មូលហេតុ និងដំណោះស្រាយនៃអាការៈទល់លាមករបស់កុមារ

(3)
164
ដោយ : Healthtime Public Editor

មូលហេតុ
កូនរបស់លោកអ្នកអាចទល់លាមក កា​លណាគេមិនបានផឹកទឹកដោះ អង្គធាតុរាវ ឬអាហារដែលមានជាតិសរសៃគ្រប់គ្រាន់។ សរសៃមាននៅក្នុងចំណីធម្មជាតិ ដូចជាគ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែជាដើម។ 

ប្រសិនបើកូនរបស់លោកអ្នកបរិភោគបបរដែលសម្បូរទៅដោយជាតិខ្លាញ់ជាតិស្ករចម្រាញ់(ស្ករគ្រាប់ឬបង្អែម)នោះមានន័យថាគេមិនបានបរិភោគជាតិសរសៃឲ្យបានគ្រប់គ្រាន់ដែលជាហេតុនាំឲ្យទល់លាមក។ ការផ្លាស់ប្ដូរពីការបំបៅទឹកដោះម្ដាយទៅបៅទឹកដោះគោវិញ ឬការប្ដូរពីការចំណីអាហារទន់ទៅជាចំណីអាហាររឹងវិញ។  

ជួនកាល កូនរបស់លោកអ្នកអាចទល់លាមកបន្ទាប់ពីងើបពីឈឺ ឬប្រើប្រាស់ឱសថផ្សេងៗ។ លោកអ្នកមិនត្រូវបារម្ភពេកទេព្រោះការទល់លាមកតែងតែកើតឡើងជាធម្មតាហើយអាចបាត់ទៅវិញដោយឯងៗដែរ។ អាការៈទល់លាមកធ្ងន់ធ្ងរអាចកើតឡើងដោយសារតែកុមារមិនព្រមទៅបន្ទោរបង់។ ពេលដែលលាមកប្រមូលផ្ដុំ នៅក្នុងពោះវៀនធំយូរវាចាប់កកធំឡើងៗនិងរឹងទៅៗ។ ការបន្ទោរបង់អាចមានការឈឺចាប់ ធ្វើឲ្យកុមារមិនចង់ទៅបន្ទោរបង់លាមក។

ដំណោះស្រាយ
អ្នកគួរចាប់ផ្ដើមបង្កើនបរិមាណទឹកដែលកូនរបស់អ្នកទទួលទានក្នុង១ថ្ងៃ។ បើកូនរបស់លោកអ្នកធំហើយ សូមជម្រុញឲ្យគេផឹកទឹកឲ្យបានច្រើន។ សូមបន្ថយបរិមាណស្ករគ្រាប់ និងចំណីមានជាតិស្ករនៅក្នុងរបបអាហាររបស់កូនលោកអ្នក។អ្នកគួរណែនាំកូនឲ្យយល់ដឹងពីការបន្ទោរបង់ហើយគួរតែមានទម្លាប់បន្ទោរបង់ដោយមានម៉ោងពេលច្បាស់លាស់។ ពេលដល់ម៉ោងបន្ទោរបង់សូមឲ្យកូនលោកអ្នកអង្គុយលើបង្គន់ឲ្យបានយ៉ាងតិច១០នាទីជារៀងរាល់ថ្ងៃ។ ក្នុងពេលបន្ទោរបង់ អ្នកអាចឲ្យកូនអានសៀវភៅ ឬស្ដាប់វិទ្យុក៏បាន។
មានឱសថបញ្ចុះលាមករបស់កុមារ។អ្នកអាចជ្រើសយកឱសថណាមួយមកប្រើអាស្រ័យទៅតាមអាយុករបស់កូននិងទៅតាមសភាពការទល់លាមក។សូមសាកសួរគ្រូពេទ្យអំពីឈ្មោះនិងរបៀបប្រើឱសថ។ 

ក្រោយពីសាកល្បងវិធីខាងលើរួចហើយអាការៈទល់លាមករបស់កូនអ្នកមិនមានសភាពប្រសើរឡើងទេ សូមយកកូនរបស់អ្នកទៅជួបជាមួយគ្រូពេទ្យ។ ជួនកាលអាការៈទល់លាមកអាចជាសញ្ញាបញ្ចាក់អំពីលក្ខខណ្ឌធ្ងន់ធ្ងរខាងសុខភាពណាមួយក៏ថាបាន។
 
©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧