រើសកន្លែងព្យាបាលមិនដូចរើសកន្លែងធ្វើការ ឬសិក្សាឡើយ ព្រោះវាពាក់ព័ន្ធនឹងជីវិត!!!

()
2506
ដោយ : Clinic Community

ខ្ញុំមានបញ្ហាចង្កេះ និងឆ្អឹងកង គឺ «ការលៀនទ្រនាប់ឆ្អឹងកង ឬឌីស ប៉ះជាមួយនឹងសរសៃជើងខាងស្ដាំ»ដែលខ្ញុំបានចំណាយពេលជិត១ឆ្នាំ ដើម្បីតស៊ូព្យាបាលជំងឺមួយនេះ។ វាមានរឿងរ៉ាវជាច្រើនដែលជាបទពិសោធន៍ និងការឈឺចាប់ដែលខ្ញុំបានឆ្លងកាត់ជាមួយជំងឺមនុស្សចាស់នេះ…

ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧…
ខ្ញុំចាប់ផ្តើមឈឺចង្កេះ និងខ្នងខ្លាំង ហើយក៏ក្ដៅខ្លួនខុសពីធម្មតា…ចង្កេះកាន់តែឈឺឡើងៗ ហើយខ្ញុំក៏បានទៅពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ហើយលទ្ធផលចេញមក គឺទ្រនាប់ឆ្អឹង ឬឌីស នៃឆ្អឹងកងចុងក្រោយរបស់ខ្ញុំ លៀនចេញមកខាងក្រៅបន្តិច។ វាគឺជាជំងឺដែលភាគច្រើនកើតឡើងតែលើមនុស្សវ័យចំណាស់ ដែលមានអាយុ៤០ឆ្នាំឡើង តែខ្ញុំទើបតែអាយុ២៣ឆ្នាំទេ បែរជាខ្ញុំមានជំងឺនេះ.... 

មិនដឹងនិយាយអ្វី មិនដឹងខ្លួនឯងកំពុងគិតអ្វី…ដឹងត្រឹមថាបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតខុសពីធម្មតា…អារម្មណ៍ហាក់បីដូចជាធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏ភិតភ័យមិនតិចនោះដែរ…ក្រោយការស្តាប់ពីការរៀបរាប់របស់ខ្ញុំ  លោកវេជ្ជបណ្ឌិតក៏បានសន្និដ្ឋានថា «បញ្ហានេះ គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬលើកខុសទំនង»… ដំណឹងក៏បានលឺដល់លោកម្តាយឪពុកខ្ញុំ និងក្រុមគ្រួសារ ហើយប្រាកដណាស់គឺពួកគាត់ពិតជាបារម្ភពីខ្ញុំមែនទែន។ 

ព្រោះតែមិនចង់អង្គុយលើរទេះរុញ ឬដេកលើគ្រែមួយកន្លែង ខ្ញុំក៏ត្រូវប្រែក្លាយពីមនុស្សមាឌធំកម្លាំងខ្លាំង ដែលធ្លាប់លើក និងលីសែងរបស់ធ្ងន់ៗបានតែម្នាក់ឯង មកប្រែជាមនុស្សម្នាក់ដែលមិនអាចលើករបស់ដែលមានទំងន់២០គីឡូក្រាមបាន…

និយាយពីប្រវត្តិនៃការព្យាបាលវិញ គឺមានច្រើនគួរសម…ហើយក៏ត្រូវចំណាយពេលមិនតិចដែរ ទម្រាំតែទទួលបានការព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព…
 
ដំបូង ខ្ញុំបានទៅធ្វើការម៉ាស្សាសម្រួលសរសៃដោយជនពិការភ្នែកជារៀងរាល់ខែ…ហើយក៏ធ្លាប់ទៅសាកល្បងទទួលការព្យាបាលដោយការប្រើប្រាស់ឧបករណ៍ម៉ាស្សាបច្ចេកវិទ្យាចិន តាមការផ្សព្វផ្សាយ ដែលតម្រូវឲ្យប្រើប្រាស់ថ្នាំឱសថបុរាណពីប្រទេសចិនជាច្រើនលាយគ្នា ដោយមិនដឹងថាមានប្រភពមកពីណា?ចំរាញ់ពីអ្វីខ្លះ? មិនដឹងថាមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬអត់? ខ្ញុំក៏បោះបង់វាចោល…

ក្រោយមក ក៏សម្រេចចិត្តព្យាបាលដោយធ្វើការម៉ាស្សាជាមួយនឹងឧបករណ៍ម្យ៉ាងដែលយកមកឈ្លីម្តុំឆ្អឹងកង និងចង្កេះខ្ញុំ តែហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ហើយខ្ញុំក៏មិនទៅទីនោះម្តងទៀតដែរ…

ពាក់កណ្តាលខែមីនា ឆ្នាំ២០១៧...
ជាវេលាដែលត្រូវបន្តការសិក្សានៅប្រទេសថៃ ហើយក៏គិតថាខ្ញុំនឹងអាចមានឱកាសបន្តការព្យាបាលឆ្អឹងខ្នងរបស់ខ្ញុំនៅទីនោះផងដែរ។ កាលនោះ ចាំបានថា…ពីផ្នែកខាងស្តាំនៃចង្កេះរបស់ខ្ញុំ ដល់ចុងជើងខាងស្តាំ តែងតែមានអាការៈឈឺចុករោយជាខ្លាំង មិនថាពេលអង្គុយរៀន ឬពេលគេងរាបស្មើឡើយ…ខ្ញុំក៏បានសាកការម៉ាស្សាតាមបែបបុរាណថៃ ដែលបានសម្រួលសរសៃ និងផ្តល់ការធូរស្រាលបានមួយគ្រា តែពេលមិនបានសម្រួលសរសៃ វានៅតែឈឺដដែល…

មិនអស់ចិត្ត ខ្ញុំក៏បានសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យរដ្ឋមួយនៅខេត្តឧប៊ុនរាជធានី ហើយលទ្ធផល គឺដូចហ្នឹងអ្វីដែលវេជ្ជបណ្ឌិតនៅខ្មែរបានប្រាប់ខ្ញុំ គឺ«លៀនទ្រនាប់ឆ្អឹង»។ នៅទីនោះ…ខ្ញុំត្រូវទទួលទានថ្នាំផង និងព្យាបាលដោយចលនា ដោយប្រើម៉ាស៊ីនផង។ ទោះបីជាទទួលការព្យាបាលជាមួយនឹងវិធីសាស្រ្តជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែឈឺចាប់ដដែល ហើយថ្នាំដែលប្រើប្រាស់ គឺជាថ្នាំបំបាត់ការឈឺចាប់តែប៉ុណ្ណោះ…

ពេលខ្លះខ្ញុំដេកឈឺចុកចាប់តាមសរសៃជើងម្នាក់ឯងសឹងដល់ថ្នាក់យំ ពេលខ្លះទៀត សរសៃជើងខាងស្តាំខ្ញុំទាញរមួល សឹងខ្ញុំដើរពុំបាន។ ពេលខ្ញុំទៅណាមកណា ខ្ញុំត្រូវពាក់ខ្សែរឹបចង្កេះ ដើម្បីទប់លំនឹងខ្លួនខ្ញុំ។ បើគ្មានខ្សែរឹបចង្កេះទេ ដំណើររបស់ខ្ញុំគឺកោងដូចមនុស្សចាស់ ហើយពេលអង្គុយក្នុងរថយន្ត ខ្ញុំនឹងមានការឈឺចាប់អង្គុយពុំបានយូរឡើយ… 

អ្វីដែលខ្ញុំខ្លាចបំផុត គឺខ្ញុំខ្លាចខ្ញុំដេកមួយកន្លែង ឬអង្គុយលើរទេះរុញ អស់មួយជីវិត…ខ្ញុំខ្លាច ខ្លួនខ្ញុំនឹងធ្លាក់ខ្លួនពិការ ដើរពុំបាន ដូចមុន ហើយខ្ញុំមានកិច្ចការជាច្រើនដែលទាមទារឲ្យខ្ញុំដើរគ្រប់ទីកន្លែងដើម្បីធ្វើ ហើយក៏បារម្ភពីឪពុកម្តាយ គ្រួសារខ្ញុំ ព្រោះពួកគាត់បារម្ភនឹងបញ្ហាសុខភាពខ្ញុំខ្លាំងណាស់…

ថ្ងៃមួយនោះ…ពេលទៅលេងផ្ទះនៅបាត់ដំបង
ល្ងាចឡើងខ្ញុំតែងតែទៅធ្វើការម៉ាស្សាសម្រួលសរសៃ នៅកន្លែងម៉ាស្សាជនពិការមួយ ហើយគាត់ក៏បានណែនាំពី គ្រូពេទ្យម្នាក់នៅស្រុកម៉ាឡៃ ដែលបានព្យាបាលអ្នកដែលមានជំងឺ និងអាការៈដូចខ្ញុំជាច្រើននាក់ហើយ ដោយធ្វើការចាប់សរសៃ។ 

មិនបង្អង់យូរ ខ្ញុំក៏បានទៅជួបគាត់ដូចបំណង ហើយដំបូងខ្ញុំគិតថា ប្រហែលជាគាត់គ្រាន់តែជាគ្រូចាប់សរសៃធម្មតាម្នាក់ ព្រោះគាត់គឺជាអតីតជំនួយការវេជ្ជបណ្ឌិតជនជាតិចិន នាសម័យរបបខ្មែរក្រហម…

គាត់ឲ្យខ្ញុំដេកក្រាបលើគ្រែ រួចស្ទាបចង្កេះ និងឆ្អឹងខ្នងរបស់ខ្ញុំ  ហើយក៏អាចដឹងថាសរសៃណាមួយរបស់ខ្ញុំគាប់នឹងទ្រនាប់ឆ្អឹង ដោយគ្រាន់តែយកមេដៃរបស់គាត់លុញ និងចុចកន្លែងដែលសរសៃរីកធំ ខ្ញុំក៏មានអារម្មណ៍ស្រាលខ្លួន និងកំរើកជើងខាងស្ដាំបានដោយមិនមានការឈឺចាប់ដូចមុន។ ខ្ញុំបានទៅឲ្យគាត់ព្យាបាលតែ៧ថ្ងៃជាប់គ្នា ហើយខ្ញុំក៏បានធូរស្រាលច្រើនជាងមុន…
 
នាពេលនេះ អាចនិយាយបានថាធូរស្រាលបានជាង៨០ភាគរយហើយ។ ខ្ញុំលែងពាក់ខ្សែរឹបចង្កេះទប់លំនឹង លែងងើបដោយឈឺចាប់ចង្កេះ អាចអង្គុយរៀនបានយូរ អាចគេងលើពូកបានដោយគ្មានការឈឺចាប់ លែងដើរដំណើរកោងខ្នង និងទប់ចង្កេះដូចមុនហើយ…ខ្ញុំដូចជាប្រែក្លាយជាមនុស្សថ្មីម្តងទៀតអញ្ចឹង…

សូមកុំលើករបស់របរធ្ងន់ៗពេក ឬលើកខុសបច្ចេកទេសអី!!! សូមលើករបស់របរទាំងនោះ ដោយមានគ្នាចូលរួមលើក និងលើកឲ្យមានបច្ចេកទេសត្រឹមត្រូវ នោះអ្នកទាំងអស់គ្នា នឹងពុំអាចមានជំងឺលៀនទ្រនាប់ឆ្អឹងដូចខ្ញុំទេ…

ខ្ញុំពុំមានអ្វីនិយាយក្រៅពី ពាក្យថា “តស៊ូ និងកុំបាក់ទឹកចិត្ត” និងត្រូវសិក្សាស្វែងរកព័ត៌មានឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តព្យាបាលនៅកន្លែងណាមួយនោះ។ បើយើងសម្រេចចិត្តភ្លាមៗ ពុំមានការពិចារណាឲ្យបានច្បាស់លាស់ ឬពុំបានប្រឹក្សាជាមួយអ្នកមានជំនាញ ឬមានបទពិសោធន៍ នោះយើងអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន ព្រោះថា នេះមិនមែនជាការដាក់ពាក្យធ្វើការងារ ឬការបន្តការសិក្សាឡើយ នេះគឺជាការព្យាបាលដែលពាក់ព័ន្ធនឹងអាយុជីវិត!!!

-------------------
ខាងលើនេះជារឿងពិតនៃប្រិយមិត្តអ្នកអានម្នាក់ដែលបានចូលរួមចែករំលែកដល់អ្នកអានដទៃទៀត ជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរដែលអាចនឹងប៉ះទង្គិចដល់សុខភាពផ្លូវចិត្ត…

សង្ឃឹមថាអ្នកនឹងអាចរឹងមាំ និងតស៊ូ ដើម្បីសុខភាពរបស់ខ្លួនដូចជាគាត់ដែរ!!!

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Eng Sinvichka
You r great... Stay strong as always!!!
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧