៥ ជំហានពិនិត្យសុដន់ដោយខ្លួនឯង

(3)
98
ដោយ : Healthtime Public Editor

ជំងឺមហារីកសុដន់ គឺជាប្រភេទមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ ចំពោះស្រ្តីនៅសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ អត្រាកើតមានថ្មីនៃជំងឺនេះ មានប្រមាណ២,៣០០ករណីចំពោះបុរស និង២៣០,០០០ ករណីចំពោះស្រ្តី។ ដំណាក់កាលនៃមហារីកសុដន់មានដូចជាដំណាក់កាលដំបូង ដំណាក់កាលដែលអាចព្យាបាលជា និងដំណាក់កាលរីករាលដាលដែលមានវិធីព្យាបាលផ្សេងៗពីគ្នា។ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សនៃជំងឺ

មហារីកសុដន់នេះការស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងត្រូវបានអនុវត្តនិងគួរអនុវត្តល្អបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ ថ្ងៃជារៀងរាល់ខែ។ការពិនិត្យសុដន់ដោយខ្លួនគឺជាការពិនិត្យមើលការប្រែប្រួលឬបញ្ហាផ្សេងៗនៃជាលិកាសុដន់ដែលអាចធ្វើបានដោយខ្លួនឯងពេលនៅផ្ទះ។ការពិនិត្យនេះរួមផ្សំទាំងការពិនិត្យមើលនិងការស្ទាបដែលមាន៥ជំហានដូចខាងក្រោម ៖
-ជំហានទី១ ៖ ចាប់ផ្តើមដោយមើលសុដន់នៅមុខកញ្ចក់ដោយដាក់ដៃច្រត់ចង្កេះ។ លោកអ្នកត្រូវពិនិត្យទៅលើទំហំ រូបរាង និងពណ៌នៃសុដន់ទាំងសងខាង។

-ជំហានទី២ ៖ លើកដៃរបស់អ្នកទាំងសងខាងឡើងលើ ហើយពិនិត្យមើលដូចជំហានទី១។

-ជំហានទី៣ ៖ ខណៈពេលដែលអ្នកនៅមុខកញ្ចក់ អ្នកត្រូវពិនិត្យមើលការហូរចេញនៃទឹកពីចុងសុដន់ទាំងសងខាង ដែលអាចជាទឹកថ្លាពណ៌ទឹកដោះគោ ពណ៌លឿង ឬឈាម។

-ជំហានទី៤ ៖ គេងផ្ងារ ហើយស្ទាបដោយប្រើដៃស្តាំស្ទាបសុដន់ខាងឆ្វេង បន្ទាប់មកដៃឆ្វេងស្ទាបសុដន់ខាងស្តាំ។ សូមស្ទាបដោយដាក់ម្រាម៣កណ្តាលឲ្យត្រង់ សង្កត់ល្មមៗជារាងរង្វង់ហើយចាប់ផ្តើមពីឆ្អឹងដងកាំបិតចុះមករកផ្នែកខាងលើនៃពោះ និងពីក្លៀកមកឆ្អឹងសន្ទះទ្រូង។ អ្នកត្រូវច្បាស់ថាគ្រប់ផ្នែកនៃសុដន់ត្រូវបានស្ទាប។ 

អ្នកក៏អាចចាប់ផ្តើមពីចុងសុដន់ ហើយស្ទាបជារង្វង់ចេញទៅក្រៅធំទៅៗរហូតដល់គែមខាងក្រៅនៃសុដន់។ មួយវិញទៀត អ្នកអាចស្ទាបដោយរំកិលម្រាមដៃរបស់អ្នកចុះឡើងៗជាជួរៗ។ វិធីរំកិលចុះឡើងៗនេះហាក់ដូចជាមានប្រសិទ្ធភាពចំពោះស្រ្តីភាគច្រើន។ អ្នកអាចស្ទាបស្បែក និងជាលិកាក្រោមស្បែកបានតាមរយៈការស្ទាបសង្កត់ថ្នមៗ និងសង្កត់ល្មម ដើម្បីស្ទាបជាលិកាដែលនៅចំកណ្តាលនៃសុដន់។ ចំណែកឯជាលិកាដែលនៅជ្រៅៗ អ្នកអាចស្ទាបបានដោយការសង្កត់ឲ្យខ្លាំងបន្តិច។

-ជំហានទី៥ ៖ ជាចុងក្រោយ អនុវត្តការស្ទាបសុដន់ទាំងមូលតាមជំហានទី៤ ដោយប្តូរឥរិយាបថពីគេងទៅអង្គុយ ឬឈរវិញ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧