វិធី១០យ៉ាង ជួយសម្រកទម្ងន់ធ្វើឲ្យមានរាងស្អាត

រាងកាយសមសួនស្អាតអ្នកណាក៏ចង់បាន។ហេតុនេះហើយបានជាអ្នកដែលធាត់ដែលមានរូបរាងកាយកន្រ្ទលមិនស្អាតមួយចំនួនស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីធ្វើការបញ្ចុះទម្ងន់។ការបញ្ចុះទម្ងន់អាចធ្វើឡើងបានច្រើនរូបភាពដូចជាការប្រើថ្នាំលេបការបង្អាត់អាហារឬការហាត់ប្រាណជាដើម។ ក្នុងចំណោមវិធីទាំងនេះ មានវីធីខ្លះបានធ្វើឲ្យអ្នកមិនបានសម្រេចដូចបំណង ហើយថែមទាំងខូចសុខភាពទៀតផង។ លោកអ្នកគួរជ្រើសរើសវិធីសម្រកទម្ងន់មួយណា?

១. បរិភោគអាហារបីពេលក្នុងមួយថ្ងៃ៖ 
លោកអ្នកត្រូវបរិភោគបីពេលក្នុងមួយថ្ងៃ គឺនៅពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចជាទៀងទាត់។ ការបរិភោគបានទៀងពេល គឺធ្វើឲ្យដំណើរការនៃការប្រព្រឹត្តទៅរបស់ប្រពន្ធ័ផ្លូវរំលាយអាហារធ្វើទៅបានល្អនិងដើម្បីរក្សាបាននូវស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាមផង។ស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាមអាចបញ្ចៀសបាននូវអាការឃ្លានបាយឬរមូរពោះដែលបណ្តាលមកពីខ្វះជាតិស្ករនៅក្នុងឈាម។ ការបរិភោគចំណីអាហារមិនឈប់មាត់ជាទម្លាប់អាក្រក់មួយ លោកអ្នកមិនគួរធ្វើទេ ព្រោះវាអាចជំរុញឲ្យលោកអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័ស ជួនបង្កជាជំងឺផ្សេងៗទៀតផង។

២. ទប់ទល់អាការៈឃ្លានក្រៅពេលបាយ៖ 
នៅពេលដែលលោកអ្នកឃ្លានក្រៅពីពេលបាយ សូមទទួលទានចំណីអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។ ការបរិភោគចំណីអាហារណា ដែលមានជាតិស្ករល្អ ឬជាតិស្ករជ្រាបយឺត (ជាតិស្ករដែលមិនប៉ះពាល់ដល់សុខភាព) អាចជួយទ្រទ្រង់កម្រិតជាតិស្ករក្នុងឈាមបាន។ លោកអ្នកគួរបរិភោគអាហារដែលមានជាតិស្ករល្អ ដូចជាផ្លែចេក ប៉ោម ទំពាំងបាយជូរស្រស់ ឬក្រៀមជាដើម។ ចំណែលចំណីអាហារដែលមិនប៉ះពាល់សុខភាព មានផ្លែឈើស្រស់ ផ្លែឈើក្រៀម បន្លែឆៅ គ្រាប់ធញ្ញជាតិជាដើម។ 

៣. ពិសាភេសជ្ជៈល្អ៖ 
លោកអ្នកមិនគួរពិសាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវាបង្កឲ្យជាតិស្ករក្នុងឈាមថយចុះ។ ចំណែកភេសជ្ជៈ កំប៉ុង ឬដបដែលមានជាតិហ្គាស និងផ្ទុក ទៅដោយជាតិស្ករតែមួយមុខ ជួនមានលាយជាតិគីមីទៀតផង ក៏ត្រូវចៀសវាងដែរ។ ភេសជ្ជៈ ដែលល្អបំផុតដែលលោកអ្នកត្រូវជ្រើសរើស គឺទឹកឆ្អិន ទឹកដាំពុះ ទឹកស្អាតដែលច្រោះ ឬរម្ងាស់មេរោគរួច ឬទឹកផ្លែឈើស្រស់ដែលបានមកពីកាប្របាច់ ឬគាប។

៤. ពិសាស្រាក្នុងកម្រិតទាបបំផុត៖ 
ជាតិស្រា ឬជាតិអាល់កុលមាននៅក្នុងស្រាបៀរ ស្រាទំពាំបាយជូរ ស្រាស និងស្រាផ្សេងៗទៀត។ ក្នុងខ្លួនប្រាណមនុស្សយើងត្រូវការជាតិអាល់កុលខ្លះដែរ តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ការពិសាស្រាហួសប្រមាណត្រូវបានហាមឃាត់។ យ៉ាងណាមិញ ការពិសាជាតិអាល់កុល ច្រើនអាចបង្កឲ្យមានការឡើងទម្ងន់ ជាពិសេសការរីកប៉ោងនៃខ្សែក្រវ៉ាត់ ពោះដែលមានរូបភាពដុះក្បាលពោះ។

៥. ពេលបាយ ពិសាភេសជ្ជៈតិចជាងអាហារគោក (បាយសម្ល)៖ 
រាល់ពេលបរិភោគបាយ លោកអ្នកមិនគួរបរិភោគភេសជ្ជៈច្រើនពេកទេ ព្រោះការពិសាភេសជ្ជៈច្រើនក្នុងពេលបរិភោគអាច បង្កជាការរាវជ្រុលនៃអាស៊ីតក្រពះ និងជាតិអង់ស៊ីមដែលរំលាយអាហារ ហើយបង្កឲ្យការរំលាយអាហារមិនបានល្អ។ លក្ខណៈបែបនេះ ជារឿយៗបង្កជាការច្រាលអាហារដែលធ្វើឲ្យរីកប៉ោងនៃខ្សែក្រវ៉ាត់ជារូបភាពដុះក្បាលពោះ និងឡើងប៉ោងទម្ងន់ផងដែរ។ 

៦. កាត់បន្ថយការបរិភោគជាតិខ្លាញ់៖ 
ដើម្បីសម្រកទម្ងន់លោកអ្នកត្រូវបន្ថយបរិភោគអាហារដែលមានជាតិខ្លាញ់និងស្វែងយល់អំពីប្រភេទខ្លាញ់ដែលគួរបរិភោគ និងមិនគួរបរិភោគ។ប្រសិនបើលោកអ្នកចង់ផ្តល់ប្រូតេអ៊ីនដល់ខ្លួនប្រាណលោកអ្នកគួរពិសាសាច់ត្រីឲ្យបានច្រើនជាងសាច់ដទៃទៀត។ គួរពិសាសាច់សត្វស្លាបឲ្យបានច្រើន (សាច់សុទ្ធគ្មានជាប់ស្បែក) ប្រសើរជាងពិសាសាច់គោ និងសាច់ជ្រូក។

៧. ពិសាចំណីអាហារដែលគ្មានប្រតិកម្មប្រឆាំងនឹងខ្លួនអ្នក៖
ក្រពះពោះវៀនរបស់មនុស្សម្នាក់ៗមិនអាចទទួលយកចំណីអាហារបានសព្វមុខដូចគ្នានោះទេ។ អ្នកខ្លះមិនអាចបរិភោគចំណីអាហារមួយចំនួនបានទេ ព្រោះអាចបង្កឲ្យឡើងទម្ងន់ឬអាការៈផ្សេងៗទៀតដូចជាឈឺពោះរាករូសចេញកន្ទួលរមាស់លើស្បែកជាដើម។ លោកអ្នកគួរចំណាំដោយខ្លួនឯង និងស្វែងរកឲ្យឃើញនូវអាហារទាំងឡាយណា ដែលបំពង់រំលាយអាហារ ឬស្រូបជញ្ជក់បាន។ ប្រសិនបើលោកអ្នកចៀសវាង ឬបន្ថយអាហារទាំងនោះ នោះទម្ងន់របស់លោកអ្នកនឹងត្រូវថយចុះ ឬរក្សាលំនិងបានប្រកបដោយប្រសិទ្ធភាព។ 

៨. ពិសាចំណីអាហារជាតិស្ករធម្មជាតិ៖ 
ចំណីអាហារជាតិស្ករធម្មជាតិ ឬចំណីអាហារជាតិស្ករមិនកែច្នៃ (ជាពពួកស្ករជ្រាបយឺត) បំបែកខ្លួនជ្រាបចូលក្នុងខ្លួនយឺត អាចរក្សាស្ថេភាពកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។ ចំណីអាហារជាតិស្ករមិនកែច្នៃមានដូចជា អង្ករ បាយ គ្រាប់ធញ្ញជាតិ ដំឡូង ដំឡូងបារាំងទាំងមូល ផ្លែឈើមូលជាដើម។

៩. កុំបរិភោគចំណីអាហារមានជាតិស្ករជ្រាបរហ័ស៖ 
លោកអ្នកមិនត្រូវដាក់ស្ករ នៅក្នុងចំណីអាហារ និងក្នុងភេសជ្ជៈរបស់លោកអ្នកឡើយ។ ត្រូវចៀសវាងបរិភោគចំណីអាហារ វេចខ្ចប់ កំប៉ុង ប្រអប់ ឬដប នំ ឬចំណីអាហារដែលធ្វើ ឬដាំស្លដោយដាក់ស្ករផងដែរ ព្រោះថាស្ករដែលកែច្នៃ ស្ករស ស្ករត្នោត មិនមានវីតាមីន ថែមទាំងបង្កឲ្យមានការឡើងចុះជាតិស្ករក្នុងឈាមទៀតផង។ ប្រការឡើងចុះជាតិស្ករនេះ បង្កឲ្យមានជំងឺធាត់ ឬជំងឺ ទឹកនោមផ្អែមជាដើម។

១០. បង្កើនការបរិភោគផ្លែឈើ ឬបន្លែស្រស់៖
 ផ្លែឈើ និងបន្លែស្រស់សម្បូរទៅដោយសារជាតិសរសៃ និងសារធាតុចិញ្ចឹមដែលជាកត្តាមួយធ្វើឲ្យការបរិភោគមានលំនឹង។ សូមព្យាយាមទទួលទានអាហារ ប្រភេទនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ ក្នុងមួយដងៗឬមួយ ពេលអាចជាផ្លែចេកមួយ ផ្លែប៉ោមមួយ ទំពាំងបាយជូរមួយក្តាប់ញាំមួយចាន។ គប្បីទទួលទានបន្លែស្រស់ដូចជា អន្លក់ បន្លែស្រស់ ឬបន្លែឆ្អិន ដោយចំហុយ តែចៀសវាងការចម្អិនដោយប្រើខ្លាញ់។ ទឹកជន្លក់គួរធ្វើរសជាតិឲ្យស្រាលៗមិនឲ្យប្រៃខ្លាំង ហឹរខ្លាំង និងផ្អែមខ្លាំង៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់