បុរសគួរដឹងអ្វីខ្លះ ពីសុខភាពរបស់ខ្លួន?

(2)
513
ដោយ : Clinic Community

រូបរាងកាយរបស់បុរសហាក់ដូចជាមានភាពរឹងមាំជាងស្រ្តី បើមើលពីរូបរាងខាងក្រៅទៅ ប៉ុន្តែប្រសិនបើសម្លឹងមើលឲ្យឌិតដល់ទៅ ហើយនិយាយពីសុខភាពវិញ គឺថាបុរសហាក់ដូចជាមានភាពព្រងើយកន្តើយច្រើនជាងមិត្តនារីទៅវិញ។ មិនដឹងថាមកពីមូលហេតុអ្វីដែរ ប៉ុន្តែពួកគេកម្រនឹងទៅរកពិគ្រោះ ឬជួបជាមួយនឹងគ្រូពេទ្យជំនាញណាស់ ស្របពេលដែលបែបផែននៃការរស់នៅរបស់ពួកគេក៏មិនសូវជាល្អប្រពៃប៉ុន្មានដែរ។ ជាក់ស្តែង យុវជនសម័យថ្មីភាគច្រើនអាចនឹងទទួលទានគ្រឿងស្រវឹង និងប្រលូកនឹងសកម្មភាពមួយចំនួនដែលនាំឲ្យជីវិតរបស់ពួកគេប្រឈមនឹងបញ្ហាសុខភាពផងដែរ។ ខាងក្រោមនេះ ហេលស៍ថាម បានធ្វើការបកស្រាយនូវចម្ងល់មួយចំនួន ដែលបុរសគួរស្វែងយល់ និងយកចិត្តទុកដាក់ ៖

តើបញ្ហាសុខភាពបុរសអ្វី ជាកង្វល់ចម្បងជាងគេ?
ទោះបីជាគម្លាតនៃអាយុសង្ឃឹមរស់របស់ស្រ្តី និងបុរសមានការថយចុះក៏ពិតមែន ប៉ុន្តែស្រ្តីនៅតែមានអាយុសង្ឃឹមរស់ដល់ទៅ5.2ឆ្នាំយូរជាងបុរសដដែល។ គម្លាតមួយនេះ គឺបណ្តាលមកពីមូលហេតុមួយចំនួនដែលទាក់ទិនទៅនឹងទម្លាប់នៃការរស់នៅរបស់បុរស ដែលក្នុងនោះរួមមានដូចជា ការជក់បារី និងការទទួលទានគ្រឿងស្រវឹងច្រើនជាងស្រ្តី។ ផ្ទុយទៅវិញ ពួកគេមានការខ្វល់ខ្វាយពីសុខភាពរបស់ខ្លួនតិចជាងស្រ្តីទៅវិញ។ ម្យ៉ាងវិញទៀត ក៏មានបញ្ហាសុខភាពមួយចំនួនដែលកើតមានចំពោះតែបុរសផងដែរ ដូចជា មហារីកក្រពេញប្រូស្តាត មហារីកពងស្វាស កម្រិតតេស្តូតេរ៉ូន ជាដើម។ បុរសខ្លះទៀតក៏មានការមមាញឹកនឹងការងារច្រើន ជាហេតុបង្កឲ្យមានបញ្ហាស្រ្តេសជាបន្តបន្ទាប់។
 
ហេតុអ្វីបានជាបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តី?
បុរសតែងប្រឈមនឹងបញ្ហាសុខភាពមួយចំនួនពេលដែលឈានចូលវ័យចំណាស់ ហើយស្រ្តីក៏ដូចគ្នាដែរ។ ប៉ុន្តែការស្រាវជ្រាវកន្លងមកបានបង្ហាញថា បុរសងាយប្រឈមនឹងជំងឺច្រើនយ៉ាងនៅវ័យក្មេងច្រើនជាងស្រ្តី។ មូលហេតុពីក្រោយការពិតនេះ អាចមកពីកត្តាអ័រម៉ូន តំណពូជ និងទម្លាប់នៃការមិនសូវគិតគូរដល់ការថែទាំសុខភាពរបស់ខ្លួន។ លើសពីនេះទៅទៀត ៖
•បុរសចំណាយតិចទៅលើការថែទាំសុខភាព
•បុរសទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីបង្ការបញ្ហាសុខភាពមិនញឹកញាប់ដូចស្រ្តី
•បុរសបម្រើការងារផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ជាងស្រ្តី ដូចជា ផ្នែកដោះមីន ផ្នែកពន្លត់អគ្គីភ័យ ផ្នែកសំណង់ ។ល។
•របៀបរស់នៅប្រចាំថ្ងៃមិនអំណោយផលដល់សុខភាព ហើយក៏មានការប្រឈមខ្ពស់នឹងហានិភ័យ ជាពិសេសក្នុងវ័យជំទង់។
 
តើបុរសគួរធ្វើបែបណាទើបឲ្យខ្លួនមានសុខភាពរឹងមាំ និងចាកឆ្ងាយពីជំងឺផងទាំងពួង?
បុរសពេលដែលចាប់ផ្តើមចម្រើនវ័យ ចាំបាច់ត្រូវមានការប្រឹងប្រឹងបន្ថែម ដើម្បីធានាបានសុខភាពរឹងមាំល្អ។ ពួកគេចាំបាច់ត្រូវយកចិត្តទុកដាក់លើរបបអាហារដែលត្រូវទទួលទាន ការធ្វើលំហាត់ប្រាណ និងការជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ត្រូវចងចាំថា «របៀបរស់នៅដែលមានរបៀបរៀបរយ និងជាដើមទងនៃសុខភាពរឹងមាំ ហើយក៏ជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការកាត់បន្ថយការប្រឈមនឹងការវិវឌ្ឍជាបញ្ហាសុខភាពផ្សេងៗ។ ហេតុនេះហើយ បុរសគួរតែ ៖
•ធ្វើជាអ្នកទំនុកបម្រុងសុខភាពរបស់ខ្លួនឯងផ្ទាល់
•បង្រៀនខ្លួនឯងអំពីរបៀបរស់នៅដែលត្រឹមត្រូវ
•ទទួលទានរបបអាហារដែលទ្រទ្រង់សុខភាព
•រស់នៅដោយធ្វើជាមនុស្សម្នាក់ដែលសកម្ម
•រក្សាទម្ងន់ឲ្យបានស្ថិតក្នុងកម្រិតមួយដែលមើលទៅជាមនុស្សមានសុខភាពល្អ
•ពិនិត្យសុខភាពឲ្យបានទៀងទាត់
•ចាក់វ៉ាក់សាំងដែលចាំបាច់
•គ្រប់គ្រងស្រ្តេស
•ស្វែងយល់ពីប្រវត្តិជំងឺរបស់សមាជិកគ្រួសារ
•ចៀសវាងការជក់បារី
•    ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមិនហួសហេតុពេក។

តើមានការពិនិត្យសុខភាពអ្វីខ្លះ ដែលបុរសអាចធ្វើបានដោយមិនចាំបាច់ទៅជួបជាមួយគ្រូពេទ្យ?
ជាទូទៅ បុគ្គលម្នាក់ៗគួរតែធ្វើការពិនិត្យសុខភាពរបស់ខ្លួនជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យសុខភាពកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃការស្លាប់ ឬពិការក្នុងវ័យក្មេង ប៉ុន្តែក៏មានការពិនិត្យ៤ចំណុចដែលបុរសអាចធ្វើបានដោយខ្លួនឯង ក្នុងនោះមាន ស្បែក ពងស្វាស មាត់ និងសុដន់។ ការពិនិត្យគួរធ្វើឡើងជាប្រចាំ ឆ្លាស់គ្នាទៅនឹងការទៅពិនិត្យជាមួយនឹងគ្រូពេទ្យ ហើយក្រុមបុរសដែលមិនគួរមើលរំលងចំណុចនេះ គឺបុរសដែលមានគ្រួសារមានប្រវត្តិជំងឺផ្សេងៗ។

តើសុខភាពក្រពេញប្រូស្តាតមានសារសំខាន់អ្វីខ្លះចំពោះបុរស? 
បញ្ហាសុខភាពនៃក្រពេញប្រូស្តាតជាអ្វីដែលបុរសគួរយល់ដឹង ប៉ុន្តែគួរឲ្យស្តាយបុរសភាគច្រើនបែរជាមិនបានដឹងលឺពីវាទៅវិញ។ វាជាក្រពេញដែលមានផ្លែវាល់ណឹត(Walnut) ដែលបង្កើតរូបរាងនៃប្រដាប់បន្តពូជរបស់បុរស។ ក្រពេញនេះផ្គុំឡើងដោយកំពកពីរ ដែលត្រូវបានរុំព័ទ្ធដោយស្រទាប់ខាងក្រៅនៃជាលិកា។ ក្រពេញប្រូស្តាតនេះមានទីតាំងស្ថិតនៅក្នុងផ្នែកខាងមុខនៃរន្ធគូថ និងខាងក្រោមប្លោកនោមដែលជាកន្លែងដែលទឹកនោមត្រូវបានរក្សាទុក។ វានៅព័ទ្ធជុំវិញរន្ធនោម ដែលជាបំពង់ដែលទឹកនោម និងទឹកកាមធ្វើដំណើរចេញពីរាងកាយ។ ប្រូស្តាតមានតួនាទីច្របាច់អង្គធាតុរាវទៅក្នុងរន្ធនោម ដើម្បីផលិតទឹកកាមដែលធ្វើចលនាពេលដែលរួមពេលដល់ចំណុចកំពូល។ បុរសច្រើនជាង៣០លាននាក់ មានបញ្ហាក្រពេញប្រូស្តាតដែលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃជីវិតរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ មានបុរសជាង១៨៦,០០០នាក់ ធ្វើការរោគវិនិច្ឆ័យឃើញថាមានមហារីកក្រពេញប្រូស្តាត ហើយក៏មាន២៩,000នាក់ នឹងស្លាប់ដោយសារជំងឺនេះ។ យ៉ាងណាមិញ លក្ខខណ្ឌទាំងនេះអាចនឹងត្រូវបានព្យាបាលបានក្នុងដំណាក់កាលដំបូង។

ប្រសិនបើមានចម្ងល់បញ្ហាសុខភាព តើគួរបែបណា?
សុខភាពល្អមិនសំដៅលើតែការមិនមានជំងឺនោះទេ វាជាផ្នែកមួយនៃរបៀបរស់នៅប្រចាំថ្ងៃ មិនថាជាការគេងលក់ស្កប់ស្កល់ និងគ្រប់គ្រាន់ ការសម្រាកបន្ទាប់ពីបញ្ហាស្រ្តេសពេញមួយថ្ងៃ ឬការកម្សាន្តនឹងកិច្ចការដែលខ្លួនចូលចិត្តនោះឡើយ។ ពេលខ្លះ អ្នកត្រូវឈានមួយជំហានថយក្រោយ និងសម្រាកបន្តិច ដើម្បីរក្សាលំនឹងនៃការងារ ការងារផ្ទះ និងការកម្សាន្ត។ ដំបូង អ្នកគួរមានបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាសុខភាពណាម្នាក់ ដើម្បីងាយស្រួលធ្វើការទាក់ទង និងពិគ្រោះពីស្ថានភាពនៃសុខភាពរបស់ខ្លួនអ្នក។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកព័ត៌មានជាច្រើនទៀតដែលមាននៅក្នុងប្រព័ន្ធអ៊ីនធឺណែត ប៉ុន្តែអ្នកចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះអាចនឹងមានព័ត៌មានដែលអាចទុកចិត្តបាន និងព័ត៌មានខ្លះដែលត្រូវបានបង្ហោះ ដើម្បីតែផលប្រយោជន៍បុគ្គលប៉ុណ្ណោះ។ ដូចនេះ អ្នកត្រូវមានភាពឆ្លាតវៃក្នុងការស្វែងរកប្រភពព័ត៌មាននៃសុខភាព។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧