុងលំដាប់ទី ២ ក្នុងចំណោមមូលហេតុនៃការស្លាប់ របស់ស្ត្រីនាពេលបច្ចុប្បន្ន។ ដោយហេតុនេះហើយ ការស្វែងរកនូវសញ្ញាដំបូងនៃមហារីកសុដន់ និង ការចាប់ផ្តើមព្យាបាលឲ្យបានឆាប់រហ័សពិតជាមានសារសំខាន់។

ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ ឬការត្រួតពិនិត្យសុដន់ដោយខ្លួនឯង (Breast self-examination) គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀតដែលអាចជួយស្ត្រីក្នុងការស្វែងរកមហារីកសុដន់នៅដំណាក់កាលដំបូង។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជាទៀងទាត់ អាចជួយបង្កើនការប្រុងប្រយ័ត្ន និងធ្វើឲ្យស្ត្រីខ្លួនឯងផ្ទាល់ស្គាល់ពីសភាពនៃដើមទ្រូងរបស់ខ្លួនក៏ដូចជាបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពក្នុងការកត់សម្គាល់ឃើញនូវសញ្ញាមិនប្រក្រតីដំបូងនៃមហារីកសុដន់ដូចជា ដុំពក ឬ lumps (masses) ជាដើម។ ដូចនេះហើយ ស្ត្រីគ្រប់រូបគួរធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែដើម្បីតាមដានរកបំលាស់ប្តូរមិនប្រក្រតីនៃសុដន់របស់ខ្លួនដែលរួមមាន ដូចជា ដុំពកៗ កន្ទួល ឬការហៀរសារធាតុរាវចេញ ពីចុងសុដន់ជាដើម។ គួរឲ្យដឹងផងដែរថា ពេលវេលាល្អបំផុតនៃខែនីមួយៗសម្រាប់ធ្វើស្វ័យត្រួតពិនិត្យលើសុដន់គឺ ក្រោយពីបញ្ចប់ការធ្លាក់ឈាម រដូវប្រចាំខែ ដោយសារនេះជាពេលដែលសុដន់មិនសូវមានភាពរីកធំ ឬតឹងណែន។ សម្រាប់ស្ត្រីដែលស្ថិតនៅវ័យអស់រដូវវិញចាំបាច់គួរតែកំណតពេលវេលាមួយជាក់លាក់ប្រចាំខែសម្រាប់ការត្រួតពិនិត្យនេះ ដើម្បីងាយស្រួលចងចាំ។

ជំហាននៃការធ្វើស្វ័យត្រួតពិនិត្យលើសុដន់៖
* ជំហានទី ១៖ ស្ត្រីត្រូវចាប់ផ្តើមតាមរយៈការមើលសុដន់ខ្លួនឯងនៅក្នុងកញ្ចក់ ដោយដាក់ស្មាឲ្យត្រង់ និងច្រត់ដៃទាំងពីរលើចង្កេះ។ អ្វីដែលស្ត្រីគួរកត់សម្គាល់នៅជំហាននេះគឺ៖ ទំហំ ទម្រង់និងពណ៌នៃសុដន់។ 

* ជំហានទី ២៖ ស្ត្រីត្រូវលើកដៃទាំងពីរឡើង និងធ្វើការកត់សម្គាល់លើការផ្លាស់ប្តូរដូចជំហាន ទី ១ ដែរ។ ក្រៅពីនោះ ពេលនៅពីមុខកញ្ចក់ ស្ត្រីក៏ត្រូវរកមើលផងដែរនូវសញ្ញានៃការហូរចេញមកក្រៅនៃសារធាតុរាវពីចុងសុដន់ម្ខាង ឬទាំងសងខាង (អាចរាវដូចទឹក ឬទឹកដោះ ឬធាតុរាវពណ៌ លឿង ឬឈាម)។

*  ជំហានទី ៣៖ ស្ត្រីត្រូវស្ទាបសុដន់នៅពេលផ្តេកខ្លួនត្រង់ និងធ្វើការត្រួតពិនិត្យដោយ៖
- ដាក់ដៃស្តាំស្ទាបលើសុដន់ខាងឆ្វេង និងដាក់ដៃឆ្វេងស្ទាបលើសុដន់ខាងស្តាំ
- ដាក់ម្រាមដៃឲ្យលាត និងផ្អឹបចូលគ្នា
- ស្ទាបតាមចលនាជារង្វង់ទំហំប្រហែល ១/៤ នៃសុដន់ម្ខាងៗ (ចាប់ផ្តើមស្ទាបពីចុងសុដន់)។

* ជំហានទី ៤៖ ស្ត្រីត្រូវស្ទាបសុដន់របស់ខ្លួន នៅពេលដែលឈរ ឬអង្គុយ ដោយប្រើប្រាស់ ចលនាដៃដដែល (ដូចជំហានទី ៣)។ ស្ត្រីជាច្រើនសង្កេតឃើញថាផ្លូវដែលងាយស្រួលជាងគេក្នុងការស្ទាបសុដន់របស់គេគឺនៅពេលស្បែកសើម ឬរអិល។ ដូចនេះ ពួកគេចូលចិត្តអនុវត្ត ជំហាននេះនៅពេលងូតទឹក។ 

ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ នឹងកាន់តែមានភាពងាយស្រួលដោយការប្រើប្រាស់សម្ភារៈជំនួ យ​ដូចជា បន្ទះAware™ ដែលបង្កើតឡើងមកដោយបន្ទះប្លាស្ទិកចំនួន២ស្រោបសារធាតុរាវ​(ធាតុរំអិល)នៅកណ្តាល។ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងគួរតែត្រូវបានធ្វើឡើងដោយដៃជាមុនសិន និងបន្ទាប់មកទើបធ្វើឡើងជាមួយនឹង បន្ទះ Aware™ តាមជំហាននីមួយៗ (ពី១ដល់៤)។ ដោយសារស្រទាប់ខាងលើនៃបន្ទះAware™អាចរំកិលបានយ៉ាងងាយលើស្រទាប់ខាងក្រោមធ្វើឲ្យការត្រួតពិនិត្យលើសុដន់កាន់តែមានផាសុកភាពឡើង។ បន្ទះ Aware™ អាចបង្កើនការដឹងរបស់អ្នកតាម រយៈការ​ស្ទាប (វាមានអារម្មណ៍ថាដូចជាប្រើសាប៊ូ និងទឹកប៉ុន្តែអ្នកមិនចាំបាច់ត្រូវនៅក្នុងបន្ទប់ងូតទឹកទៀតទេ)ហើយការណែនាំក្នុងការប្រើប្រាស់ពិតជាមានភាពងាយស្រួលក្នុងការធ្វើតាម។ បន្ទះ Aware™ អាចបង្កើនអារម្មណ៍ដឹង និងឱកាសនៅក្នុងការស្ទាបដឹងថាជាដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងច្រើនត្រូវបានមើលរំលងនៅពេលធ្វើការពិនិត្យដោយម្រាមដៃទទេ។ដោយឡែកបន្ទះAware™ក៏អាចចាត់ទុកថាជាសម្ភារៈតឿនរំលឹកសម្រាប់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែផងដែរ។

គួរបញ្ជាក់ថា ក្នុងឈុតសម្ភារៈសម្រាប់ធ្វើស្វ័យ ត្រួតពិនិត្យលើសុដន់នេះរួមមានបន្ទះ Aware™និង DVD សម្រាប់ណែនាំ ព្រមទាំងសម្ភារៈអប់រំ ផ្សេងៗទៀត ដែលរួមគ្នាផ្តល់នូវការជឿជាក់ និងភាពធូរស្រាលក្នុងការធ្វើការត្រួតពិនិត្យជារៀងរាល់ខែរបស់ស្ត្រី។ លើសពីនោះ ឈុតសម្ភារៈនេះត្រូវ បានឆ្លងកាត់ការអនុញ្ញាតឲ្យប្រើប្រាស់ពីរដ្ឋបាលនៃចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកទៀតផង។

ទោះបីជាបន្ទះ Aware™ ត្រូវបានប្រើប្រាស់ជា​ ជំនួយដល់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ក៏ដោយ ក៏មិនមានការលើកឡើងថា រាល់ភាពខុសប្រក្រតីទាំងអស់នៃសុដន់ នឹងត្រូវបានរកឃើញដោយការប្រើប្រាស់សម្ភារៈនេះតែម្យ៉ាងឡើយ។ ផ្ទុយទៅវិញ បន្ទះ Aware™ គួរតែត្រូវបានប្រើប្រាស់ទន្ទឹមនឹងការទៅត្រួតពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតក៏ដូចជាការទទួលការថតសុដន់ជាទៀងទាត់ផងដែរ
ដែលជំហានទាំង ៤ នេះ សុទ្ធតែមានសារសំខាន់ ក្នុងការតាមដានរកជំងឺមហារីកសុដន់តាំងពីដំណាក់កាលដំបូង។

ក្នុងករណីដែលអ្នករកឃើញនូវដុំសាច់នៅសុដន់(lumps)ការប្រែប្រួលនៅលើស្បែកការឈឺចាប់នៅតំបន់ណាមួយការហៀរចេញនៃសារធាតុរាវ ឬបញ្ហាផ្សេងៗទៀតនៅអំឡុងពេលត្រួតពិនិត្យសុដន់ដោយខ្លួនឯង អ្នកចាំបាច់ត្រូវទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។សូមចងចាំថាការរកឃើញនូវរោគសញ្ញាតាំងពីដំបូងគឺជាការការពារនៃមហារីកសុដន់ដែលល្អបំផុត។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧