ដោះស្រាយបញ្ហាជ្រុះសក់ជាមួយសាស្ត្រចារ្យ ម៉ី ស៊ីថាច 

បញ្ហាជ្រុះសក់ នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយវាកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់។ សូម្បីទារកអាយុក៣ទៅ៤ខែក៏ជួបបញ្ហានេះដែរ តែមូលហេតុនៃការជ្រុះសក់របស់ពួកគាត់បណ្ដាលមកពីទទួលអ័រម៉ូនពីម្ដាយតាំងពីគាត់នៅក្នុងផ្ទៃ។ យ៉ាងណាមិញ ចំណុចគួរកត់សម្គាល់នោះ គឺមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់។ 

ដើម្បីចង់ដឹងថាអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រាន់តែជាការជ្រុះសក់ធម្មជាតិនោះ ជាដំបូង ត្រូវយល់ដឹងពីវដ្តជីវិតសក់ជាមុនសិន៖ 
១. វគ្គ Anagen មានរយៈពេល១ ទៅ៥ឆ្នាំជាដំណាក់កាលដែលសក់លូតលាស់។ ប្រសិនបើអ្នកមានសក់ជ្រុះនៅដំណាក់កាលនេះត្រឹម៥ទៅ១០សរសៃពេលច្បូតសក់ម្ដងនោះ អ្នកត្រូវទៅជូបនឹងគ្រូពេទ្យហើយ ព្រោះការជ្រុះសក់នៅដំណាក់កាលនេះ សក់ពិបាកនិងដុះឡើងវិញប្រសិនបើគ្មានការព្យាបាល។
២. វគ្គ Catagen មានរយៈពេល៤ ទៅ៦សប្ដាហ៍ជាដំណាក់កាលដែលសក់អ្នកនៅហ្នឹង។ 
៣. វគ្គ Telogen ជាដំណាក់កាលដែលសក់ជ្រុះ។ ដំណាក់កាលនេះសក់អ្នកអាចនឹងជ្រុះពី៥០ទៅ១០០សរសៃក្នុងមូយថ្ងៃជារឿងធម្មតា បើអ្នកច្បូតសក់ឃើញសក់របស់អ្នកជ្រុះប្រមាណត្រឹម៧ទៅ៨សរសៃក៏ជាការធម្មតាដែរ។ ប៉ុន្តែ បើអ្នកសង្កេតឃើញថាវាជ្រុះច្រើនជាងនេះអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវព្រួយបារម្ភហើយ។ បញ្ហាដែលបណ្ដាលឲ្យសក់ជ្រុះមានច្រើន ប៉ុន្តែកត្តាចំបងដែលបណ្ដាលឲ្យសក់ជ្រុះមានដូចជា៖
-បញ្ហាស្ត្រេស៖
ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។
-កត្តាបុរស ឬតំណពូជ៖
បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យាកំណើត ឬក្រោយពេលសម្រាល។
-ការខ្វះអាហារូបត្ថម្ភ៖
បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីនដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។ 
-ជំងឺក្រពេញ៖ 
ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។ 
-ការប្រើប្រាស់ថ្នាំ៖ 
ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា ​អាស្ពឺរីន(Aspirin) ​អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ( Betabloc​-ker)ក៏ជាមូលហេតុមូយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។ 
-កត្តាជំងឺ៖
ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុក៨ទៅ១៣ឬ១៤ឆ្នាំដោយអ្នកជំងឺចូល​ចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន(Polycystic ovarian)។ 
-ការតុបតែងសក់៖ 
ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។ 

ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យលើសក់ជ្រុះនេះមានច្រើន ដូចជាការពិនិត្យលើស្បែកក្បាលពិនិត្យឈាម ពិនិត្យសក់ ឆ្លុះអេកូ និងថតកាំរស្មី។ ប៉ុន្តែ ករណីសក់ជ្រុះរបស់មនុស្សប្រុសដោយសារតែអ័រម៉ូនមិនចាំបាច់ធ្វើការពិនិត្យទេ។ ចំពោះការពិនិត្យស្បែកក្បាល៖ 
១.រកមើលពីវត្តមានអង្គែ
-បើអង្គែរាយប៉ាយត្រូវរកមើលរកមើលនៅតាមត្រចៀក និងមុខទៀត នេះជាសញ្ញានៃជំងឺស្ត្រេស និងSeborrehic dermatitis
-បើអង្គែនៅជ្ដុំៗគ្នាគេត្រូវរកវត្តមានរបស់ផ្សិតដោយការធ្វើតេស្តរហ័ស និងបណ្តុះផ្សិតនោះដើម្បីរកថា ថ្នាំប្រភេទណាអាចសម្លាប់វាបាន។ 
-រកមើលដំបៅព្រោះវាអាចជាជំងឺលុយពីស(Lupus) ជំងឺផ្សិតរុំារៃ ឬបូស។ 
២. ចំពោះការពិនិត្យសក់
-ធ្វើTricogramaគឺ គ្រូពេទ្យនឹងដកសក់អ្នកប្រមាណ៥០សរសៃទៅពិនិត្យថាតើអ្នកមានសក់ចំនួនប៉ុន្មានខ្លះក្នុងដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់សក់ 
-ដកសក់យកទៅបណ្តុះរកផ្សិត។ ចំពោះការពិនិត្យរកមើលគ្រាប់ឈាមមានថាតើមានខ្វះឈាមទេរកបរិមាណអ័រម៉ូន ពិសេសអ័រម៉ូនទីរ៉ូអ៊ីត រាប់ចំនួនស័ង្កសី ដែក វត្តមាននៃអង់ទីករ និងវត្តមានមេរោគជំងឺស្វាយ។
៣. ចំពោះការពិនិត្យអេកូ
- មនុស្សស្រី ៖ រកមើលពីដុំពកនៃដៃស្បូន (Polycystic ovarian)
-មនុស្សប្រុស ៖ រកមើលពីសភាពប្រូស្តាតរបស់អ្នក។
៤. ចំពោះការពិនិត្យកាំរស្មី
គឺរកមើលពីសុខភាពសួតរបស់អ្នកជំងឺ។

ការព្យាបាល
បញ្ហាភាគច្រើនត្រូវធ្វើការព្យាបាលមូលហេតុដើមដែលបណ្ដាលឲ្យសក់ជ្រុះនោះដូចជាស្ត្រេស ជំងឺ លុយពីស (Lupus) ជំងឺផ្សិតបញ្ហាខ្វះប្រូតេអ៊ីន ខ្វះវីតាមីនខ្វះគ្រាប់ឈាម ជំងឺក្រពេញដូចជា ជំងឺទឹកនោមផ្អែម ជំងឺពកក។ 
បញ្ហាជ្រុះសក់របស់មនុស្សប្រុស (Androgenic alopecia)
ការព្យាបាលត្រូវការរយៈពេលប្រហែល១ឆ្នាំ ហើយគ្រូពេទ្យណែនាំឲ្យប្រើថ្នាំបាញ់ដូចជា Minoxidil ព្រមទាំងអាចឲ្យប្រើផ្គួបជាមួយថ្នាំលេច Finasteride ហើយក៏អាចមានវិធីផ្សេងៗទៀត ដូចជាការដាំសក់ជាដើម។ 
បញ្ហាជ្រុះសក់លើស្ត្រី
ករណីជ្រុះសក់ដោយសារបម្រែបម្រួលអ័រម៉ូនខុសធម្មតាពីវ័យក្មេងគ្រូពេទ្យនឹងធ្វើការព្យាបាលអ័រម៉ូនទៅក្នុងកម្រិតធម្មតាវិញ។ ករណីស្ត្រីអស់រដូវគ្រូពេទ្យនឹងព្យាបាលដោយបន្ថែមអ័រម៉ូន​ឲ្យគាត់វិញ។ រីឯស្ត្រីដែលជ្រុះសក់ដោយសារតែការប្រើប្រាស់ថ្នាំពន្យាកំណើតពួកគាត់ត្រូវទៅជួបជាមួយគ្រូពេទ្យសម្ភព ដើម្បីផ្លាស់ប្ដូរថ្នាំប្រើវិញ។ ករណីជ្រុះសក់ក្រោយសម្រាលវាជារឿងធម្មតា និងមិនត្រូវការព្យាបាលទេព្រោះសក់នឹងឈប់ជ្រុះហើយដុះវិញក្នុងរយៈពេល៣ខែក្រោយពេលសម្រាល។ 

វិធីបង្ការ
ការរក្សាអនាម័យខ្លួនប្រាណជាការសំខាន់ក្នុងការការពារពីការឆ្លងពីពពួកមេរោគផ្សិត ជាពិសេសកុមារដែលមិនទាន់ចេះរក្សាអនាម័យខ្លួនឯង។ មួយវិញទៀត ចំពោះអ្នកសម័យថ្មីដែលចូលចិត្តតុបតែងសក់នោះគួរជ្រើសរើសការតុបតែងបែបណាមិនផ្ដល់សម្ពាធដល់សក់ខ្លាំងពេកដូចជាការទាញសក់ជាដើម ឯការសម្ងួតសក់ក៏គួរកាត់បន្ថយខ្លះដែរ ព្រោះវាក៏ជាកត្តាដែលបណ្ដាលឲ្យជ្រុះសក់ផងដែរ។ លើសពីនេះ ការប្ដូរពណ៌សក់បើទោះជាលាបពណ៌សក់ខ្មៅក៏ដោយ អ្នកគួរជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងការប្ដូរម៉ាកផលិតផលតាមគ្នា ព្រោះវាក៏អាចបំផ្លាញសក់អ្នកដែរ។ 

ជាចុងក្រោយ លោកសាស្ត្រចារ្យសូមផ្ដាំផ្ញើទៅអ្នកដែលមានសក់ជ្រុះទាំងអស់ថា ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក។   

បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក។ 

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧