ខ្សោយផ្លូវភេទជាមួយជំងឺទឹកនោមផ្អែម

មុននឹងធ្វើការបកស្រាយ ខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះ អាចនឹងមិនពិរោះស្ដាប់ តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។

បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ 

ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។

តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច?
ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន:
•ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ
•ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទ ប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម
•ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាចដំណើរការមិនល្អ ឬស្ទះ
•ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគដូចជាមេរោគផ្សិតទៅលើស្បែកគ្របក្បាលលិង្គ។

ភាពកម្សោយផ្លូវភេទ
ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ ហេតុដូច្នេះ បញ្ហាខ្សោយផ្លូវភេទ គឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។

ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរស ដោយមិនគិតពីអាយុ និងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។ នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។

កត្តាហានិភ័យ
•អាយុ 
•រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម 
•ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ 
•ជក់បារី 
•លើសសម្ពាធឈាម
•លើសជាតិខ្លាញ់ក្នុងឈាម
•កង្វះអ័រម៉ូន អង់ដ្រូសែន(Androgen-ជាអ័រម៉ូនភេទបុរស) 
•ជំងឺសរសៃឈាមបេះដូង

មូលហេតុ
ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម(Atherosclerosis) និងលិង្គត្រូវបានចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត  ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសរសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។ 

ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាម និងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។ បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជា ភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។

ការព្យាបាល
ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទ និងស្វែងរកការព្យាបាលដ៏សមស្រប។ ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafil(Levitra®), Tadalafil(Cialis®) នឹងត្រូវចេញវេជ្ជបញ្ជា។

មានវិធីជាច្រើន ដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតា ទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ ចិត្តវិទូ ឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!!

វិធីការពារ
ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា
•គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ
•ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ៖ បញ្ឈប់ការជក់បារី រក្សាទម្ងន់ឲ្យបានល្អ ធ្វើលំហាត់ប្រាណ ជៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង(Stress)៕

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧