និស្សិតពេទ្យគួរមានការប្តេជ្ញាចិត្តក្នុងការហាត់ប្រាណសម្រាប់សុខភាពខ្លួនឯង...

(5)
2165
ដោយ : Clinic Community

តើមានប៉ុន្មាននាក់ ដែលឧស្សាហ៍យកលេសថាហត់នឿយណាស់ ឬរវល់ណាស់ គ្មានពេលហាត់ប្រាណទេ?
ជាក់ស្តែង និស្សិតពេទ្យម្នាក់ៗប្រាកដជាមានកាលវិភាគមមាញឹកណាស់ ហើយជាទូទៅ ក៏សឹងតែមិនមានពេលគេងគ្រប់គ្រាន់ផង តើអាចនឹងមានពេលណាសម្រាប់លំហាត់ប្រាណ? ជួនកាល ចប់ម៉ោងបំពេញកាតព្វកិច្ច ក៏អស់កម្លាំងតាមហ្នឹងដែរទៅហើយ…ហើយបើចង់ហាត់ប្រាណ គួរបែងចែកពេលបែបណាទៅ? តើភាពរវល់ជាហេតុផល ឬគ្រាន់តែជាលេសទេ?

នៅក្នុ្ងងអត្ថបទនេះផងដែរ នឹងនាំអារម្មណ៍មិត្តអ្នកអានមកជួបជាមួយនឹង លោក ឈុន ដាវីឌ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យល័យពុទ្ធិសាស្រ្ត ដែលចង់ដាស់តឿន ក៏ដូចជាផ្ញើសារបង្ហាញអំពីគុណប្រយោជន៍នៃលំហាត់ប្រាណសម្រាប់គ្រប់គ្នា មិនថារវល់យ៉ាងណាក្តីនោះទេ ជាពិសេសគឺនិស្សិពេទ្យផ្ទាល់តែម្តង។ សម្រាប់លោក ការហាត់ប្រាណអាចជាការលេងកីឡាផ្សេងៗ ការរត់ ការជិះកង់ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ហើយរបៀបហាត់នៃលំហាត់ប្រាណនីមួយៗគឺ មាននៅក្នុងប្រព័ន្ធអ៊ិនធឺណែតជាពិសេសនៅក្នុង Youtube ដែលមានបង្ហាញពីរបៀបហាត់ផ្សេងៗ ដែលធ្វើឲ្យលំហាត់ប្រាណមានប្រសិទ្ធភាព។

គុណប្រយោជន៍នៃលំហាត់ប្រាណ
ការហាត់ប្រាណជាទូទៅ គឺធ្វើឲ្យមានសុខភាពល្អ រាងកាយរាំងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ ប្រព័ន្ធការពារក្នុងរាងកាយរឹងមាំ សម្រស់កាន់តែស្អាត មើលទៅក្មេងជាងអាយុ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាជានិច្ច។ ចំពោះនិស្សិតពេទ្យ ការហាត់ប្រាណប្រៀបដូចជាកន្លែងមួយដែលអាចឲ្យបញ្ចេញអារម្មណ៍តានតឹង មិនថានៅកន្លែងហាត់ប្រាណ ឬក៏នៅផ្ទះ ឬក៏លេងកីឡា ពេលមកពីសាលាហត់ ឬក៏ស្រ្តេស ខ្ញុំតែងតែទៅហាត់ប្រាណ វាជួយឲ្យខ្ញុំបំភ្លេចអត់ទាំងភាពតានតឹងទាំងអស់នោះ ព្រមទាំងជួយឲ្យខ្ញុំមានសុខភាពល្អ និង រាងកាយរឹងមាំថែមទៀត វាថែមទាំងជួយឲ្យរាងកាយយើងប្រឆាំងនឹងជំងឺផ្សេងបាន ដូចជាជំងឺទឹកនោមផ្អែម និង ជំងឺសរសៃឈាមផ្សេងៗបាន។

ខ្លះៗគួរយល់ដឹងអំពីលំហាត់ប្រាណ
ការហាត់ប្រាណក្នុងក្លឹបហាត់បែងចែកដូចជា មនុស្សខ្លះចង់ហាត់ប្រាណ ដើម្បីឲ្យស្រកគីឡូ ខ្លះទៀតចង់ហាត់ប្រាណឲ្យរូបរាងកាយស្អាតស្លីមថែរក្សាគីឡូរបស់គេ (ស្រី) ខ្លះទៀតចង់បានឲ្យមានសាច់ដុំធំស្អាត។ 

សម្រាប់មនុស្សប្រុសដែលចង់បានរាងកាយមាំមួន និង សាច់ដុំស្អាត គឺ 
-ត្រូវមានកាលវិភាគក្នុងការហាត់ជាប្រចំាថ្ងៃប្រៀបដូចនឹងកាលវិភាគសាលាអញ្ចឹង ពីថ្ងៃច័ន្ទ ដល់ថ្ងៃ សៅរ៍ ហើយយើងទុកថ្ងៃអាទិត្យជាថ្ងៃសម្រាក។ 
-ត្រូវប៉ាន់ស្មាននូវអ្វីដែលយើងអាចធ្វើទៅរួច ដោយមិនត្រូវបង្ខំខ្លួនឯងឲ្យហួសសមត្ថភាពយើងទេ 
-ត្រូវធ្វើអី្វទៅតាមដំណាក់កាលរបស់វា ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់យើងដូចជា ការគ្រិចថ្លោះ ឈឺឆ្អឹង និង ឈឺសាច់ដុំ។ល។ 

មនុស្សភាគច្រើនធ្វើលំហាត់ប្រាណដដែលៗ ឧទាហរណ៍ថា គាត់ចង់បានទ្រូងធំស្អាត គាត់ធ្វើលំហាត់ប្រាណទៅលើសាច់ដុំទ្រូងជារៀងរាល់ថ្ងៃ ពីព្រោះគាត់ចង់បានឲ្យឡើងសាច់កន្លែងនោះ តែការធ្វើដូចនេះមិនត្រឹមត្រូវទេ វាធ្វើឲ្យសាច់ដុំទៅជាក្រិនទៅវិញ ដូចនេះយើងត្រូវតែមានកាលវិភាគក្នុងការហាត់ប្រាណឲ្យបានច្បាស់ យើងធ្វើលំហាត់ប្រាណទៅដងខ្លួនយើងទាំងមូល ជាមូលហេតុឲ្យយើងហាត់ប្រាណដោយគ្មានភាពដដែលៗ និង ធុញទ្រាន់ក្នុងការហាត់នោះដែរ។ 

ចំពោះមនុស្សស្រីក៏ត្រូវមានកាលវិភាគហាត់ដូចនឹងបុរសដែរ គឺហាត់ទាំងដងខ្លួនខាងលើ (Upper body) និង ដងខ្លួនខាងក្រោម (Lower body) ដែលភាគច្រើនគាត់ផ្តោតលើការកាត់បន្ថយជាតិខ្លាញ់លើក្បាលពោះ និង លំហាត់ប្រាណទៅលើទង្គៀក(គូទ) ផ្ទុយពីបុរសដែលហាត់ប្រាណគាត់ផ្តោតទៅលើការហាត់លើដងខ្លួនខាងលើ ដែលមនុស្សភាគច្រើនគេនិយាយថា អ្នកហាត់ប្រាណខ្លះធំលើ តូចក្រោម។ 

គន្លឹះឆ្លៀតពេលហាត់ប្រាណ សម្រាប់និស្សិតពេទ្យ
ខ្ញុំយល់ពីអារម្មណ៍ដែលពេលខ្លះត្រូវងើបពីព្រលឹមរៀបចំទៅចុះកម្មសិក្សាដល់មន្ទីរពេទ្យ ថ្ងៃត្រង់ត្រូវទៅសាលារៀនរហូត ហើយត្រូវរៀនភាសាក្រៅម៉ោង មកដល់ផ្ទះត្រូវរៀនមេរៀនបន្ថែម ឬមើលសៀវភៅ និង ពេលខ្លះត្រូវចុះយាមនៅមន្ទីរពេទ្យទៀត ភាពទាំងអស់នេះវាធ្វើឲ្យយើងមានភាពអស់កម្លាំងខ្លាំង ពេលដល់ផ្ទះម្តងៗ។ ប៉ុន្តែបើយើងចង់បានរាងកាយស្អាតមាំមួន យើងត្រូវធ្វើការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែង បើត្រូវចុះកម្មសិក្សាដល់ម៉ោង ១២ ថ្ងៃត្រង់ ហើយចូលរៀនម៉ោង ២រសៀល អាចយកពេលវេលា ១ម៉ោងសម្រាប់ហាត់ប្រាណ ១ម៉ោងទៀតទុកសម្រាប់រៀបចំទៅសាលា វាមិនធ្វើឲ្យយើងជាន់គ្នាទេ បើយើងចេះបែងចែកកាលវិភាគឲ្យបានល្អនោះ បើយើងគ្មានពេលសម្រាកសោះនៅពេលថ្ងៃ យើងអាចហាត់ប្រាណដោយប្រើរយៈពេល៣០នាទី នៅផ្ទះខ្លួនយើងក៏បាន។ 

អ្វីដែលសំខាន់ជាងគេបំផុត គឺការប្តេជ្ញាចិត្តក្នុងការចំណាយពេលយកមកហាត់ប្រាណសម្រាប់សុខភាពយើង មនុស្សម្នាក់ៗបើគ្មានការប្តេជ្ញាចិត្តនោះទេ គឺមិនទទួលបានភាពជោគជ័យនោះដែរ ការហាត់ប្រាណតម្រូវឲ្យយើងមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចនូវអ្វីដែលយើងចង់បាន។ 

របបអាហារដែលគួរមាន រួមផ្សំនឹងលំហាត់ប្រាណ
ចំពោះចំណីអាហារ គឺជាកត្តាមួយដ៏សំខាន់ដែលជួយឲ្យយើងមានរាងកាយស្អាតដែលយើងចង់បាន ក្នុងការសិក្សារបស់គ្រូបង្វឹកជំនាញ (Professional trainer) ការហាត់បា្រណបានតែ ៣០% ចំណែកឯចំណីអាហារគឺត្រូវការ ៧០% ដែលអាចធ្វើឲ្យយើងមានរាងកាយស្អាតល្អនោះ។ អ្វីដែលខ្ញុំលើកទឹកចិត្តក្នុងការទទួលទាន គឺ អាហារដែលសំបូរជាតិប្រូតេអ៊ីន និងអាហារដែលមានជាតិខ្លាញ់តិច រួមជាមួយបន្លែផ្លែឈើ។ 

-ចំពោះអ្នកចង់រក្សាទម្ងន់ និង ចង់ស្រកគីឡូ ៖ អាហារមិនសូវជាខុសគ្នាប៉ុន្មាននោះទេ គេត្រូវការអាហារដែលគ្មានជាតិខ្លាញ់ និង កុំសូវញ៉ាំផ្អែមពេក ជាពិសេសពេលល្ងាច យើងប្តូរពីការញុំាបាយមកញុំាបន្លែវិញ (Salad)។
-ចំពោះអ្នកចង់ឡើងគីឡូ ៖ តម្រូវឲ្យខិតខំប្រឹងញុំាបន្តិច មិនថាអាហារមានជាតិខ្លាញ់ច្រើន និង ផ្អែមទេ។ ការរៀបចំរបបអាហារសំខាន់សម្រាប់អ្នកហាត់ប្រាណណាស់ ដែលជាកត្តាជំរុញធ្វើខ្លួនប្រាណរបស់យើងមានការប្រែប្រួល ពីស្គមទៅរាងស្អាត មានសាច់ដុំ(ចំពោះមនុស្សប្រុស) និង រាងស្លីមស្អាត(ចំពោះមនុស្សស្រី)។ 

សារជូនដល់មិត្តអ្នកអាន
ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមិត្តអ្នកអានទាំងអស់ ឲ្យធ្វើលំហាត់ប្រាណមិនថា មិត្តរវល់យ៉ាងណានោះទេ យើងអាចធ្វើលំហាត់ប្រាណរយៈពេលតែ៣០នាទីក្នុង១ថ្ងៃក៏បាន ឲ្យបាន៣ថ្ងៃក្នុង១សប្តាហ៍ មិនថាលំហាត់បែបណាទេ។ មិនថាជាការហាត់ប្រាណនៅ Gym លេងកីឡាផ្សេងៗ ហែលទឹក ឬក៏រត់នោះទេ អ្វីដែលអ្នកទាំងអស់គ្នាពេញចិត្ត សូមធ្វើវា ព្រោះសុទ្ធតែផ្តល់អត្ថប្រយោជន៍ចំពោះយើងជាច្រើនដូចខ្ញុំរៀបរាប់ខាងលើស្រាប់៕    

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧