រៀនពេទ្យខុសពីជំនាញដទៃបែបហ្នឹងណា៎…

()
1397
ដោយ : Clinic Community

រៀនផ្នែកអ្វីក៏មានលក្ខណៈពិសេសដែរ…ហើយក៏ល្អ និងស័ក្តិសមសម្រាប់និស្សិតផ្សេងៗគ្នាដែរ…មិនមែនថា ម្នាក់រៀនទៅល្អ-ចេះ ហើយម្នាក់ទៀតក៏អាចធ្វើបានដូចគ្នានោះទេ…ជាក់ស្តែង រៀនពេទ្យនេះផ្ទាល់ មិនមែនថារើសអើសនោះទេ ប៉ុន្តែប្រសិនបើមិនមានឆន្ទៈផ្ទាល់ខ្លួនក្នុងការសិក្សាទេ ប្រហែលជានឹងជួបប្រទះនឹងភាពលំបាកច្រើន ដែលសឹងតែអាចឲ្យបោះបង់ចោលក៏ថាបាន។ ប៉ុន្តែ…សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត ហើយតែងតែខំប្រឹងរហូតនោះ មិនថាលទ្ធផលយ៉ាងណា ជឿជាក់ថាប្រាកដជាអាចធ្វើបានមិនខាន។ 

ចង់ដឹងថារៀនពេទ្យមានអ្វីខ្លះខុសប្លែកនោះ? សូមតាមដានជាមួយនឹងការបកស្រាយរបស់យុវនិស្សិត លី ហ្សូកា ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ និងជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបងហើយទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិផងដែរ…

កត្តាជំរុញឲ្យសម្រេចចិត្តរៀនមុខវិជ្ជាពេទ្យ
•កត្តាផ្ទាល់ខ្លួន ៖
ទឹកចិត្តស្រលាញ់មុខវិជ្ជាសុខាភិបាលនេះជាខ្លាំង តាំងពីនៅថ្នាក់បឋមសិក្សាម៉្លេះ ទោះជាពេលនោះ មិនដឹងថារៀនពេទ្យហ្នឹងមានន័យធំប៉ុណ្ណា គ្រាន់តែដឹងថា «ធំឡើង ខ្ញុំនឹងធ្វើជាគ្រូពេទ្យឲ្យបាន» ហើយជាពិសេស ការងារសង្គមផ្នែកសុខាភិបាលនៅតាមតំបន់ក្រីក្រជាការងារដែលខ្ញុំប្រាថ្នាតាំងពីកុមារ ព្រោះវាជាក្ដីសុខមួយដែលពិបាកនឹងបរិយាយ
•កត្តាគ្រួសារ ៖ បើក្រឡេកមើលស្ថានភាពគ្រួសារ នាងខ្ញុំកើតក្នុងគ្រួសារខ្សែស្រឡាយដែលមានជីតា ម៉ាក់ អ៊ំប្រុស ស្រីនិងញាតិមិត្តជាគ្រូពេទ្យ ដូចនេះហើយ ទើបគ្រួសារជួយជំរុញបន្ថែមឲ្យដើរក្នុងវិស័យនេះ និយាយរួមទៅ គឺបន្តវង្សត្រកូល 
•កត្តាបរិយាកាស ៖ តាំងពីតូចមក មន្ទីរពេទ្យ(កន្លែងម៉ាក់ធ្វើការ)ប្រៀបដូចជាផ្ទះទី២ ព្រោះម៉ាក់ជាពេទ្យ ខ្ញុំស្ទើរតែទៅតាមម៉ាក់ខ្ញុំទៅប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងស្ទើរគ្រប់វេនយាម។ ដូចនេះហើយ រាល់កាយវិការ និងសកម្មភាពនៅក្នុងមន្ទីរពេទ្យតែងតែសិ្ថតក្នុងការចងចាំនៃវ័យកុមាររបស់ខ្ញុំស្ទើរទាំងអស់ ជាពិសេសភាពលំបាករបស់អ្នកជំងឺ ហើយខ្ញុំប្រាប់ខ្លួនខ្ញុំថា «នឹងធ្វើជាគ្រូពេទ្យ និងជួយពួកគាត់ឲ្យបាន»
•កត្តាសង្គម ៖ បើក្រឡេកមើលតាមតំបន់ជនបទ ការអប់រំផ្នែកសុខាភិបាលនៅមានកម្រិត នាងខ្ញុំពិតជាចង់ពង្រឹងប្រព័ន្ធអប់រំផ្នែកសុខាភិបាលដល់ប្រជាជនឲ្យបានរឹងមាំ ព្រោះចំណេះដឹងជាកត្តាមួយសំខាន់ ដើម្បីបញ្ចៀសពីបញ្ហាសុខភាពទាំងឡាយ។ 

ភាពខុសប្លែកនៃការសិក្សាផ្នែកសុខាភិបាល និងមុខវិជ្ជាដទៃ
•ការប្រើប្រាស់ភាសាបរទេស ៖  គឺ ភាសាអង់គ្លេស ឬភាសាបារាំង ដោយសារពេទ្យភាគច្រើនប្រើប្រាស់ភាសា ដើម្បីសិក្សា ហើយមានគ្រូជាសាស្រ្តចារ្យបរទេសមកបង្រៀន បើមិនចេះភាសាច្បាស់លាស់ គឺពិបាកក្នុងការរៀន ព្រោះថា ភាសាជាយានសំខាន់ក្នុងវិស័យនេះ។ កាលណាបើយើងចេះច្បាស់ អាចជួយយើងឲ្យមានភាពងាយស្រួលក្នុងការអានសៀវភៅ ព្រោះថាសៀវភៅភាគច្រើនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង មិនតែប៉ុណ្ណោះ ភាសាបរទេសក៏ជាយានមួយជួយយើងក្នុងការផ្លាស់ប្ដូរបទពិសោធន៍រវាងនិសិ្សតពេទ្យក្នុងតំបន់អាស៊ានឬនិស្សិតអឺរ៉ុបផងដែរ។
• ថវិកា ៖ ពេទ្យជាមុខវិជ្ជាមួយ ដែលត្រូវចំណាយលុយច្រើនជាងមុខវិជ្ជាដទៃ ជាក់ស្តែង ថ្លៃសាលា បង់ថ្លៃហើយអស់លុយថ្លៃទិញមេរៀន និងសៀវភៅបន្ថែមទៀត។ 
•រយៈពេលសិក្សា ៖ រៀនពេទ្យចំណាយពេលយូរឆ្នាំទម្រាំរៀនចប់ សម្រាប់ថ្នាក់វេជ្ជបណ្ឌិតទូទៅ ចំណាយពេល៨ឆ្នាំ បើបន្តថ្នាក់ឯកទេស៤ឆ្នាំទៀត សរុប គឺ១២ឆ្នាំ និស្សិតខ្លះរៀន១០ឆ្នាំ ប្រសិនបើគាត់ប្រលងជាប់ថ្នាក់ឯកទេសតាំងពីឆ្នាំទី៦។ រយ:ពេល១០ឆ្នាំប្លាយ មិនមែនឆាប់ទេ…បើក្រឡេកមើលមិត្តវិទ្យាល័យដែលមិនមែនរៀនពេទ្យ អ្នកខ្លះមានការងារធ្វើហើយ អ្នកខ្លះឈានដល់បង្កើតគ្រួសារ ក្លាយជាម្ដាយឪពុកគេ មានគ្រួសារមួយដ៏រឹងមាំហើយក្រឡេកមើលខ្លួនឯង នៅសុំលុយអ្នកផ្ទះបង់សាលា និងថ្លៃជីវភាពនៅឡើយ។
•កាលវិភាគមមាញឹក ៖ និសិ្សតពេទ្យភាគច្រើន មិនថាខ្ញុំមិនថាគេ ភាគច្រើនរវល់ខ្លាំង ពេលខ្លះគ្មានពេលជិតសិ្នទ្ធនឹងគ្រួសារ ពេលខ្លះ សូម្បីតែពេលបុណ្យទានក៏ត្រូវប្រចាំការនៅមន្ទីរពេទ្យដែរ ព្រោះនេះជាភារកិច្ច ពេលខ្លះស្ទើរតែគ្មានពេលមើលខ្លួនឯងផង រៀនផង ទៅពេទ្យផង យាមផង បើនិយាយពីមេរៀនតែងតែកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើមិនខំរៀនពីដើមឆ្នាំទេ ពេលប្រលងប្រាកដជាពិបាក។ 
•ទំនួលខុសត្រូវ ៖ និស្សិតពេទ្យរូបណាក៏ត្រូវស្ពាយជាប់ពាក្យថា«ទំនួលខុសត្រូវ»រហូត លុះដល់ពេលធ្វើជាគ្រូពេទ្យ ត្រូវមានទំនួសខុសត្រូវកាន់តែខ្ពស់ ព្រោះមុខវិជ្ជាដែលត្រូវរៀន និងធ្វើការជាមួយ គឺទាក់ទងនឹងជីវិតមនុស្ស មិនអាចធ្វើអ្វីមួយឲ្យរួចពីដៃនោះទេ។ 
•រៀនពេទ្យ គឺរៀនមួយជីវិត ៖ ត្រូវកាន់សៀវភៅរហូត ព្រោះតែងតែមានការUpdateថ្មីទាក់ទងនឹងជំងឺ ឬការព្យាបាលថ្មីៗ បើមិនខំអានមិនខំស្រាវជ្រាវ ច្បាស់ជាគ្មានការរីកចម្រើនក្នុងវិស័យនេះទេ។

ការចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាល
ក្នុងនាមជានិសិ្សតផ្នែកវេជ្ជសាស្រ្តមួយរូប គឺជាអ្នកផ្សព្វផ្សាយអប់រំដល់ប្រជាជនឲ្យយល់ច្បាស់ពីបញ្ហាសុខភាព ការការពារ ការថែសុខភាព ក៏ដូចជាបញ្ចៀសពីជំងឺ អនាម័យ និងការសង្រ្គោះបឋមផ្សេងៗ ព្រោះមានតែកត្តាអប់រំមួយគត់ជាកត្តាសំខាន់ ដូចគេតែងតែនិយាយថា «ការពារប្រសើរជាងព្យាបាល»។ 

ជាក់ស្ដែង សាស្រ្តចារ្យនៃសាលាពេទ្យមួយចំនួន បានដឹកនាំក្រុមនិសិ្សតទៅចួលរួមក្នុងការងារសង្គមមានដូចជាទាក់ទងនឹងសុខភាពសាធារណ: ការអប់រំផ្នែកសុខភាពងាយៗនៅតាមផ្ទះដែលពួកគាត់អាចធ្វើបាន ការសង្រ្គោះបឋម និងណែនាំពីវិធីបង្ការ ព្រមទាំងបង្ហាញពីអនាម័យផ្សេងៗ ដើម្បីទទួលបានសុខភាពល្អ ។ 

មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាឱកាសក្នុងការធ្វើស្រាវជ្រាវឲ្យដឹងថាប្រជាជននៅក្នុងភូមិមួយនោះភាគច្រើនមានបញ្ហាសុខភាពផ្នែកអ្វី ដើម្បីងាយស្រួលក្នុងការរិះរកវិធីកែខៃបញ្ហាទាំងនោះ។ ទន្ទឹមនឹងគ្នាផងដែរ ក្រុមនិស្សិតក៏អាចចូលរួមព្យាបាល ផ្ដល់ប្រឹក្សាផ្នែកសុខាភិបាលដោយមិនគិតថ្លៃដល់ប្រជាជនផងដែរ។ 

ទាំងអស់នេះហើយដែលសរបញ្ជាក់ថា បញ្ញវន្ត័បានដើរតួសំខាន់ជួយដល់ការអភិវឌ្ឍក្នុងសង្គម ដោយហេតុថាបើប្រជាជនយល់ដឹងច្បាស់ពីការពារ និងថែរក្សាសុខភាពបានល្អ ប្រាកដណាស់ អត្រានៃការឈឺក៏ថយចុះ ហើយសង្គមជាតិក៏នឹងរីកចម្រើនផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧