ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់? 

ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់ ?  
តើលោកអ្នកធ្លាប់មានការឈឺចាប់ និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ឫទេ ? 

ប្រជាជនទូទៅតែងតែយល់ថា រាល់គ្រប់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត ។ ក៏ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត ។ រោគសញ្ញាខាងលើនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមក (Fissure anale) គឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។ 

I- តើការដាច់រលាត់ទ្វារលាមក (Fissure anale) ជាអ្វី ?
Fissure anale
គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំងនិង មានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ ។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។

II- មូលហេតុនៃការដាច់រលាត់ទ្វារលាមក
មូលហេតុសំខាន់ៗមាន3គឺ៖
 1-លាមករឹង
 2-រាករូសខ្លាំង
 3-ស្ត្រីទើបនឹងសម្រាលរួច
មូលហេតុកម្រផ្សេងៗទៀតដូចជា៖ ជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ(Maladie de Cronh) ។ល។

III- តើវាជាជំងឺធ្ងន់ធ្ងរដែរឫទេ ?
ភាគច្រើននៃជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ។ ក៏ប៉ុន្តែអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់ទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។ ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។

IV-ការធ្វើរោគវិនិច្ឆ័យ
ដោយសារតែរោគសញ្ញាមានភាពស្រដៀងគ្នារវាងជំងឺផ្សេងៗ នៅនឹងបាត ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការសាកសួរយ៉ាងល្អិតល្អន់គួបផ្សំនឹងការពិនិត្យយ៉ាងម៉ត់ចត់។ រោគសញ្ញាសំខាន់ៗរួមមាន៖
1- ឈឺចាប់ ឬ ក្រហាយផ្សាពេលកំពុង និងបន្ទាប់ពីបន្ទោបង់
2- មានឈាមពណ៌ក្រហមស្រស់បន្តិចបន្តួចតាមបាតពេលបន្ទោបង់
3- រមាស់ទ្វារលាមក

V-វិធីព្យាបាល
1-ការព្យាបាលដោយថ្នាំ

ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូស កាមរោគ របេង ។ល។)។ ហើយក៏មានថ្នាំលាបជួយឲ្យឆាប់សះ និងថ្នាំលេបបំបាត់ការឈឺចាប់។

2-ការវះកាត់
ការព្យាបាលអាចឈានទៅដល់ការវះកាត់ក្នុងករណី៖
1-ជំងឺរ៉ាំរ៉ៃមិនជាសះស្បើយ បន្ទាប់ពីការព្យាបាលដោយការប្រើថ្នាំ
2-ការដាច់រលាត់ដែលបង្ករោគ ឬក្លាយជាបូស 
3-មានរោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកបាត

VI-វិធីបង្ការកុំឲ្យកើតជំងឺនេះ
វិធីការពារ គឺការបរិភោគបន្លែផ្លែឈឺ ទឹកស្អាតឲ្យបានច្រើន និងហាត់ប្រាណ ដើម្បីបង្ការលាមករឹង ឬរាក។

សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕ 
ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖  017 55 33 17 / 070 55 33 17 / 066 55 33 17

ពាក្យទាក់ទង


មតិយោបល់


អត្ថបទទាក់ទង