[ខ្លឹមៗ] ការព្យាបាលជំងឺឃ្លង់ល្ពៅដែលមានប្រសិទ្ធភាព

ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ គឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។

ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោក តែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។

ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទ និងទីតាំងដែលកើតជំងឺ៖
•ប្រសិនបើការប្រែពណ៌មានទំហំតូច ដូចជាលើផ្ទៃមុខ ៖ ព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃ ដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើត ដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។
•ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) ៖ ព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។
•ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួន ៖ ព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។
•ក្រៅពីមធ្យោបាយព្យាបាលខាងលើ គេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖
ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀត គឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវីទីលីហ្គោអាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោ ហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត»។

ស្វែងយល់បន្ថែម៖ យល់ដឹងពីជំងឺឃ្លង់ល្ពៅ

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧