ភ្ជាប់ទំនាក់ទំនងជាមួយកូនក្នុងផ្ទៃបានដោយរបៀបណា? 

កុំរង់ចាំដល់កូនរបស់អ្នកប្រសូតទើបអ្នកគិតថាអាចមានទំនាក់ទំនងគ្នាបាន។ នេះមានន័យថាទំនាក់ទំនងមួយនេះមានតាំងពីទារកមានលូតលាស់នៅក្នុងផ្ទៃរបស់អ្នកពីដើមមក។ ជាការភ្ញាក់ផ្អើលមួយ ជាមួយនឹងភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រផងនោះ បានបង្ហាញឲ្យអ្នកមើលឃើញថា ទារកទាំងអស់ដែលមិនទាន់កើត មិនមែនសុទ្ធតែអសកម្មនោះទេ។ តាំងពីដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ទារកចាប់ផ្តើមមានការពាក់ព័ន្ធផ្នែកសតិស្មារតីជាមួយមនុស្សជុំវិញ ជាពិសេសគឺម្តាយរបស់គេ។ ទារកមានសមត្ថភាពក្នុងការរៀន ចងចាំរាល់អ្វីដែលបានកើតឡើងលើពួកគេអំឡុងពេលនៅក្នុងផ្ទៃ។ 

មុខងាររបស់ស្បូនមិនត្រឹមតែផ្តល់ឲ្យទារកដែលមិនទាន់កើតនូវសារធាតុចិញ្ចឹមទាំងអស់នោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានអំពីពិភពលោកដែលពួកគេនឹងចូលមករស់នៅក្នុងពេលឆាប់ៗនេះផងដែរ ដូច្នេះ ទារកអាចដឹងពីក្តីស្រលាញ់ និងការព្រួយបារម្ភរបស់អ្នកតាំងពីនៅក្នុងផ្ទៃ ហើយវាក៏ជាប្រព័ន្ធដ៏ឆ្លាតវៃមួយដែលបង្កើតដោយធម្មជាតិរវាងម្តាយ និងទារក។ នេះ គឺជាគុណភាពសម្រាប់ជីវិតរបស់ទារកនៅក្នុងផ្ទៃ ហើយក្រោយមកវានឹងជះឥទ្ធិពលដល់សុខភាព និងអាកប្បកិរិយាជាយូរអង្វែងរបស់ទារកថែមទៀតផង។ ទារកចាប់ផ្តើមមានការអភិវឌ្ឍផ្នែកទំនាក់ទំនងជាមួយមនុស្សជុំវិញនៅដើមសប្តាហ៍ទី15នៃគភ៌ ដូចនេះ អ្នកគួរបង្កើតបរិយាកាសដែលមានអត្ថប្រយោជន៍ច្រើនបំផុតក្នុងអំឡុងពេលនោះផងដែរ។

១. ការសិក្សារបស់ទារកនៅក្នុងផ្ទៃ
 អ្នកសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងនេះបានបង្ហាញថា ទារកដែលនៅក្នុងផ្ទៃ បានសិក្សានូវពាក្យដែលបានលឺ និងចងចាំនូវពាក្យទាំងនោះ ហើយក៏ដើម្បីរំលឹកឡើងវិញក្រោយពេលគេបានកើតចេញមក។ ណាមួយវិញទៀត ក្រោយពេលម្តាយបាននិយាយជាមួយទារកក្នុងផ្ទៃជាប្រចាំ  ទារកអាចរៀនឆាប់ចេះរាល់ពាក្យសម្តីរបស់ម្តាយក្រោយកើត ឬការនិយាយជាមួយកូនក្នុងអំឡុងពេលបំបៅដោះផងដែរ។ 
 
២. អត្ថប្រយោជន៍នៃការទំនាក់ទំនងមុនសម្រាល
ម្តាយ និងឪពុកមានឱកាសដ៏អស្ចារ្ យដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនដែលមិនទាន់កើតរបស់ពួកគេនៅដំណាក់កាលនីមួយៗនៃការលូតលាស់សរីរាង្គរបស់ទារកក្នុងផ្ទៃ។ អ្នកមិនត្រឹមតែបង្កើតចំណងដ៏យូរអង្វែង និងជ្រាលជ្រៅជាមួយទារកនោះទេ ប៉ុន្តែក៏ដើម្បីបង្កើនការចងចាំរបស់ទារកដែលធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើប្រព័ន្ធសរសៃប្រសាទរបស់ពួកគេទៀតផង។ បន្ថែមពីចំណុចនេះ ម្តាយអាចមានភាពងាយស្រួលក្នុងការសម្រាលកូន សុខភាពរបស់ទារកល្អក្រោយសម្រាល និងមានសមត្ថភាពខ្ពស់ក្នុងការមើលឃើញ ស្តាប់ ការចងចាំ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយពួកគេជាប្រចាំមុនសម្រាល។ លើសពីនេះទៀត ម្តាយក៏មានទំនុកចិត្តច្រើនក្នុងការតួនាទីធ្វើជាឪពុកម្តាយក្រោយគេសម្រាលរួចដែរ។ 

៣. ឥទ្ធិពលរបស់ម្តាយលើទារកក្នុងផ្ទៃ
ការសិក្សាបានបង្ហាញថាកូនដែលមិនទាន់កើត រាល់ការភ្ញាក់ឬដេកលក់ ត្រូវបានប្រែប្រួលជានិច្ចទៅនឹងសកម្មភាពរបស់គំនិត និងអារម្មណ៍របស់ម្តាយ។ តាមរយៈសុក បានការដឹកនាំគ្រប់អារម្មណ៍ និងគំនិតល្អ ឬអាក្រក់របស់ម្តាយទៅកូនដែលមិនទាន់កើត ហើយវាបានជះឥទ្ធិពលទៅលើជាលិកាគោលដៅ និងសរីរាង្គផ្សេងៗទៅទារកក្នុងផ្ទៃផងដែរ។ ដូច្នេះហើយ ការអភិវឌ្ឍសរីរាង្គរបស់ទារក គឺអាស្រ័យលើសមាមាត្រសារធាតុចិញ្ចឹម (តាមចរន្តឈាមក្រោមការដឹកនាំសុក) អារម្មណ៍ ចិត្តគំនិតដែលពួកគេបានទទួលបានពីម្តាយ (ក្រោមការទំនាក់ទំនងរវាងម្តាយ និងកូន)។ ការឆ្លើយតបនឹងភាពតានតឹងរបស់ម្តាយ បណ្តាលឲ្យមានការថយចុះបរិមាណឈាមទៅចិញ្ចឹមសាច់ដុំធំៗ និងទៅតំបន់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ជាលទ្ធផល វាជាមូលហេតុនៃបញ្ហាផ្នែកច្នៃប្រឌិតរបស់ពួកគេ បូករួមជាមួយការថយចុះកម្រិតអ័រម៉ូន Cortisol ដែលជាអ័រម៉ូនសំខាន់នៃការលូតលាស់ខួរក្បាលរបស់ទារកទៀតផង។

៤. តើអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយកូនក្នុងផ្ទៃដោយរបៀបណា?
•អ្នកអាចជ្រើសរើសសៀវភៅសម្រាប់កុមារតូចៗមកអានក្នុងបរិយាកាសស្ងប់ស្ងាត់មួយ។រាល់ពាក្យ ឬអក្សរដែលអ្នកបានអាននឹងលឺដល់កូនរបស់អ្នក បើទោះបីគេនៅក្នុងផ្ទៃរបស់អ្នកនៅឡើយ។
• អ្នកអាចយកដៃមកអង្អែលពោះរបស់អ្នកថ្នមៗ ស្របពេលដែលអ្នកកំពុងស្តាប់តន្រ្តីប្រភេទស្ងប់ស្ងាត់ (Relaxing or Calming music)។ ជាការពិតណាស់ កូនក្នុងផ្ទៃអាចទទួលបានភាពកក់ក្តៅ និងការថ្នាក់ថ្នមយ៉ាងពេញលេញពីអ្នក។
• នៅក្នុងដំណាក់កាលទារកចេះកម្រើក ជាឱកាសមួយដែលអ្នកគួរយកចិត្តទុកដាក់បំផុត។ អ្នកគួរតែឧស្សាហ៍ប៉ះពេលគេកំពុងកម្រើក ដើម្បីជាការក្សាទំនាក់ទំនង ឬការផ្សាភ្ជាប់ជាមួយគេខាងផ្នែកអារម្មណ៍ និងចិត្តគំនិតបានយូរអង្វែរ។

នេះបង្ហាញថាកូនដែលមិនទាន់កើតអាចមានប្រតិកម្មទៅនឹងបរិយាកាស និងអាហារបំប៉នដែលបានទទួល។ វាក៏មានប្រតិកម្មទៅនឹងរបៀបនៃការគិតដែលឪពុកម្តាយយល់ឃើញចំពោះបរិស្ថានជុំវិញ និងបានបញ្ជូនពត៌មានទាំងនោះតាមរយៈសុកទៅទារក។ ការបកស្រាយនេះបញ្ជាក់ថា ទារកមានការចូលរួមក្នុងទំនាក់ទំនងសតិអារម្មណ៍ មិនមែនត្រឹមតែជាអ្នកត្រៀមកើតចេញជាសមាជិកថ្មីនោះឡើយ៕

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ពាក្យទាក់ទង


មតិយោបល់