Alzheimer មិនមែនជាការបាត់បង់ការចងចាំធម្មតានោះទេ!

ស្ថានភាព Alzheimer លើពិភពលោក ចំពោះប្រទេសឧស្សាហកម្មរីកលូតលាស់មួយចំនួន ដូចជា ប្រទេសជប៉ុន រុស្សី ហុងកុង កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលលក្ខខណ្ឌសុខភាពនៃប្រទេសទាំងនោះមានការរីកចម្រើន​ជាហេតុ​ធ្វើឲ្យមនុស្សមានអាយុវែង។ ទន្ទឹមនឹងការរីកចម្រើនផ្នែកសុខមាលភាពប្រជាជន និងផ្នែកសេដ្ឋកិច្ចប្រទេស​ទាំងនោះត្រូវបានបង្ហាញថា មានលេចចេញនូវអ្នកជំងឺ  Alzheimer ច្រើនគួរឲ្យកត់សម្គាល់ ដែលផ្ទុយពីប្រទេសចិន និងប្រទេសឥណ្ឌា។ចំពោះប្រទេសកម្ពុជាយើងពុំទាន់មានការសិក្សាណាមួយ​ដែលបង្ហាញពីទិន្នន័យច្បាស់លាស់អំពីភាគរយនៃជំងឺនេះទេ ប៉ុន្តែជាក់ស្តែងចំពោះមន្ទីរពេទ្យព្រះកុសុមៈក៏ធ្លាប់បានទទួលអ្នកជំងឺ Alzheimer សម្រាកព្យាបាល និងពិគ្រោះមួយចំនួនធំ។

និយមន័យ
Alzheimer ជាជំងឺមួយទាក់ទងទៅនឹងភាពចាស់ជរារបស់មនុស្សយើង ដែលមានន័យថាកាលណាវ័យកាន់តែ​ចាស់ អត្រានៃការកើតជំងឺ Alzheimer មានកាន់តែច្រើន។ ជាទូទៅ Alzheimer មានលក្ខណៈសម្គាល់ ឬសញ្ញា ៣យ៉ាងសំខាន់ រួមមាន៖
•​ ការផ្លាស់ប្តូរចរិតរបស់អ្នកជំងឺ
• ការផ្លាស់ប្តូរប្រព័ន្ធបញ្ជាការក្នុងប្រព័ន្ធប្រសាទ
• ការផ្លាស់ប្តូរទៅលើផ្នែកចិត្តសាស្ត្រ​ និងលក្ខណៈសម្បត្តិទូទៅរបស់អ្នកជំងឺ។

មូលហេតុ
Alzheimer មានមូលហេតុទាក់ទងនឹងរូបសាស្ត្ររបស់ខួរក្បាល កាលណាវ័យកាន់តែចាស់ ឬលើសពី៦០ឆ្នាំ៖
•ថយចុះទំហំខួរក្បាល
•មានការរីកធំនូវប្រព័ន្ធថង់ទឹកក្នុងខួរក្បាល (Ventricular System) 
•​ បាត់បង់សមត្ថភាពរបស់ណឺរ៉ូន (Neuron Loss Function) ក្នុង Central NeuronSystem ជាមធ្យម១០%
• ណឺរ៉ូនទាំងអស់មានសភាពក្រិន រឹង ក្រាស់ ដែលធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការបញ្ជូន ព័ត៌មានពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។

កត្តាហានិភ័យ
• អាយុ៖ អាយុកាន់តែវែងកាន់តែមាន អត្រាហានិភ័យកាន់តែខ្ពស់។
• ជំងឺប្រចាំកាយ៖ អ្នកជំងឺទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ជាដើម។
• អ្នកញ៉ាំស្រាឬបារី។

រោគវិនិច្ឆ័យ
Alzheimer ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែក​​ ប្រព័ន្ធប្រសាទ និងផ្នែកចិត្តសាស្ត្រដើម្បីតាមដាននូវសញ្ញានានាដូចបានរៀបរាប់ខាងលើ។​ក្រៅពីនេះអ្នកជំងឺក៏តម្រូវឲ្យមានការថតរូប​ភាពវេជ្ជសាស្ត្រលើផ្នែកខួរក្បាលរបស់ពួកគាត់ ដូចជាCT ស្កែន និង MRI (Magnetic Resonance Imaging) បន្ថែមទៀតផងដែរ។

ការព្យាបាល
រហូតដល់សព្វថ្ងៃនេះAlzheimerពុំទាន់មានការព្យាបាលណាមួយដាច់ដោយឡែកនោះទេ។ ករណីអ្នកជំងឺមានជំងឺ​ប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម ឬលើសជាតិខ្លាញ់ គ្រូពេទ្យ នឹងណែនាំឲ្យធ្វើការព្យាបាលជំងឺទាំងនេះជាមុនសិន។ បន្ទាប់មកអ្នកជំងឺអាចព្យាបាលAlzheimerដោយប្រើប្រាស់ថ្នាំមួយចំនួនពាក់ព័ន្ធនឹងការធ្វើឲ្យមាន​ដំណើរការល្អប្រសើរឡើងវិញនូវមុខងាររបស់ប្រព័ន្ធប្រសាទ។ ក្រៅពីនេះក៏ត្រូវណែនាំឲ្យទទួលទាន​​​​អាហារដែលមានតុល្យភាពនិងរក្សាអនាម័យខ្លួនប្រាណរួមជាមួយនឹងការថែទាំលើកទឹកចិត្តទាំងក្រុមគ្រូពេទ្យក្រុមគ្រួសារក៏ដូចជាសហគមន៍ទាំង​មូល។ គួរបញ្ជាក់ផងដែរ ថា Alzheimer គ្មានការព្យាបាលណាមួយជាក់លាក់ឲ្យជាសះស្បើយនោះទេ។

ផលវិបាក
អ្នកជំងឺ Alzheimer នឹងប្រឈមជាមួយផលវិបាក  ដូចខាងក្រោម៖
• ការវង្វេងវង្វាន់
• បាត់បង់សមត្ថភាពក្នុងការឮ ឬស្តាប់
• បាត់បង់សមត្ថភាពក្នុងការមើល
• សាច់ដុំមានសភាពទន់ និងញ័រ។

ការការពារ
• រក្សាអនាម័យទាំងខ្លួនប្រាណ និងផ្លូវចិត្ត (ការបន្ថយស្ត្រេស)
• កាត់បន្ថយការប្រឈមជាមួយជំងឺផ្សេងៗ
• ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
• ចៀសវាងការញ៉ាំស្រា និងជក់បារីញឹកញាប់
• គួរធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត អ៊ីវ វិចិត្រ ឯកទេសវះកាត់ប្រព័ន្ធប្រសាទមានតួនាទីជាប្រធានអគារផ្នែកវះ​កាត់ប្រព័ន្ធ​ប្រសាទនៃមន្ទីរពេទ្យព្រះកុសុមៈនិងជាប្រធានសមាគមផ្នែកវះកាត់ប្រព័ន្ធប្រសាទកម្ពុជាព្រមទាំងត្រូវបានតែងតាំងជា​​គ្រូពេទ្យផ្នែកវះកាត់ប្រព័ន្ធប្រសាទពិភពលោក

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់