សារជូនចំពោះអនាគតអ្នកគ្រងអាវពេទ្យ...

(3)
1111
ដោយ : Kyranai Yuk

គោរពជូនអនាគតអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងឡាយ

សូមចងចាំ…ចាំនូវអារម្មណ៍ជាអ្នកជំងឺ

ចងចាំនូវអាការៈឈឹចាប់ដែលមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ចងចាំនូវពេលដែលត្រូវជួបពេទ្យឯកទេសមួយហើយមួយទៀត ជាពិសេសអារម្មណ៍រង់ចាំ និងរំពឹងថាវេជ្ជបណ្ឌិតណាម្នាក់នឹងអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងជាក់លាក់ ដោយធ្វើការបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលអ្នកកំពុងប្រឈម។ ហើយក៏ចងចាំនូវអារម្មណ៍ងឿងឆ្ងល់ដោយសារតែមិនដឹងពីមូលហេតុនៅពីក្រោយអាការៈឈឺចាប់ដែលកំពុងមាន ហើយក៏មានអារម្មណ៍ភ័យខ្លាចនឹងដឹងការពិតនៃរោគវិនិច្ឆ័យនៃជំងឺដែលអាចនឹងឆក់ទាញយកអាយុជីវិតរបស់អ្នក…

ចងចាំនូវការចំណាយពេលយូរក្រោមការថែទាំនៅក្នុងគ្លីនិក ឬមន្ទីរពេទ្យ ឬបន្ទប់ពិគ្រោះជំងឺ ឬនៅក្នុងផ្ទះខ្លួនគេងលើគ្រែរង់ចាំលទ្ធផលនៃការធ្វើតេស្ត ឬទន្ទឹងរង់ចាំដល់ថ្ងៃណាត់ជួបនឹងគ្រូពេទ្យម្តងទៀត

ដោយអ្នកបាន ឬកំពុងឆ្លងកាត់ការសិក្សា និងបណ្តុះបណ្តាល ក៏ដូចជាបង្ហាត់បង្ហាញនៅសាលាពេទ្យ ហើយក៏បានសិក្សាផងដែរនូវអ្វីដែលត្រូវឆ្លងកាត់នៅលើវិថីនៃការក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបដូចដែលអ្នកធ្លាប់បានស្រមៃ ហើយក៏កុំភ្លេចមានអំណរនូវអ្វីគ្រប់យ៉ាងដែលអ្នកបានជួបប្រទះនៅលើវិថីមួយនេះ…

ប្រាកដណាស់ គឺមានពេលខ្លះ អ្នកគិតថា ពិបាកណាស់…ហត់ណាស់…ប្រហែលជាមិនអាចធ្វើបានទេ!!! ប្រហែលជាទៅមិនដល់គោលដៅទេ!!!ហើយអារម្មណ៍បែបនេះក៏កើតមានជាញឹកញាប់ផងដែរ ប៉ុន្តែត្រូវចាំថា…នេះហើយជា រសជាតិជីវិត…រឿងអស្ចារ្យមិនមែនងាយស្រួលសម្រេចនោះទេ…
អ្នកមានជីវិតមួយនេះ អ្នកពិតជាសំណាង ព្រោះមានអ្នកខ្លះកំពុងតែប្រាថ្នាចង់ក្លាយជាអ្នក…

នៅថ្ងៃដែលអ្នកគ្រងអាវពេទ្យ អ្នកនឹងយល់ឃើញថា «អ្នកមិនមែនប្រឹងប្រែងដើម្បីតែពិន្ទុល្អ ឬខ្ពស់នោះទេ គឺដើម្បីជួយសង្រ្គោះជីវិតមនុស្ស»។ អាវពេទ្យដែលអ្នកគ្រងលើខ្លួនជារៀងរាល់ថ្ងៃ ប្រៀបបាននឹងនិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់អ្នកចំពោះអ្នកជំងឺ។ ចាប់ពីថ្ងៃនោះទៅ ជីវិតអ្នកនឹងត្រូវបានពលីលើការព្យាបាលអ្នកជំងឺ និងបង្ហាត់បង្ហាញនូវអ្វីអ្នកដែលបានដឹងបានរៀន។ សូមកុំលះបង់ការប្រឹងប្រែងតិច ដើម្បីទទួលបានប្រាក់ច្រើន…ត្រូវមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មី និងប្រឹងប្រែងអស់ពីលទ្ធភាពរបស់អ្នក ព្រោះថាការដឹងល្មមរបស់អ្នក អាចនឹងមិនល្មមសម្រាប់ការជួយទាញយកជីវិតរបស់នរណាម្នាក់ចេញពីយមរាជឡើយ។

សូមឲ្យវត្តមានរបស់អ្នកនៅពេលដែលអ្នកដើរចូលទៅក្នុងបន្ទប់អ្នកជំងឺ ធ្វើឲ្យពួកគាត់មានអារម្មណ៍ធូរស្បើយខ្លះ បើទោះជាអ្នកមិនបានធ្វើការរោគវិនិច្ឆ័យក៏ដោយ។ កុំធ្វើជាពេទ្យម្នាក់់ ដែលអ្នកជំងឺឃើញហើយក៏ភ័យ ឬស្លុតចិត្តថែម…

ជាក់ស្តែង កាតព្វកិច្ចរបស់អ្នកមិនមែនត្រឹមតែផ្តល់ថ្នាំ និងគម្រោងនៃការព្យាបាលប៉ុណ្ណោះទេ អ្នកគឺជាអ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតរបស់អ្នកជំងឺ…ជីវិត គឺផុតស្រួយណាស់…វាអាចនឹងបាត់បង់ ឬផ្លាស់ប្តូរទៅ នៅក្នុងពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ…ប៉ុន្តែ អ្នកពិតជាពិសេស…អ្នកជារនាំងការពារការបាត់បង់នូវកាដូដ៏មានតម្លៃ(ជីវិត)របស់អ្នកជំងឺ ដោយការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងយមរាជ

សូមចងចាំថា អ្នកជំងឺជាភាវៈមានជីវិតដែលមានសតិអារម្មណ៍ ឆន្ទៈ គ្រួសារ អាកប្បកិរិយា និងភាពវៃឆ្លាត។ ពួកគេមិនមែនជាករណីសិក្សា ដែលត្រូវវិភាគ ហើយត្រឡប់ទៅផ្ទះវិញនោះទេ។ ត្រូវចាំក្នុងចិត្តថា ថ្ងៃណាមួយ អ្នកនឹងដូចជាពួកគាត់ដែរ «ចាស់ ឈឺ ស្លាប់» ដែលគ្មាននរណាម្នាក់អាចគេចវេសបានទេ

សូមធ្វើការព្យាបាលអ្នកជំងឺគ្រប់គ្នាដោយក្តីគោរព និងទឹកចិត្តអាណិតអាសូរដែលអ្នកក៏ចង់បានដូចគ្នា ស្តាប់នូវក្តីបារម្ភរបស់ពួកគាត់ និងឆ្លើយតបនឹងសំណួរ ក៏ដូចជាចម្ងល់របស់គាត់។ ពេលខ្លះ ប្រាកដជាហត់ណាស់…អស់កម្លាំងណាស់ ជាមួយនឹងវេនធ្វើការជាង១២ម៉ោង ប៉ុន្តែសូមចាំថា ពេលវេលាតិចតួចដែលអ្នកចំណាយបន្ថែមជាមួយនឹងអ្នកជំងឺ គឺមានតម្លៃខ្លាំងណាស់ ហើយប្រាកដណាស់ធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងណាស់សម្រាប់ពួកគាត់។

សូមចាំថា..ត្រូវមានអំណរដែលអ្នកបានឈានជើងមកកាន់វិថីមួយនេះ។ សូមគោរពនូវទំនួលខុសត្រូវដែលអ្នកត្រូវរ៉ាប់រង ហើយព្យាបាលអ្នកជំងឺឲ្យដូចជាពេលដែលអ្នកជាអ្នកជំងឺម្នាក់ដែរ។

សូមប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់អ្នក និងក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបដែលល្អបំផុតតាមដែលអ្នកអាចធ្វើបាន

ដោយក្តីគោរពស្រលាញ់រាប់អាន

ប្រភព ៖ Letter to a future doctor

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧