[ខ្លឹមៗ] សុខភាពមាត់ធ្មេញរបស់កុមារ

ចំពោះការថែទាំសុខភាពមាត់ធ្មេញ ត្រូវមានការត្រួតពិនិត្យតាំងពីវ័យកុមារឡើងទៅ។ នៅក្នុងវ័យកុមារនេះ ក្មេងៗមិនអាចធ្វើការថែទាំដោយខ្លួនឯងបានឡើយ ដូច្នេះហើយ ឪពុកម្តាយ​ ឬអាណាព្យាបាលជាអ្នកត្រួតពិនិត្យចំពោះពួកគាត់ឲ្យបានដិតដល់។ ក្នុងវ័យនេះផងដែរ កុមារងាយរងការខូចខាតធ្មេញជាងគេ គឺតាមរយះចំណីអាហារតែម្តង។ ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ  ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ 

តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា?
ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖
- ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។
- ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរនាទី។
- ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។
- សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់  ៦ខែម្តង។

តើឪពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន?
-ចំណុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ដែលក្មេងកើតមក។
សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នកកុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។

ជាចុងក្រោយ លោកទន្តបណ្ឌិត មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន៕

ស្វែងយល់បន្ថែម៖ របៀបថែទាំធ្មេញដែលឪពុកម្តាយគួរយល់ដឹង

បងស្រាយដោយ ៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់