ឪពុកម្តាយគួរត្រៀមអ្វីខ្លះសម្រាប់កូននៅមុនថ្ងៃចូលរៀនដំបូង?

()
29
ដោយ : Clinic Community

មាតាមួយចំនួនហាក់បីដូចជាមានកង្វល់ក្នុងការត្រៀមខ្លួនឲ្យបុត្រាបុត្រីរបស់ខ្លូនសម្រាប់ការបើកទំព័រនៃការសិក្សាជាពិសេសចំពោះបុត្រដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកមិនចាំបាច់ព្រួយបារម្ភច្រើននោះឡើយ អ្នកអាចធ្វើចិត្តឲ្យសប្បាយរីករាយ ហើយសាកល្បងជាមួយនឹងវិធីសាស្រ្តដូចខាងក្រោម ៖
-សាកសួរទឹកចិត្តកូន ៖
ដោយសារតែការចូលរៀនជាលើកដំបូងនឹងមានផលប៉ះពាល់ច្រើនទៅលើកូនរបស់អ្នក ដូច្នេះហើយអ្នកត្រូវធ្វើការសាកសួរពួកគេជាមុនសិនថាតើពួកគេបានត្រៀមចិត្តរួចឬនៅសម្រាប់ការទៅសាលារៀន? អ្នកអាចនិយាយលួងលោមពួកគេដោយរៀបរាប់ពីចំណុចល្អៗនៅក្នុងសាលារៀន ឬ ចែករំលែកបទពិសោធន៍ជាគម្រូដល់ពួកគេផងដែរ។
-ជ្រើសរើសសាលារៀន ៖ ប្រសិនបើបុត្ររបស់លោកអ្នកយល់ព្រមហើយ អ្នកអាចចាប់ផ្តើមធ្វើការស៊ើបរកមើលសាលារៀនណាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និង ប្រកបដោយផាសុកភាពដែលអ្នកគិតថាកូនរបស់អ្នកនឹងអាចទទួលយកបាន ព្រោះថាទិដ្ឋភាពនៅក្នុងសាលាទីមួយរបស់គេអាចនឹងបន្សល់នូវសុបិន្តល្អ ឬ អាក្រក់នៅក្នុងការចងចាំរបស់ពួកគេ។
-ស្គាល់សាលារៀន ៖ អ្នក និងកូនគួរតែរៀនសូត្រពីស្ថានភាពក៏ដូច ជាស្គាល់ពីទីតាំងផ្សេងៗនៅក្នុងបរិវេណសាលាឲ្យហើយ។
-ត្រៀមសម្ភារៈសិក្សា ៖ លោកអ្នកចាំបាច់ត្រូវទិញសម្ភារៈសិក្សាឲ្យកូនឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងទម្លាប់មិនល្អទៅថ្ងៃក្រោយ ហើយអ្នកក៏គួរតែបង្រៀនពួកគេឲ្យស្គាល់ពីរបៀបប្រើ ប្រាស់ផងដែរ។
-ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ ៖ ព្យាយាមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះឲ្យស្រដៀងនឹងនៅក្នុងសាលារៀន ដើម្បីផ្សាំទៅនឹងស្ថានភាពជាក់ស្តែងដែលកូនអ្នកនឹងជួបប្រទះ។ អ្នកក៏ត្រូវបង្ហាត់បង្ហាញពួកគេអំពីកិច្ចការមួយចំនួនដែលគេត្រូវធ្វើដោយខ្លួនឯងដែរ ដូចជាការពាក់ ឬ ដោះស្បែកជើង ការបត់ជើងជាដើម។
-ធ្វើជាគម្រូល្អ ៖ ដោយសារតែលោកអ្នកជាមនុស្សដែលមានឥទ្ធិពលទៅលើពួកគេជាងគេ អ្នកត្រូវតែធ្វើជាគម្រូល្អដល់ពួកគេជានិច្ច មិនថាការនិយាយស្តី ការបរិភោគអាហារនោះឡើយ។ អ្នកត្រូវចាំក្នុងចិត្តថា ក្មេងប្រៀបបាននឹងក្រដាសសស្អាតមួយសន្លឹកអញ្ចឹង អ្នកគប្បីផ្តល់នូវ សោភ័ណភាពស្រស់ស្អាតនៅលើក្រដាសមួយនោះ។
-កុំដាក់សម្ពាធដល់កូន ៖ ដោយហេតុថាកូនរបស់អ្នកនៅក្មេងនៅឡើយ អ្នកមិនត្រូវរំពឹងថាគេអាចនឹងឆាប់សម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ធំនេះឡើយ។ ដូចគ្នាចំពោះការនិយាយណែនាំពួកគេផងដែរ ជំនួសឲ្យការនិយាយប្រដៅវែងឆ្ងាយ អ្នកគួរតែលើកយកឧទាហរណ៍នៅក្នុងសៀវភៅរឿងតុក្កតាផ្សេងៗ ហើយបញ្រ្ជាបគតិរឿងនោះដោយនិយាយដោយងាយៗ។
-បង្រៀនកូនបន្ថែម ៖ ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ ក្នុងនាមជាឪពុកម្តាយអ្នកអាចបង្កើតទម្លាប់ដ៏ល្អមួយ ដោយធ្វើការអានសៀវភៅអប់រំកុមារខ្លីៗដែលមានលាយឡំជាមួយនឹងរូបគំនូរដែលអាចឲ្យកូនអ្នកមើលយល់ទុកសម្រាប់ឲ្យកូនអ្នកស្តាប់នៅមុនពេលចូលគេង។
-បម្រុងប្រយ័ត្ន ៖ ចំពោះក្មេងសម័យបច្ចុប្បន្ន  ភាគច្រើនគឺ សុទ្ធតែចេះចុចទូរស័ព្ទទំនើបរបស់ឪពុកម្តាយរបស់ខ្លួនដោយយ៉ាងហោចណាស់ក៏ចេះលេងហ្គេមដែរ។ ចំពោះចំណុចនេះ អាចជារឿងល្អមួយដែលអាចបង្កើនភាពវៃឆ្លាតដល់កូនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបណ្តោយ ឲ្យគេប្រើប្រាស់ក្នុងរយៈពេលយូរពេកនោះដែរ។
-ផ្តល់កម្លាំងចិត្តដល់កូន ៖ ដើម្បីជាការលើកទឹកចិត្តដល់កូនរបស់អ្នក អ្នកអាចធ្វើការព្រមព្រៀងជាមួយពួកគេដូចជា ប្រសិនបើគេទទួលបានចំណាត់ថ្នាក់ល្អ អ្នកអាចនឹងជូនជាកាដូលើកទឹកចិត្តខ្លះៗ តាមដែលគេចង់បាន ឬ នាំគេទៅដើរកំសាន្តនៅរមណីយដ្ឋានក៏បាន។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧